កាលពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២០ មុននេះ ថ្នាក់ដឹកនាំក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD ដែលបច្ចុប្បន្ន កគឺមានមូលដ្ឋាននៅប្រទេសកូរ៉េផង និង នៅកម្ពុជាផង បានអញ្ជើញ លោក ឡុង ឌីម៉ង អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង អោយធ្វើទស្សនកិច្ចដោយផ្ទាល់ នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅក្នុងប្រទេសកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាសការងារមួយចំនួន។ នេះជាដំណើរទស្សនកិច្ចរបស់អគ្គរាជទូតខ្មែរលើកដំបូង ទៅកាន់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុន ក៏បានប្រកាសថា នឹងនាំចូលនូវផលិតផលកសិកម្មមួយចំនួន ដែលក្រុមហ៊ុនកំពុងវិនិយោគនៅកសិដ្ឋានក្នុងប្រទេសកូរ៉េនេះ មកកម្ពុជាក្នុងពេលខាងមុខ។

យោងតាមការបង្ហោះរបស់ លោក ឡុង ឌីម៉ង់ លោកបានសរសេរថា”យើងខ្ញុំបានចុះបំពេញបេសកកម្មការទូតសេដ្ឋកិច្ច លើផ្នែកកសិកម្ម និង សុខាភិបាលនៅទីក្រុងគីមហេ Gimhae និង បានចូលជួបសំដែងការគួរសមពិភាក្សាការងារជាមួយអភិបាលក្រុង Miryang មីលយ៉ាង ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សំដៅលើកស្ទួយសុខុមាលភាពរស់នៅរបស់ប្រជាជនខ្មែររស់នៅតំបន់កសិកម្មដ៏ធំនេះ ហើយជាលទ្ធផលលោកអភិបាលបានសាទរ និងសន្យាចំពោះសំណើរបស់យើង។

ក្រុមការងារក៏បានចុះពិនិត្យកន្លែងរោចក្ររបស់រដ្ឋសម្រាប់ជួលម៉ាស៊ីន និងឧបករណ៍កសិកម្ម និង ផ្តល់ជី អោយប្រជាជនដែលពុំមានលទ្ធភាពទិញ សម្រាប់បង្កើនទិន្នផលរបស់កសិករ ព្រមទាំងបានចុះទៅសួរសុខទុក្ខសំណេះសំណាលជាមួយថៅកែ និងពលករខ្មែរយើងដែលកំពុងបម្រើការងារនៅកសិដ្ឋានដាំផ្លែស្រ្តូបឺរី និងម្ទេសប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។

ជាមួយគ្នានេះ ក្រមហ៊ុនកូរ៉េ១ នៅកម្ពុជាមានបំណងនាំចូលម្ទេសពីកម្ពុជាមកក្នុងទីផ្សារកូរ៉េក្នុងពេលឆាប់ៗខាងមុខបន្ទាប់ពីស្ថានការណ៍កូវីដ១៩ ប្រសើរឡើង”។

លោក ខ្វន់ យ៉ុងឆុល នាយកក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD ប្រចាំនៅប្រទេសកូរ៉េ បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េក្រុមហ៊ុន មានកសិដ្ឋានដាំដុះ ហើយនៅកម្ពុជាក្រុមហ៊ុនក៏មានកសិដ្ឋានដាំដុះផងដែរ ដោយក្រុមហ៊ុនបានដំណើរការដាំម្ទេសជាច្រើនហិកតារ និង គ្រោងនាំចូលផលិតផលម្ទេសពីកម្ពុជាទាំងនោះ មកកាន់កូរ៉េ បន្ថែមពីលើការនាំផលិតផលកសិកម្មមួយចំនួនពីកូរ៉េ ទៅកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានចរាចរផលិតផលគ្រឿងសម្អាងដ៏ល្បីនៅក្នុងប្រទេសកូរ៉េ ដោយផលិតផលគ្រឿងសម្អាងទាំងនោះ កំពុងជោគជ័យនៅកម្ពុជាផងដែរ។

លោកស្រី លី ហ្យ៊ុនជូ អនុប្រធានក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD បានអះអាងដែរថា មកទល់ពេលនេះ ក្រុមហ៊ុនមិនគ្រាន់តែចរាចរគ្រឿងសម្អាង និង នាំចូលទៅវិញទៅមកនូវផលិតផលកសិកម្មរវាងកូរ៉េ និង កម្ពុជា តែប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការណ៍ផ្នែកពេទ្យ វិស័យអប់រំ និង ផ្នែកវប្បធម៍ជាមួយប្រទេសកម្ពុជាផងដែរ ទាំងការបញ្ជូន និង អញ្ជើញ អោយមានការទស្សនកិច្ចរវាងគ្នាទៅវិញទៅមក និង ការដោះដូរកិច្ចសហប្រតិបត្តិការគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here