កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២៣ ថៅកែហាងមុន្នីនិតកាត់ដេរ គឺលោកស្រី យិន រំដួល បានចាកចេញទៅកាន់ប្រទេសបារាំង តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Fashion Show ធំមួយ នៅទីក្រុងប៉ារីស ដើម្បីចូលរួមព្រឹត្តិការណ៍ Fashion Show ធំមួយ ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី និង កូនប្រុស ដែលម៉ូដែលហូលផាមួងខ្មែរនៅលើបណ្ដាញសង្គម មិនត្រឹមតែទៅចូលរួមជាភ្ញៀវដើម្បីទស្សនាពិធីតែម្យ៉ាងនោះទេ តែក៏បានពាំនាំយកឈុតដែលច្នៃពីហូលផាមួងខ្មែរទាំងវ៉ាលី ដើម្បីអោយអ្នករៀបចំកម្មវិធីជ្រើសរើសជាឈុត ដើម្បីអោយម៉ូដែលនៅទីនោះ មានជម្រើសក្នុងការស្លៀកបង្ហាញផងដែរ។
លោលស្រីថា Show Fashion ជាអន្តរជាតិនេះ នឹងប្រារព្ធឡើងចំថ្ងៃ៥ មីនា ហើយក្រោយបញ្ចប់ការបង្ហាញឈុតដ៏ធំប្រចាំឆ្នាំនោះ លោកស្រីក៏នឹងជួបពិភាក្សាជាមួយក្រុមហ៊ុនច្នៃឈុតដែលជាអ្នករៀបចំការបង្ហាញឈុតនោះក្នុងគម្រោងនាំយកហូលផាមួងខ្មែរ ផ្គត់ផ្គង់ហាងច្នៃឈុតនោះ ដើម្បីអោយហូលផាមួយខ្មែរ ក្លាយជាឈុត Fashion មួយ នៅក្នុងទីផ្សារអឺរ៉ុបផងដែរ។ លោកស្រីថា ក្រុមហ៊ុន Fashion ដ៏ធំមួយនោះ បានមកដល់ប្រទេសកម្ពុជា និង បានទៅដល់ហាងរបស់លោកស្រីនៅផ្សារ City Mall ហើយពេញចិត្តនឹងឈុតច្នៃដ៏សំបូរបែប ពីហូលផាមួងខ្មែរ ទើបឈានដល់ការអញ្ជើញលោកស្រី និង កូនប្រុសអោយនាំយកឈុតហូលផាមួង ទោចូលរួមក្នុង Fashion Show នេះ ហើយក៏សម្រេចអោយលោកស្រីធ្វើជាអ្នកផ្គត់ផ្គង់ហូលផាមួង ដែលលោកស្រីយល់ថា នេះគឺជាឱកាសដ៏កម្រដែលអាចពង្រីកទីផ្សារហូលផាមួង និង សូត្រខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ ពោលគឺក្នុងសង្គមអឺរ៉ុបតែម្ដង ដែលមិនខុសពីជួយអោយបងប្អូនខ្មែរ ដែលជាអ្នកតម្បាញអាចបង្កើនប្រាក់ចំណូល។
លោកស្រីនឹងបំពេញបេសកកម្មនៅទីនោះរយៈពេល១០ថ្ងៃ ហើយក៏មានដំណើរទស្សនកិច្ច និង ការចូលសម្ដែងការគួរសម ទៅកាន់ក្រុមហ៊ុន និង សហគមន៍ខ្មែរនៅទីនោះមួយចំនួនផងដែរ ដើម្បីផ្សព្វផ្សាយពីសំលៀកបំពាក់ហូលផាមួងខ្មែរ៕