ការប្រកួតជ្រើសរើសជើងឯកលើប៉ុស្តិ៍លេខ5 កាលពីថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2020 នេះ កីឡាករ កំពែងខ្មៅ បង្គោលក្រហមបានឈ្នះគូប្រកួតក្នុងទឹកទី5ដោយលទ្ធផលនោះទម្រាំរកឃើញក៏ពិបាកផងដែរ។ យ៉ាងណាមិញលោកមិនមែនជាគូប្រកួតដណ្ដើមយកជើងឯកនោះទេ គឺគ្រាន់តែជាគូពិសេសដែលកំដរលើសង្វៀនតែប៉ុណ្ណោះ។ការប្រដាល់ជាថ្មីរបស់ប៉ុស្តិ៍លេខ5 បានឈានដល់សប្ដាហ៍ទី2ហើយ ក្នុងការប្រកួតជ្រើសរើសជើងឯកប្រភេទទម្ងន់ 54 Kg។ ការប្រកួតរដូវកាលនេះក្នុងមួសប្ដាហ៍គឺមានតែមួយគូតែប៉ុណ្ណោះ ដោយមានន័យថាក្នុងមួយសប្ដាហ៍គឺធ្លាក់តែមួយរូប និងបានឡើងតែមួយរូបខុសពីការប្រកួតរដូវកាលមុនៗដែលក្នុងមួយសប្ដាហ៍ប្រកួតចំនួន2គូ។
ការប្រកួតនៅសប្ដាហ៍នេះក៏មានភាពទាក់ទាញមិនខុសគ្នាផងដែរបើទោះជាអ្នកគាំទ្រនៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតដោយផ្ទាល់នៅឡើយ។ គូប្រកួតដែលបានបង្ហាញមុខនៅក្នុងថ្ងៃនោះនៅតែប្រកួតអស់ដៃ ជាពិសេសគូប្រកួតគូពិសេសនិងគូឯកតែម្ដង។ ជាក់ស្ដែងការប្រកួតរវៀងកីឡាករ កំពែងខ្មៅ មកពីក្លឹប សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម និងកីឡាករ ថា សារុន ដែលជាជើងខ្លាំងមកពីក្លឹប ពុទ្ធសេរីវង្សកីឡាខណ្ឌពោធិ៍សែនជ័យ ដែលជាក្លឹបមួយនៅក្នុងសមាគម កីឡាប្រដាល់កងយោធពលខេមរភូមិន្ទ គឺបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងពីរ ថ្វីត្បិតតែឋិតក្នុងស្ថានភាពកូវីដ ដែលមិនមានអ្នកទស្សនាផ្ទាល់លើកទឹកចិត្ត ក៏នៅតែប្រឹងប្រកួតអស់ពីសម្ថភាព។ ការប្រកួតរបស់អ្នកទាំង2 ផាំងទៅផាំងមកតាំងពីទឹកទី1 រហូតដល់រកឃើញលទ្ធផល ខណៈដែលកីឡាករម្ខាងៗក៏ប្រឹងអស់រៀងខ្លួន ធ្វើឱ្យអ្នកគាំទ្រតាមការផ្សាយផ្ទាល់ពេញចិត្ត។ កីឡាករ កំពែងខ្មៅ ដែលឈរជើងជាបង្គោលក្រហមនៅក្នុងពេលនោះបានប្រើអស់សម្ថភាព មិនថាកែង ម៉ាត់ និងជង្គង់ វាយបុកទៅលើគូប្រកួត ហើយបើទោះបីជាបង្គោលខៀវ ប្រើអស់សម្ថភាពត្រឡប់មកវិញ ក៏បង្គោលក្រហមនៅតែធ្វើបានល្អជាង និងមានឱកាសប្រើស្នៀតបានចំគោលដៅជាង ទើបធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយឈ្នះពិន្ទុ។
យ៉ាងណាក៏ដោយកីឡាករបង្គោលក្រហម ក៏ប្រឈមនឹងគ្រោះថ្នាក់ដោយអន្លើផងដែរ ទម្រាំតែរកឃើញជ័យជំនះដោយពិន្ទុ ទាំងត្រដាបត្រដួសនោះ។ កំពែងខ្មៅ បានទាំងសារភាពថា ជ័យជំនះដែលខ្លួនទទួលបានគឺជារឿងដ៏លំបាក បើទោះបីជាខ្លួន មានប្រវត្តិប្រកួតរាប់មិនអស់ នៅលើសង្វៀនប្រដាល់នោះយ៉ាងណាក៏ដោយ លោកបានទាំងសរសើរថា កីឡាករ ថា សារុន មានថ្វីដៃល្អ និងមានបច្ចេកទេសខ្លាំងគ្រប់ការវាយបកនោះផង។ លោកបានថ្លែងនៅក្រោយការប្រកួតថា ថ្វីត្បិតតែលោកទទួលជ័យជំនះ តែក៏ជាលទ្ធផលដែលបានទាំងការលំបាក និងពេញដោយការពុះពារផងដែរពេញរយៈពេល5ទឹក ដែលមានន័យថា គូប្រកួតរបស់ខ្លួន ត្បិតតែប្រឡូកសង្វៀនមិនច្រើនមែនតែសម្រាប់សម្ថភាពគឺមិនអាចមើលស្រាល។ លោកបានទាំងបង្ហាញភាពស្ទក់ស្ទើរសម្រាប់ការជឿជាក់ថានឹងឈ្នះជាថ្មីម្ដងទៀត ប្សិនបើលោកនឹងនិង ថា សារុន ត្រូវអ្នករៀបចំការប្រកួតផ្គូរផ្គងឱ្យប៉ះគ្នាសារជាថ្មីនោះផង។
យ៉ាងណាក៏ដោយលោកនៅតែបង្ហាញទឹកចិត្តក្នុងនាមជាកីឡាករ គឺមិនខ្លាចសម្រាប់ការប៉ះគ្នាម្ដងទៀតនោះទេ គឺលោកនឹងត្រៀមខ្លួនជានិច្ចក្នុងការការពារជ័យជំនះ ប្រសិនបើមានការផ្គូរផ្គងឱ្យមានការជួបគ្នាម្ដងទៀត។ ជាមួយនឹងការតាំងចិត្តនេះ លោកក៏ថ្ងូរជាច្រើនផងដែរ ពីការប៉ះពាល់ព្រោះតែបញ្ហាកូវីដដោយសារតែតាំងពីមានការផ្ទុះឡើងនូវជម្ងឺរនេះ គឺលោកមិនសូវមានការផ្គូរផ្គងឱ្យឡើងរេញនោះទេ។ ជាក់ស្ដែងលោកមានទីផ្សារច្រើនតែនៅសង្វៀនប៉ុស្តិ៍លេខ5ប៉ុណ្ណោះ តែនៅពេលប៉ុស្តិ៍លេខ5ផ្អាកមួយរយៈគឺស្ទើរតែដាច់បាយម្ដងម្កាល ក្នុងនោះសម្ថភាពនៅក្នុងវិស័យប្រដាល់ក៏មានការថមថយបន្តិចផងដែរដោយសាតែលោកមិនសូវមានការប្រកួតនាពេលកន្លងមក ហើយការតាំងចិត្តក្នុងការហ្វឹកហាត់ក៏មិនសូវបានល្អ។ លោកទទូចឱ្យប៉ុស្តិ៍លេខ5 បន្តសង្វៀនប្រកួតមួយនេះកុំផ្អាកដំណើរការជាថ្មី និងគួរតែបង្កើនសង្វៀនប្រកួតផងដើម្បីផ្ដល់ឱកាសឱ្យលោក ក៏ដូចជាក៏ឡាករឯទៀត មានប្រាក់ចំណូលពីការប្រដាល់ ហើយមិនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។