នៅក្នុងការប្រកួតឈុតប្រពៃណី Miss Grand Cambodia កាលពីថ្ងៃទី 4 កញ្ញា ឆ្នាំ 2020 អ្នកស្រី គង់ សុត្រាវី គឺជាអ្នក Sponsor ធំក្នុងឈុតសម្លៀកបំពាក់ប្រពៃណីទាំង28ឈុតតែម្ដង ដោយអ្នកស្រីនិងក្រុមការងារបានដុតដៃដុតជើងយ៉ាងខ្លាំងទម្រាំតែច្នៃបានទាំង28ឈុតនេះ ដល់បេក្ខនារី Miss Grand Cambodia។ យ៉ងណាមិញអ្នកស្រីបានបង្ហាញនូវមោទនភាពបើទោះជាការរៀបចំឈុតឱ្យបវរកញ្ញាទាំង28រូប គឺមានភាពស្មុគស្មាញ។
អ្នកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការ ម្កុដមាសខ្មែរ បានថ្លែងបញ្ជាក់ថា ជាលើកទីមួយដែលសម្អាងការរបស់អ្នកស្រីបានចូលរួមឧបត្ថមនៅក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះខណៈដែលអ្នកស្រីអះអាងថា ភាគច្រើនឈុតដែលបវរកញ្ញាបានស្លៀកបង្ហាញនេះគឺជាឈុតដែលបានផលិតថ្មី នឹងត្រូវបានធ្វើឡើងយ៉ាងដុតដៃដុតជើងពីសំណាក់ក្រុមការងារទាំងយប់ទាំងថ្ងៃ។ អ្នកស្រីថា គឺជាមោទនភាពណាស់ដែលស្នាដៃសម្អាងការរបស់អ្នកស្រីត្រូវបានបង្ហាញឡើងជាលក្ខណៈថ្នាក់ជាតិ ខណៈដែលឈុតបែបប្រពៃណីខ្មែរក៏មើលទៅស្រស់ស្អាតបែបថ្លៃថ្នូរផងដែរ នៅពេលបេក្ខនារីម្នាក់ៗបង្ហាញឡើង។
អ្នកនាងក៏ប្រកាសថានឹងស្វាគមន៍សម្រាប់ការចូលរួមនៅក្នុងឱកាសក្រោយប្រសិនបើមានការអញ្ជើញជាថ្មីនោះផងដែរ ខណៈដែលអ្នកស្រីយល់ថា ការចូលរួមបែបនេះគឺជាការរួមចំណែកដ៏មានតម្លៃដើម្បីលើកស្ទួយសម្រស់នារីខ្មែរ។ អ្នកស្រីក៏គម្រោងនឹងផលិតឈុតតំណាងជាតិ ដើម្បីឱ្យបេក្ខនារីតំណាងប្រទេសណាមួយបានស្លៀកលើឆាកអន្តរជាតិផងដែរ។
អ្នកស្រី គង់ សុត្រាវី អះអាងទៀតថាមកដល់ពេលនេះសម្អាងការរបស់អ្នកស្រីមានរយៈពេល5ឆ្នាំហើយ ដោយក្នុងរយៈពេល5ឆ្នាំកន្លងមកនេះក៏ទទួលជោគជ័យគួរឱ្យកត់សម្គាល់ផងដែរនៅក្នុងវិស័យសម្អាងការទើបធ្វើឱ្យអាជីវកម្មរបស់អ្នកស្រីកាន់តែមានការប្រកួតប្រជែង។ អ្នកស្រីក៏បានថ្លែងការកោតសរសើរចំពោះបេក្ខនារី Miss Grand ទាំង28រូប ដែលមានការសហការយ៉ាងល្អជាមួយនឹងសម្អាងការ ជាពិសេសរាល់ការណាត់ម៉ោងពេលវាស់កាត់សម្លៀកបំពាក់ដែលធ្វើឱ្យក្រុមការងារសម្អាងការរបស់អ្នកស្រីមានភាពងាយស្រួលក្នុងការកែរច្នៃឈុតទាំងនេះ។