រយៈពេលជាច្រើនខែមកហើយដែលអតីតតារាកំប្លែងពោពេញដោយភាពក្រមិចក្រមើមគឺ Mr. Queen បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែជម្ងឺរប្រចាំកាយច្រើនមុខ។ តារារូបនេះធ្លាប់បានទទួលភាពល្បីល្បាញនាពេលកន្លងរួចមកហើយ តាមរយៈទេពកោសល្យសម្ដែងកាយវិការបែបកំប្លែង ពិសេសនោះគឺការលេងស្ទាយ៍ផាត់មុខម្ខាងស្រីម្ខាងប្រុសដ៏គួរឱ្យទាក់ទាញ រហូតត្រូវបានទស្សនិកជនឱ្យរហ័សនាមថា រាជនីមុខពីរ ។
អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល Mr. Queen មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈគេកត់សម្គាល់ថា លោកក៏មានទំនាក់ទំនងយ៉ាងល្អជាមួយនឹង អ្នកសិល្បៈល្បីៗទាំងក្នុងនិងក្រៅស្រុកទៀតផង។ ប៉ុន្តែក្រោយពេលដែលលោកធ្លាក់ខ្លួនឈឺ ហើយលោកបានដង្ហើយហៅសុំជំនួយ ដើម្បីសង្គ្រោះជីវិតជាលើកចុងក្រោយរបស់លោក គេបែជាពុំសូវឃើញមានវត្តមានតារាសិល្បៈរួមអាជីពមួយចំនួន ចែករំលែកពត៌មានពីទុក្ខលំបាករបស់លោក ឬបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយរកដំណោះស្រាយនោះឡើយ។ ក្នុងនោះគេឃើញមានសិល្បៈករសិល្បៈការិនីភាគតិចបំផុតដែលសម្ដែងការឈឺឆ្អាល និងចែករំលែកស្វះស្វែងបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតតារាកំប្លែងរូបនេះ។ អ្វីដែលគួរឱ្យព្រួយបារម្ភបន្ទាប់ពីទទួលបានការបរិច្ចាគឈាមមួយចំនួនរួចមក សភាពជម្ងឺររបស់លោកនៅតែកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
គួរបញ្ជាក់ផងដែរថា Mr. Queen ឬ រាជនីមុខពីរនេះត្រូវបានមហាជនគាំទ្រ និងទទួលស្គាល់ថាជាអ្នកកំប្លែងមួយរូបដែលមានភាពប៉ិនប្រសព្វ និងមានសមត្ថភាពពិសេសអាចធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចបានយ៉ាងងាយ ដែលវត្តមានរបស់អ្នកកំប្លែងរូបនេះតែងលេចមុខតាមរយៈការម្ដែងតាមកម្មវិធីតូចធំនានា មិនថានៅតាមកញ្ចក់ទូរទស្សន៍ ឬកម្មវិធីផ្ទាល់តាមបណ្ដាខេត្តនោះឡើយ។