កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៣ លោកស្រី ហង្ស សុវណ្ណារី ស្នងរូបលោកតាដំបងដែក បានដឹកនាំក្រុមការងារ និង ពាំនាំជំនួយរហូតដល់ជាង២ពាន់ដុល្លារ យកទៅជួយវត្តខ្សត់ខ្សោយមួយកន្លែង ដែលមានទីតាំងនៅលើខ្នងភ្នំតូចមួយ នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ក្នុងខេត្តកំពត ដែលទីអារ៉ាមនោះ មានឈ្មោះថា វត្តបត់ត្រសេក។ ក្រៅពីបានបរិច្ចាគខ្យូសចំនួន៥ និង កុដ្ឋិមួយចំនួន លោកតាដំបងដែកក៏បានបរិច្ចាគបន្ថែមនូវថវិកាចំនួន២៥០០ដុល្លារ អង្ករ២បាវ មី១០កេស ទឹកសុទ្ធ១០កេស និង ថ្នាំដុសធ្មេញចំនួន៥ឡូតិ៍ផងដែរ។ ជាមួយនឹងការដឹកនាំក្រុមការងារចុះទៅផ្ដល់បច្ច័យដោយផ្ទាល់ លោកតាក៏អំពាវនាវអោយមានការចូលរួមនូវកម្លាំងសិទ្ធាជួយកសាងព្រះវិហារនៅក្នុងវត្តនោះតាមតែអាចធ្វើទៅបានផងដែរ ដោយសារតែទីអារ៉ាមនោះ គឺនៅមិនទាន់មានព្រះវិហារ ដោយមានតែសាលាឆាន់ប្រក់ស័ង្កសី ចាស់ទ្រុឌទ្រម និង ជាវត្តដែលខ្វះខាតសព្វបែបយ៉ាងនៅឡើយ។ លោកតាក៏បានប្រកាសថា នឹងជួយកសាងដំបូលវិហារក្រោយត្រលប់ពីអាមេរិកវិញ និង ជួយគៀងគរចៅព្រះធម៌ ដើម្បីអោយជួយដល់ទីអារ៉ាមនេះ រហូតទាល់តែវត្រទាំងមូលមានព្រះវិហារដែលអាចអោយពុទ្ធបរិស័ទមានកន្លែងធ្វើបុណ្យ និង រហូតទាល់តែវត្តមានអាចមានស្រះទឹកផងដែរ ដោយសារតែទីតាំងនោះ អណ្ដូងបុកមិនចេញ ហើយវត្តទាំងមូលគឺខ្វះខាតទឹក។ នៅក្នុងថ្ងៃនោះ លោកតាដំបងដែកក៏បានប្រគេនបច្ច័យជួយដល់វត្តថ្មី មួយកន្លែងទៀតនៅលើភ្នំក្បែរនោះផងដែរ ដោយលោកតាក៏បានប្រគេនខ្យូសអង្គុយលេងចំនួន៥ បន្ទាប់ពីឃើញថាវត្តនោះសូម្បីតែកន្លែងទុកអោយអ្នកទៅដល់អង្គុយជ្រកម្លប់ក៏ពិបាក។ នេះគឺជាទឹកចិត្តដ៏ជ្រះថ្លារបស់លោកតាដំបងដែក និង ក្រុមការងារ ខណៈដែល លោកតាក៏តែងតែបរិច្ចាគបែបនេះ ជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ជាហូរហែរនាពេលកន្លងមក។