ក្នុងពិធីរំលឹកគុណបុព្វបុរស និង គោរពចំពោះបារមីស្ដេចនាគ នៅវត្តព្រះធាតុ កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០២២ មុននេះ តារាសិល្បៈជាច្រើន ត្រូវគេឯងគ្រងឈុតស្ដេចនាគ។ យ៉ាងណាមិញ ក្នុងចំណោមសិល្បករសិល្បការិនី ដែលបានចូលរួម គេចាប់អារម្មណ៍ថាអ្នកនាង លី ម៉ារីណា ដែលជាតារាជើងចាស់ គឺនៅតែលេចធ្លោ ខណៈដែលអ្នកនាងនៅតែមើលទៅស្រស់ស្អាត និង ទទួលបានការចាប់អារម្មណ៍ខ្លាំង។
ពិធីដែលបានធ្ចើឡើងនេះ គឺក្នុងបំណងរៀបចំពិធីដឹងគុណដល់ដួងវិញ្ញាន្ព្រះមហាក្សត្រខ្មែរ បុព្ចបុរសខ្មែរ និង បារមីស្ដេចនាគ ដោយសារតែខ្មែរជាពូជពង្សស្ដេចនាគ តាំងពីជំនាន់កកើតទឹកដីខ្មែរ។ តារាសិល្បៈជាច្រើន ត្រូវគេអញ្ជើញ អោយចូលរួមគ្រងឈុតនៅក្នុងសម័យអង្គរ និង តែងតួជាពូជពង្សនាគ ហើយដើរតួជាអ្នករៀបចំដង្វាយដល់អង្គបុព្វបុរសខ្មែរ និង ស្ដេចនាគ ដើម្បីជាការឧទ្ទិសបួងសួង។ អ្នកនាង លី ម៉ារីណា ត្រូវគេបង្ហាញវត្តមានសារជាថ្មី មិនខុសពីរាល់ឆ្នាំដូច្នោះដែរ ប៉ុន្តែនៅក្នុងឆ្នាំនេះ អ្នកនាង បានគ្រងឈុតជាព្រះម៉ែនាគ ឬ ជាស្ដេចនាគី ដែលមានបរិវារ និង កូននាគជាច្រើនអង្គ ជាបរិវារ។
អ្នកនាង ត្រូវគេឃើញនាំមុខតួអង្គនាគផ្សេងទៀត ក្នុងការថ្វាយគ្រឿងសក្ការៈ និង ត្រូវបានអ្នកចូលរួមពិធីចោមរោម សុំថត ព្រោះតែអ្នកនាងតែងតួ គឺមើលទៅសមសួន លេចធ្លោ និង ទាក់ទាញនៅក្នុងពិធីនោះផង។ អ្នកនាង លី ម៉ារីណា បញ្ជាក់ថា រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានគ្រងឈុតដ៏លេចធ្លោមួយនេះ ហើយថែមទាំងមានតារាសិល្បៈល្បីៗជាច្រើនចូលរួម ដែលអាចនិយាយបានថា គឺជាកម្មវិធីដែលមានតារាសិល្បៈចូលរួមកុះករជាងមុន។ អ្នកនាងក៏ប្រកាសថា នឹងចូលរួមក្នុងកម្មវិធីមួយនេះ អោយបានរាល់ឆ្នាំ ដើម្បីរួមចំណែកកម្ពស់វប្បធម៌ និង ជំនឿដូនតា ដល់ក្មេងជំនាន់ក្រោយ៕