បើទោះជាការគ្រប់គ្រង មើលថែបងប្អូនជនពិការភ្នែក គឺជាការងារដ៏លំបាកយ៉ាងណាក្ដី ក៏លោកជំទាវ ញ៉ែម មរកត ដែលជាប្រធានកិត្តិយស សមាគមតន្ត្រីសំនៀងជនពិការ ជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាប្រធានសហព័ន្ធកីឡារាំ និង ជាប្រធានប្រតិភូ ក្នុងដំណើរទស្សនកិច្ចរបស់ជនពិការ បានចាត់ទុកថា ជនមានពិការភាព ពិសេសផ្នែកពិការភ្នែក គឺជាសសៃឈាមរបស់ប្រទេស ដែលមិនអាចទុកចោល និង មើលរំលង ព្រោះវត្តមានជនពិរច្រើនណាស់ បានយកលុយដែលខំរកបាន ទៅចំណាយលើវិស័យផ្សេងៗ ដែលមិនខុសពីជួយជំរុញ ក្នុងការអភិវឌ្ឍន៍ជាតិ។ លោកជំទាវជនពិការភ្នែក គឺជាបុគ្គលដែលរស់នៅយ៉ាងលំបាក និងហែលឆ្លងនូវការមាក់ងាយ និង រើសអើងច្រើនណាស់ ទម្រាំពួកគាត់អាចមានឱកាសទទួលបានការជ្រោមជ្រែងដោយសមាគម។

លោកជំទាវថា ជនពិការភ្នែកខ្លះ សូម្បីតែមានលុយជួលបន្ទប់គេស្នាក់នៅ គេមិនជួលអោយផង ចូលទៅទិញចំណីញាំ គេមិនលក់អោយផង។ ពោលគឺទើបតែមានការជ្រោមជ្រែងអោយមានអាគារស្នាក់នៅ តាមរយៈសមាគមប៉ុណ្ណោះ ទើបពួកគេទទួលបានការរស់នៅសមរម្យ ដែលគេតែបន្តការជ្រោមជ្រែង ដើម្បីអោយជនពិការភ្នែកទាំងអស់ ដែលពឹងអាស្រ័យលើមណ្ឌល នៅតែមានឱកាសទទួលបានការគាំទ្រ។

ដូច្នេះហើយ ទើបលោកជំទាវ ចំណាយពេលដ៏មមាញឹក ដឹកនាំបងប្អូនជនពិការ និង ថ្នាក់ដឹកនាំសមាគមតន្ត្រីសំនៀងជនពិការទាំងអស់ ដើរទស្សនកិច្ច នៅខេត្តភាគឥសាន្ត ដែលរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម និង ត្បូងឃ្មុំ ដើម្បីសុំអោយថ្នាក់ដឹកនាំខេត្តទាំងនេះ បានរួមចំណែកជួយលើកកម្ពស់ដល់ជនពិការ និងជួយសម្រួលដល់ជនពិការភ្នែក ដែលសុំអន្តរាគមន៍នៅពេលសុំប្រគុំតន្ត្រីតាមខេត្តប្រមូលមូលនិធិ និង ពេលមានបញ្ហាសុខភាព ឬ បញ្ហាផ្សេងៗដែលត្រូវការជួយផ្សេងៗជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះ លោកជំទាវ ក៏បានអញ្ជើញសិល្បករ៥រូប រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នកនាង ស្វែង សុជាតា តារាសម្ដែង លោក រុន ណាកូ ពិធីករ អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង និង លោកជំទាវ រីយ៉ា សមាជិកគ្រួសារតារាកម្ពុជា អោយអមដំណើរសកម្មភាពរហូតដល់ចប់ផងដែរ។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានលើកឡើងថា មកទល់ពេលនេះ លោកជំទាវ ញ៉ែម មរកត បានលះបង់កម្លាំងកាយចិត្ត និង ថវិកា ដែលមិនអាចកាត់ថ្លៃបាន ទម្រាំតែអាចអោយសមាគមរបស់លោកទាំងមូល ដំណើរការ។ លោកថា លោកជំទាវ បានចាត់ទុកជនពិការទាំងអស់ នៅក្នុងសមាគមគឺជាកូនជាចៅ ហើយគ្រប់សកម្មភាពរបស់លោកជំទាវ ក៏ជាការលើកទឹកចិត្តដ៏មានតម្លៃចំពោះបងប្អូនជនពិការភ្នែក ទាំងជាង៦០០នាក់ដែលជាសមាជិក។ លោកកាន់តែស្ងើចសរសើរ ដែលលោកជំទាវ បានដឹកនាំក្រុមជនពិការនៅក្នុងសមាគមទាំងអស់ បានទស្សនកិច្ចក្នុងខេត្តភាគឥសាន្តពីថ្ងៃទី១៩ ដល់ ២៣ មិថុនា ឆ្នាំ២០២៣ ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង ពីសំណាក់ថ្នាក់ដឹកនាំខេត្តនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here