ទើបតែត្រលប់មកពីទទួលសញ្ញាប័ត្រហុងស៊ុយ នៅប្រទេសតៃវ៉ាន់ និង ទើបតែបញ្ចប់ការងារពិភាក្សាការងារជាមួយដៃគូនៅប្រទេសមួយចំនួនប៉ុណ្ណោះ លោកតាដំបងដែក គឺលោកស្រី ហង្ស សុវណ្ណារី ក៏ត្រូវគេឃើញរៀបចំចែកអំណោយទ្រង់ទ្រាយធំភ្លាមៗ កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៣ ដោយមានក្រុមអ្នកធាក់ស៊ីក្លូរហូតដល់ជាង២០០នាក់ និងអ្នកខ្វះខាតៗដែលទៅរោមមើលជាច្រើននាក់ ទៅទទួលអំណោយ។

លោកតា និង ក្រុមការងារបានចែកអំណោយ ដោយផ្ទាល់នៅខាងមុខហាង Reading Coffee សាខាទី៥ ដែលមានទីតាំង នៅលើផ្លូវធំជាប់បុរីវ៉ារីណា ជិតវត្តក្រាំងធ្នុង។ លោកតា និង ក្រុមការងារបានចែកមី ទឹកសុទ្ធ ថ្នាំដុសធ្មេញ និង ថវិកា ដោយអំណោយទាំងនេះ បើទោះជាមិនច្រើនសម្រាប់ម្នាក់ៗ ប៉ុន្តែក៏ចាត់ទុកថាគឺជាការចំណាយមួយខ្ពស់គួរកត់សម្គាល់ ដោយសារចំនួនលោកតាស៊ីក្លូ និង ពលរដ្ឋដែលទៅទទួលគឺមានចំនួនច្រើន។ ក្នុងនោះមិនទាន់រាប់បញ្ចូលក្រុមប្រជាការពារ និង ក្រុមសន្តិសុខនោះផង។

ហេតុផលដែលលោកតាដំបងដែក បានធ្វើសកម្មភាពចែកអំណោយដល់តាស៊ីក្លូ ក្នុងចំនួនច្រើននេះ គឺដោយសារតែ ខាងសមាគមបានស្នើ ស្របពេលដែលលោកតាក៏យល់ឃើញថា ត្រូវតែធ្វើសកម្មភាពជាមួយក្រុមអ្នកធាក់ស៊ីក្លូអោយបានម្ដង បន្ទាប់ពីលោកតាបានធ្វើរាប់មិនអស់មកហើយ ប៉ុន្តែសុទ្ធតែធ្វើជាមួយអ្នកខ្សត់ខ្សោយក្រុមផ្សេង។ លោកតាដំបងដែក ក៏បង្ហាញអារម្មណ៍រំភើប និង សប្បាយរីករាយផងដែរ បន្ទាប់ពីបានចែកអំណោយ ហើយឃើញស្នាមញញឹមរបស់ក្រុមអ្នកធាក់ស៊ីក្លូទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here