គណៈគ្រប់គ្រង វិទ្យាល័យបូរី១០០ខ្នង ដាក់វិធានការក្ដៅពង្រឹងវិន័យ

ក្នុងកិច្ចប្រចាំខែ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំវិទ្យាល័យបូរី១០០ខ្នង ដែលគណៈនាយកទាំង៤ជាអ្នកដឹកនាំ បានប្រកាសវិធានការក្ដៅៗតែម្ដង លើការពង្រឹងវិន័យរបស់មន្ត្រីក្រោមឱវាទទាំងអស់ និង ប្រកាសចាត់វិធានការចំពោះលោកគ្រូអ្នកគ្រូណាដែលនៅតែបន្តមានកំហុស លើការបង្រៀន និង លើសិស្សដែលមិនគោរពវិន័យសាលា។

កិច្ចប្រជុំ ដែលដឹកនាំលោកនាយក ភោគ ផលបុណ នេះ មានការចូលរួមយ៉ាងសកម្មពីលោកគ្រូអ្នកគ្រូក្រោមឱវាទ និង នាយករងទាំង៣នាក់ ដែលរួមមាន លោក ម៉ី សុមុន្នី លោក ដុក ដារ៉ា និង លោក ម៉ៅ ចាន់ណា។ បើទោះជាវិទ្យាល័យបូរី១០០ខ្នង កំពុងពង្រឹងវិន័យបង្រៀន និង សិក្សាបានល្អ តែថ្នាក់ដឹកនាំទាំង៤ នៅបន្តទប់ស្កាត់នូវភាពអសកម្មនៅក្នុងសាលាទាំងឡាយ ដោយបានស្ដីបន្ទោសដោយមិនសំចៃមាត់ ទៅកាន់បុគ្គលមួយចំនួន កុំអោយប្រកាន់ភ្ជាប់នូវគំរូមិនល្អ ដូចជាបង្ខំអោយក្មេងទៅរៀនគួរក្រៅម៉ោង ការលម្អៀងចំពោះសិស្សរៀនគួរ និង មិនរៀនគួរ និង បានស្ដីបន្ទោសចំៗ ចំពោះលោកគ្រូអ្នកគ្រូ ដែលមិនគោរពវិន័យសាលា ដូចជាមកបង្រៀនយឺតម៉ោង ចេញមុនជួង និង បង្រៀនមិនយកចិត្តទុកដាក់ជាដើម។

លោក ភោគ ផលបុណ បានចាត់ទុកថា លោកគ្រូអ្នកគ្រូ ដែលមានឥរិយាបទបែបនេះ គឺត្រូវតែកែប្រែជាបន្ទាន់ ហើយបើនៅតែបន្ត នោះនឹងប្រឈមវិធានការពីគណៈគ្រប់គ្រងសាលា ដោយមិនអាចបន្តអោយមានបុគ្គលបែបនេះ ហើយធ្វើអោយវិទ្យាល័យទាំងមូលនោះឡើយ។ លោកថា លោកគ្រូអ្នកគ្រូត្រូវតែធ្វើជាគំរូ ទាំងការគោរពម៉ោងពេល ទាំងការបង្រៀន ទាំងភាពយុត្តិធម៌ និង ខំពង្រឹងគុណភាព អោយសិស្សផ្ដល់តម្លៃ ដោយមិនអាចដាក់សម្ពាធណាមួយ ដែលធ្វើអោយបាត់បង់គុណធម៌ចំពោះសិស្សក្រីក្របានឡើយ ជាពិសេសចំពោះសិស្សដែលគ្មានលទ្ធភាពពិតប្រាកដ។

លោក ម៉ៅ ចាន់ណា នាយករង ក៏បង្ហាញការរិះគន់ចំពោះ បញ្ហារដ្ឋបាលរបស់លោកគ្រូអ្នកគ្រូមួយចំនួនផងដែរ ដោយដាក់ពិន្ទុអោយតែបានៗ និង ដាក់ដោយគ្មានស្ដង់ដារជាដើម ដូចជាអ្នកបានពិន្ទុ៣៥ និទ្ទេសល្អ តែគ្នាអ្នកបាន ៣៣ ឬ ៣២ បែរជាដាក់និទ្ទេសថា មធ្យមជាដើម ដែលបង្ហាញការងាររបស់លោកគ្រូអ្នកគ្រូទាំងនោះ គឺមិនយកចិត្តទុកដាក់។ លោកក៏ប្រកាសនឹងដាក់វិធានការក្ដៅ ចំពោះអ្នកឈប់ច្រើន និង ខ្វះការទទួលខុសត្រូវលើការងារ។

ដោយឡែក លោក ម៉ី សុមុន្នី និង លោក ដុក ដារ៉ា ជានាយករងក៏បានលើកឡើងស្រដៀងគ្នាផងដែរ ចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនចប់មុនកម្មវិធី និង យឺតជាងកម្មវិធី ដោយលោកចាត់ទុកថា ករណីរៀនចប់មុនកម្មវិធី ឬ យឺតជាងកម្មវិធី គឺកើតឡើងដោយសារតែភាពធ្វេសប្រសហែស និង គ្មានការទទួលខុសត្រូវ។ លោកស្មើអោយយកចិត្តទុកដាក់លើករណីនេះឡើងវិញ ហើយត្រូវខិតខំពង្រឹងគុណភាពលើការបង្រៀន។

គួរបញ្ជាក់ផងដែរថា វិទ្យាល័យបូរី១០០ខ្នង កំពុងក្លាយជាវិទ្យាល័យគំរូមួយ ដែលបានអនុវត្តន៍វិន័យសិស្ស និង គ្រូបានយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិសិស្សស្លៀកពាក់ខុសឯកសណ្ឋានសាលាចូលសាលា មិនអនុញ្ញាតិអោយសិស្សប្រើទូរស័ព្ទក្នុងម៉ោងសិក្សា និង ត្រួតពិនិត្យវិន័យបានល្អទាំងសិស្ស និង គ្រូ ដូច្នេះហើយទើបការពង្រឹងវិន័យតាមរយៈកិច្ចប្រជុំនេះ នឹងកាន់តែជួយអោយគុណភាពសិក្សារបស់វិទ្យាល័យនេះ កាន់តែល្អទ្វេរដង។




LEAVE A REPLY

Please enter your comment!
Please enter your name here