មកទល់ពេលនេះ ដំរីទាំង៤ក្បាលនៅក្នុងសមាគមអភិរក្សដំរី អៃរាវត្តា នៅខេត្តរតនៈគីរី កំពុងទាក់ទាញអ្នកទេសចរណ៍យ៉ាងខ្លាំង ខណៈដែល កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ សមាគមនេះ ក៏បានទទួលស្វាគមន៍គណប្រតិភូ មកពីក្រសួងកិច្ចការនារី ពីសមាគមតន្ត្រីសំនៀងជនពិការ និង ពីក្រុមសិល្បករ ដែលជាទូតសុឆន្ទៈ របស់សមាគម។ ទូតសុឆន្ទៈ ដែលជាតារាសិល្បៈ ត្រូវគេឃើញមានវត្តមានចំនួន៧រូប គឺ កញ្ញា ឌួង ហ្សូរីដា, អ្នកនាង ស្វែង សុជាតា តារាសម្ដែង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក ហេរ៉ូ ពិធីករ, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក រុន ណាកូ ពិធីករ, និង អ្នកស្រី រីយ៉ា សមាជិកគ្រួសារតារាកម្ពុជា។

លោកស្រី ចិន្តា ក្លេខៃ ប្រធានសមាគម បង្ហាញអារម្មណ៍សាទរយ៉ាងខ្លាំង ចំពោះប្រតិភូជនពិការ ក្រោមការដឹកនាំរបស់លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ និង ជាអនុរដ្ឋលេខាក្រសួងកិច្ចការនារី និង BA ទាំងអស់ ដែលបានមកដល់ទីតាំងមើលថែរបស់សត្វដំរី។ លោកស្រីថា ដំរីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមនេះ មានចំនួន៤ក្បាល ដោយមានដំរីធំឈ្មោល២ក្បាល ញីធំមួយក្បាល និង ដំរីកូនអាយុជាង១ឆ្នាំមួយក្បាល។ ដំរីទាំងនេះ កំពុងត្រូវការការជួយជ្រោមជ្រែង ពីគ្រប់ទិសទី ដោយសារតែសមាគមក៏ត្រូវការជំនួយក្នុងមួយឆ្នាំៗជាច្រើនម៉ឺនដុល្លារ ដើម្បីរ៉ាប់រងលើចំណី និង ការថែទាំ។ លោកស្រីថា ដំរីទាំងនេះ ដ្បិតថា ត្រូវបានសមាគមរ៉ាប់រង តែក៏ត្រូវព្រលែងអោយស់នៅក្នុងព្រៃ ដោយមានក្រុមហ្មដំរីចាំឃ្លាំមើល និង ជួយថែទាំ។

ដូច្នេះហើយ ទើបលោកស្រីថា ក្រុមប្រជាសហគមដែលនៅជុំវិញព្រៃ គឺត្រូវចូលរួមការពារយ៉ាងសំខាន់ ដោយមិនធ្វើការប្រមាញ់ ឬ គំរាមកំហែង នៅដែនព្រៃធម្មជាតិ ដែលជាកន្លែងព្រលែងក្នុងព្រៃ។ ក្នុងពិធីសំណេះសំណាល ដែលមានលោកជំទាវ ញ៉ែម មរកត ដឹកនាំ និងមានការចូលរួម ដោយទូតសុឆន្ទៈដំរី ជាសិល្បករចូលរួមនេះ ក៏មានពិធីប្រគល់អំណោយជូនដល់ប្រជាសហគម ដើម្បីអោយពលរដ្ឋដែលអាស្រ័យផលក្នុងព្រៃការពារ របស់ដំរីទាំងនោះ ចូលរួមថែរក្សាជីវិតសត្វដំរី។ លោកជំទាវ ញ៉ែម មរកត បានសន្យាថា ក្នុងនាមជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ ដែលមាន លោក ចាប តូ ជាប្រធាន នឹងចូលរួមបំផុសអោយសកម្ម ដើម្បីគាំទ្រសកម្មភាពរបស់សមាគមអភិរក្សដំរី អៃរាវត្តា អោយមជ្ឈដ្ឋានគ្រប់ទិសទីបានដឹង។ ក្នុងនោះ ក៏មានសកម្មភាពថតឃ្លីបផ្សព្វផ្សាយពីសមាគម និង ពីសត្វដំរី ពីសំណាក់អ្នកចូលរួមទស្សនកិច្ច ពីសំណាក់សប្បុរសជន និង ពីសំណាក់តារាសិល្បៈ ជា BA៕

LEAVE A REPLY

Please enter your comment!
Please enter your name here