កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០២៣ ប្រធានអង្គការផ្កាយសមុទ្រ ដែលជាអង្គការផ្ដល់ការផ្គត់ផ្គង់ដល់កុមារក្រីក្រ និង ក្មេងៗរស់នៅជុំគំនរសំរាមស្ទឹងមានជ័យ បានរៀបចំពិធីតែងតាំង លោកស្រី ប៊ុន ចាន់និមល ជាសមាជិកគណកម្មការប្រឹក្សា របស់អង្គការយ៉ាងអធឹកអធម។
ពិធីនេះ ក៏មានវត្តមានសិល្បករចូលរួម និង ភ្ញៀវកិត្តិយសជាច្រើនផងដែរ ដើម្បីអបអរដល់តួនាទីថ្មី ដែលលោកស្រីម្ចាស់ផលិតកម្មសាស្ត្រាហ្វៀមបានទទួល និង ដើម្បីលើកទឹកចិត្តដល់ក្មេងៗ ដែលត្រូវការការយកចិត្តទុកដាក់។ លោកស្រី ប៊ុន ចាន់និមល ក៏បង្ហាញនូវអារម្មណ៍ក្ដុកក្ដួលផងដែរ បន្ទាប់ពីប្រវត្តិដ៏កម្សត់របស់អ្នកនាង ត្រូវបានគេយកមកបង្ហាញ ហើយធ្វើជាគំរូឧទាហរណ៍ដើម្បីជាសារដល់ក្មេងៗ។
លោកស្រីថា ខ្លួនគឺជាកូនអ្នកក្រ ហើយមានប្រវត្តិផ្សងព្រេងយ៉ាងលំបាក តែអ្វីដែលលោកស្រីអាចមានថ្ងៃនេះ គឺការសិក្សា ទើបលោកស្រីនឹងបំផុសអោយក្មេងៗត្រូវតែខំសិក្សា បើទោះជាពួកគេស្ថិតក្នុងស្ថានភាពជីវភាពបែបណាក៏ដោយ។ ការលើកឡើងរបស់លោកស្រី ក៏ក្លាយជាសារដ៏សំខាន់ និង ធ្វើអោយអ្នកចូលរួមបង្ហួរទឹកភ្នែកមិនតិចដែរ ក្រោយពេលលោកស្រីលាតត្រដាងពីប្រវត្តិអតីតកាល៕