បន្ទាប់ពីធ្វើបុណ្យឪពុករួចរាល់តារាចម្រៀងលោក បូរ តាំងហ៊ាង បានរៀបចំពិធីសម្ភោធបង្កក់វង់តន្ត្រីយ៉ាងអធិកអធមកាលពីថ្ងៃទី 31 ខែសីហា 2020 នៅគេហដ្ឋានផ្ទាល់ខ្លូនដែលមានទីតាំងនៅជិយវត្ត វិហារសួគ៌ ដោយបានអញ្ជើញភ្ញៀវរហូតដល់ជាង50តុ។ នោះជាពិធីដែលលោកធ្វើឡើងទាំងអារម្មណ៍សោកសៅខណៈដែលវង់តន្ត្រីនេះគឺលោកបង្កើតឡើងដើម្បីជូនដល់ឪពុកដែលជាតន្ត្រីករតែបែជាបង្កើតមិនបានសម្ភោធផងក៏ត្រូវឪពុកលាចាកលោក។ពិធីជប់លៀងទ្រង់ទ្រាយធំនោះក៏ដើម្បីអបអរគម្រោងចូលផលិតកម្មធំមួយរបស់លោកដែលនឹងបង្ហាញខ្លួនក្នុងពេលខាងមុខផងដែរ។

លោក បូរ តាំងហ៊ាង និយាយថា ដោយសារតែឪពុករបស់លោកគឺជាតន្ត្រីករហើយស្គាល់តែជីវិតដើរលេងភ្លេងឱ្យគេទើបលោកសម្រេចចិត្តបើកវង់តន្ត្រីមួយនេះដើម្បីសម្រេចក្ដីសុបិន្តរបស់ឪពុក ក៏ដូចជាបង្កើតអាជីវកម្មរួមមួយក្រៅពីអាជីពសិល្បៈ។ ដោយលោកឪពុករបស់លោកក៏បានស្នើរសុំឱ្យលោកធ្វើពិធីសម្ភោធក្រុមតន្ត្រីមួយនេះដើម្បីលើកមុខលើកមាត់គ្រួសារផងដែរប៉ុន្តែលោកមិនទាន់បានចាត់ចែងពិធីនោះផងលោកឪពុកបែជាចែកឋានទៅ។ ដូច្នេះហើយទើបលោកសម្រេចចិត្តធ្វើពិធីនេះឡើងជូនដល់សពឪពុក ក្រោយពីធ្វើពិធីបុណ្យសពឪពុករួចរាល់។

លោកបន្តថា ពិធីជប់លៀងទ្រង់ទ្រាយធំនោះគោលបំណងទី1គឺដើម្បីប្រកាសបើកក្រុមតន្ត្រីជាផ្លូវការ ទី2គឺដើម្បីជប់លៀងអបអររូបលោកដែលទើបបានចូលច្រផងជាផ្លូវការនៅក្នុងផលិតកម្មធំមួយ ខណៈដែលលោកសុំមិនបង្ហើបឱ្យដឹងពីឈ្មោះផលិតកម្ម។ លោកថារន្ធត់ចិត្តណាស់ដែលមានវង់ភ្លេងមានវិធីសម្ភោធតែបែជាគ្មានវត្តមានឪពុកដែលធ្លាប់ស្នើរសុំ យ៉ាងណាក៏ដោយលោកក៏នឹងពុះពារសម្រេចក្ដីសុបិន្តរបស់ឪពុកឱ្យបានដោយនឹងដឹកនាំវង់តន្ត្រីឱ្យជោគជ័យ និងប្រឹងប្រែងក្នុងអាជីពចម្រៀងឱ្យមានកេរ្តិ៍ឈ្មោះបោះសម្លេង ឆ្លើយតបតាមក្ដីប្រាថ្នារបស់ឪពុក។

លោករំពឹងថាជំហ៊ានថ្មីនៅក្នុងផលិតកម្មធំនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់លោកបោះជំហានបានល្អ និងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មហាជនដូចអ្វីដែលឪពុករបស់លោកចង់បាននោះផង។ លោកថាពិធីដែលបានធ្វើឡើងនោះគឺលោកសម្រេចទទួលភ្ញៀវជា3វគ្គ គឺពេលថ្ងៃត្រង់ ពេលរសៀល និងពេលយប់ដើម្បីកុំឱ្យមានវត្តមានអ្នកសិល្បៈគរជើងគ្នាក្នុងពេលតែមួយនាំឱ្យមានការភ័យបារម្ភពីជម្ងឺកូវីដ។

នៅក្នុងពិធីនោះក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមដែរ បើទោះជាការចូលរួមពីសិល្បករទាំងនោះមានភាពរប៉េះរប៉ោះមិនបានជុំគ្នាក្នុងម៉ោងតែមួយយ៉ាងណាក្ដី។


LEAVE A REPLY

Please enter your comment!
Please enter your name here