យោងតាមការប្រកាសរបស់ក្រុមហ៊ុន Clip Media នឹងមានវត្តមានតារាល្បីៗ បង្ហាញខ្លួនកក្រើកឆ្នេរសមុទ្រខេត្តព្រះសីហនុតែម្ដង នាឱកាសបុណ្យសមុទ្រដ៏ខ្លីនេះ ដោយសិល្បករសិល្បការិនី និង ឌីជេល្បីៗទាំងនោះ នឹងកំដរបរិយាកាសរាំច្រៀង ដើម្បីអោយអ្នកទៅលេងឆ្នេរខ្យាច់អូត្រេះ ចូលរាំលេងជាមួយដោយសេរី ដើម្បីអោយបុណ្យសមុទ្រដែលប្រកាសធ្វើឡើង ចាប់ពីថ្ងៃទី9 ទី10 និង ទី11 ខែធ្នូ នេះ កាន់តែកញ្ជ្រោលអ្នកទៅកម្សាន្ត។
លោក ប៉ានី វិរៈរិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុន Clip Media តំណាងអោយអ្នករៀបចំកម្មវិធី បានលើកឡើងថា ដោយសារតែឱកាសបុណ្យសមុទ្រនៅខេត្តព្រះសីហនុម្ដងៗ រមែងទាក់ទាញអ្នកទៅកម្សាន្តកកកុញ ទើបក្រុមហ៊ុនលោកបានរួមសហការជាមួយដៃគូ បានបង្កើតកម្មវិធី Beach Party នេះឡើង ដោយនឹងនាំយកនូវតន្ត្រី ឌីជេ និង តារាល្បីៗ មកច្រៀងរាំ និង មកសម្ដែងដល់ពាក់កណ្ដាលអាធ្រាតុ ដើម្បីអោយអ្នកទៅលេងទីតាំងនោះ ចូលកម្សាន្តដោយសេរី។ តារាល្បីៗទាំងនោះ នឹងអង្រួនបរិយាកាសទាំង៣យប់ ខណៈដែលព្រឹត្តិការណ៍នេះ ក្រៅពីអាចស្ដាប់តន្ត្រី រាំលេង និង កម្សាន្តលើឆ្នេរខ្សាច់ ដែលកន្លងមកធ្លាប់ឃើញតែនៅស្រុកគេ ក៏នឹងមានរៀបចំល្បែងកម្សាន្តជាច្រើនទៀត ដើម្បីអោយអ្នកទៅកម្សាន្ត កាន់តែជួបនូវបរិយាកាសថ្មី ពីការរៀបចំនោះផងដែរ។ លោកថា នេះគឺជាវេទិកាកម្សាន្តនៅលើឆ្នេរខ្សាច់ ដែលក្រុមហ៊ុនរបស់លោក សម្រេចរៀបចំដោយមិនគិតពីផលចំណេញ តែចង់បន្សល់នូវព្រឹត្តិការណ៍មួយ ដែលធ្លាប់តែឃើញគេបង្កើតយ៉ាងសប្បាយនៅក្រៅប្រទេស អោយមានវត្តមាននៅឆ្នេរសមុទ្រកម្ពុជា នាថ្ងៃបុណ្យសមុទ្រ។
លោកក៏រំពឹងថា ព្រឹត្តិការណ៍នេះ នឹងធ្វើអោយកក្រើកដល់ស្រទាប់មហាជន ទុកជាកម្រងឯកសារ និង អាចអោយអ្នកទៅកម្សាន្តដោយសេរីទាំង៣ថ្ងៃនោះ បានសប្បាយជាមួយសិល្បករ និង ឌីជេ ដ៏ច្រើន ដែលកម្មវិធីបានដាក់ក្នុងកម្មវិធីយ៉ាងសំបូរបែប អោយមានភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ។ លោកបញ្ជាក់ថា តារាល្បីៗទាំងនោះរួមមាន ក្រុម
X-Bro Band (P-Sand). តារាចម្រៀង លោក ម៉ម វិជ្ជរិទ្ធ. តារាចម្រៀង លោក សួស វិចិត្រ. តារាចម្រៀង លោក ឃី សុឃុន. តារាចម្រៀង កញ្ញ៉ា ឈិន រតនៈ . លោក ងួន សុបិន្ត. Dj KaKa. លោក ស៊ុន សំអុល. កញ្ញ៉ា វីនវីន. Dj Racky និង ឌីជេរូបសង្ហារ គឺ Dj Mike ដោយមិនទាន់រាប់បញ្ចូលDJ ល្បីៗ មកពីប្រទេសថៃ ដែលនឹងបង្ហាញខ្លួនទាំង៣យប់នោះផង៕