ក្នុងពិធីខួប១០០ថ្ងៃ អ្នកស្រី ហួត ឡាប ដែលជាម្ដាយតារាចម្រៀងត្រកូលឈួន ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២។ ក្នុងពិធីនេះ ត្រូវបានធ្វើឡើងនៅទឹកដីមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់ អ្នកនាង ឈួន សុវណ្ណឆៃ ដោយក្នុងពិធីនោះ ក៏មានពិធីឆ្លងចេតយ៍ ដែលត្រកូលឈួនបានសាងសង់ជូនអ្នកម្ដាយនោះផង។

អ្នកនាង ឈួន សុវណ្ណឆៃ បានថ្លែងបញ្ជាក់ថា ដោយសារតែម្ដាយអ្នកនាង តែងតែមានបំណងវិលមករស់នៅស្រុកកំណើត ក្នុងពេលនៅមានជីវិត ទើបអ្នកនាង និង ប្អូនៗ សម្រេចទៅធ្វើចេតិយ៍អោយនៅស្រុកកំណើត ដោយចង់អោយទឹកដីកម្សត់កម្ររបស់គ្រួសារមួយនោះ ត្រូវបានបងប្អូនឡើងចុះមកធ្វើបុណ្យទានជូនអ្នកម្ដាយ ដើម្បីកុំអោយអត់ពីម្ដាយ ក៏ត្រូវបោះបង់ស្រុកកំណើត និង ផ្ទះកំណើតដ៏កម្សត់នោះផង។ អ្នកនាងបានរៀបចំពិធីបុណ្យជូនអ្នកម្ដាយយ៉ាងពេញមុខពេញមាត់ ដោយមានទាំងពិធីរាប់បាត្រ ពិធីចែកអំណោយ និង មានការសម្ដែងចាប៉ីដងវែង ស្វាគមន៍ភ្ញៀវផង ដើម្បីអោយអ្នកចូលរួមបានទស្សនា។ អ្នកនាងបញ្ជាក់ថា ទោះជាម្ដាយរបស់អ្នកនាង បានចែកឋានទៅអស់រយៈពេល១០០ថ្ងៃទៅហើយក្ដី តែអ្នកនាង នៅតែនឹកអាល័យ ហើយអ្នកនាងក៏មានការសោកស្ដាយផងដែរ ដែលម្ដាយរបស់អ្នកនាងចង់បានរឿងខ្លះ តែអ្នកនាងមិនទាន់បំពេញអោយផង ក៏ត្រូវបែកគ្នា។ អ្នកនាងថាខ្លួននឹងដាក់គម្រោងចុះមកលេងស្រុក និង ទៅមើលថែចេតិយ៍ម្ដាយអោយបានញឹកញាប់ក្នុងមួយឆ្នាំ ដើម្បីកុំអោយវិញ្ញាណម្ដាយទន្ទឹងចាំ និង កុំអោយឃ្លាតឆ្ងាយពីស្រុកកំណើត បើទោះជាអ្នកនាងមានការមមាញឹកខ្លាំង ក្នុងការមើលថែកូន និង ការងារផ្ទាល់ខ្លួន។ អ្នកនាងក៏សម្ដែងអារម្មណ៍សប្បាយចិត្តណាស់ដែរ ដែលក្នុងពិធីនេះ មានតារាសិល្បៈ ញាតិមិត្តមកពីភ្នំពេញ និង បងប្អូនក្នុងភូមិចូលរួមយ៉ាងកុះករ ដោយទោះជាអ្នកនាងមិនបានទៅអញ្ជើញដល់ផ្ទះ ដែលអ្នកនាងយល់ថា គឺជាទឹកចិត្តរាប់អានអ្នកនាងដ៏ធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here