នៅមិនប៉ុន្មានថ្ងៃទៀតទេដែលការប្រកួត Youth Friendship Festival Singapore Music Competition ដែលជាកម្មវិធីប្រកួតប្រជែងផ្នែកតូរ្យតន្ត្រីលំដាប់អន្តរជាតិធំមួយបង្កើតឡើងដោយប្រទេស Singapore នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 02ខែធ្នូ ឆាប់ៗខាងមុខនេះដើម្បីស្វែងរកម្ចាសមេដាយមាសផ្នែកឧបករណ៍ភ្លេង និង តន្ត្រីករឆ្នើមមកពីបណ្ដាប្រទេសអាស៊ីដែលនឹងមកចូលរួម។ ក្នុងនោះ Srornos Music School ដែលត្រូវបានគេស្គាល់ថាជាកន្លែងបណ្ដុះបណ្ដាលឈានមុខគេផ្នែកតន្ត្រី Classic ប្រចាំប្រទេសកម្ពុជា ក៏មានកិត្តិយសនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចូនសិស្សឆ្នើមៗរបស់ខ្លួនឱ្យទៅបញ្ចេញសម្ថភាពប្រកួត និង បង្ហាញឱ្យអន្តរជាតិបានឃើញពីសម្ថភាពដ៏ប៉ិនប្រាសព្វរបស់កូនសិស្សខ្លួននៅលើឆាកដ៏ធំមួយនេះផងដែរ។
លោក សូរ ស្រណោះ អ្នកឯកទេសផ្នែកតូរ្យតន្ត្រី បានថ្លែងនៅក្នុងកម្មវិធី Dress Rehearsal ដែលរៀបចំឡើងដោយ សាលា ស្រណោះតន្ត្រីផ្ទាល់ កាលពីថ្ងៃទី 27 ខែវិច្ឆិការ ថ្មីៗនេះថា « នៅក្នុងឆ្នាំនេះ ស្រណោះតន្ត្រី នឹងបញ្ចូនកូនសិស្សរបស់សាលាខ្លួនចំនួន 21រូប ក្នុងនោះរួមមានទាំងកូនសិស្សវ័យជំទង់ និង ប្អូនៗកុមារ៉ា កុមារី ផ្នែកលេង Piano ចំនួន20រូប និង ផ្នែក Guitar 1រូបផងដែរ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Youth Friendship Festival Singapore Music Competition ដ៏ធំ ដែលនឹងប្រាព្ធធ្វើឡើងនៅថ្ងៃទី02ខែធ្នូ ខាងមុខនេះ។
បន្ទាប់ពីចំណាយពេលហាត់សមបម្រុងទុកមុនជាង4ខែមកនេះលោកមើលឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃលោកសង្កេតឃើញថាការវិវត្តិន៍ខ្លួនរបស់កូនសិស្សរបស់លោកកាន់តែល្អឡើងៗ និង ម្នាក់ៗកាន់តែមានភាពជឿជាក់ ស្វាហាប់ជាងមុន ទោះនៅមិនទាន់ Perfect 100% តែលោកសង្ឃឹមថាទម្រាំដល់ថ្ងៃប្រកួត ពួកគេនឹងពង្រឹងស្មារតីឱ្យបានកាន់តែរឹងមាំ និង ល្អជាងមុនសម្រាប់ត្រៀមខ្លួននៅលើឆាកប្រកួតផងដែរ។ ដូច្នេះហើយទើបលោកបង្កើតកម្មវិធីនេះឡើងដើម្បីជួបជុំជាមួយនឹងអាណាព្យបាលរបស់សិស្ស ចូលរួមមើលការសម្ដែងរបស់កូនៗ ក៏ដូចជាជួយស្ទាបស្ទង់មើលពីសម្ថភាពរបស់ប្អូនៗដែលជាបេក្ខភាពដែលនឹងត្រូវចេញទៅប្រកួត រួចកែតម្រូវពីចំណុចខ្វះខាតរបស់ប្អូនៗជាមុន ដើម្បីត្រៀមខ្លួនឱ្យរួចរាល់ កុំឱ្យមានឧបសគ្គមុននឹងឈានជើងទៅប្រកួតលើឆាកអន្តរជាតិ។
លោកបន្ថែមថា លោកពិតជាមានក្ដីរំភើប និង ស្ងើចសរសើរ ព្រមទាំងមានមោទនភាពចំពោះប្អូនៗដែលមានការតាំងចិត្តយ៉ាងល្អនៅក្នុងវិស័យមួយនេះព្រមទាំងខិតខំហ្វឹកហាត់ទាំងក្នុងសាលា និង ដោយផ្ទាល់ខ្លួនឯងដើម្បីប្រាកដខ្លួនជ្រៀតចូលទៅក្នុងវិស័យតូរ្យតន្ត្រីទាំងវ័យក្មេង និង មានចក្ខុវិស័យក្លាយទៅជាតន្ត្រីករមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ ដែលនេះគឺជាអ្វីដែលលោកចង់ឃើញក្រោមសម្មិទ្ធិផលនៃការបង្ហាត់បង្រៀនរបស់លោក គឺឱ្យពួកគេបានចេះចាំស្ទាត់នូវវិជ្ជានេះ និង ក្លាហានហ៊ានដឹកនាំខ្លួនឆ្ពោះទៅសង្គមខាងក្រៅ ដូចទៅនឹងការហ៊ានស្នើរខ្លួនទៅប្រកួតលើឆាក Youth Friendship Festival Singapore Music Competition នេះឯង ហើយលោកក៏ត្រៀមខ្លួនរួចរាល់ក្នុងការហោះហើរដឹកនាំគ្រាប់ពេជ្ររបស់ស្រណោះតន្ត្រីឆ្ពោះទៅកាន់ប្រទេស Singaporeនៅថ្ងៃទី 01 ខែធ្នូឆាប់ៗនេះដើម្បីចូលរួមកម្មវិធីនេះផងដែរ។ហើយលោកក៏សង្ឃឹមថាកូនសិស្សរបស់លោកនឹងប្រឹងឱ្យអស់ពីសម្ថភាព និង នាំយកភាពជោគជ័យណាមួយជូនដល់សាលា ក្រុមគ្រួសារ ខ្លួនឯងផ្ទាល់ ក៏ដូចជាជូនដល់មាតុភូមិកម្ពុជាយើងផងដែរនៅលើឆាកមួយនេះ»។
ក្នុងនោះលោកក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលសិស្សទាំងអស់ដែលបានបញ្ចូនកូនៗរបស់ខ្លួនមកសិក្សាផ្នែកតូរ្យតន្ត្រីនៅសាលា ស្រណោះតន្ត្រី ហើយថ្មីៗនេះសាលារបស់លោកក៏ទទួលបានកិច្ចសហប្រតិបត្តិការណ៍ធំមួយជាមួយនឹង Trinity College London ដែលជាសាលាបង្រៀនផ្នែកតន្ត្រីដ៏ល្បីល្បាញមួយប្រចាំនៅប្រទេសអង់គ្លេស បានផ្ដល់សិទ្ធិឱ្យសាលា ស្រណោះតន្ត្រី ធ្វើការប្រឡងចំពោះសិស្សៗរបស់ខ្លួន ហើយទទួលបានសញ្ញាបត្រដែលទទួលស្គាល់ដោយ Trinity College ថែមទៀតផង។ នេះគឺជាជោគជ័យដ៏ធំមួយរបស់ ស្រណោះតន្ត្រី ដែលអាចក្លាយទៅជាសាលាមួយនៅក្នុងស្រុកខ្មែរ ត្រូវបានជ្រើសរើសឱ្យធ្វើជាដៃគូសហការណ៍ជាមួយនឹង សកលវិទ្យាល័យដ៏ល្បីនៅអង់គ្លេសព្រោះវាមិនមែនជារឿងងាយស្រួលនោះឡើយ។ នេះគឺជាសក្ខីភាពដ៏ធំមួយបញ្ជាក់ឱ្យមាតាបិតាសិស្សកាន់តែមានទំនុកចិត្ត និង ជឿជាក់មកលើសាលា បញ្ចូនកូនឱ្យមករៀន ហើយចំណាយថវិការត្រូវកន្លែង ព្រមទាំងទទួលបានមកវិញនូវគុណភាពរួមទាំងសម្ថភាពពិតប្រាកដឱ្យកូនៗរបស់គាត់ក្លាយខ្លួនទៅជាតន្ត្រីករនៅថ្ងៃអនាគត។