កាលពីថ្ងៃទី ២៩ សីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យ Universal Ministries of the King’s College ដែលបានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានប្រគល់សញ្ញាប័ត្របណ្ឌិត ជូននិស្សិតខ្មែរ និង បរទេសជាង៤០រូប ដែលបានប្រលងជាប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ តាមរយៈការសិក្សាតាមរយៈអនឡាញ។ ពិធីប្រគល់នេះ បានធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពីសហរដ្ឋអាមេរិកមកប្រគល់ជូនដោយផ្ទាល់។
ក្នុងចំណោម និស្សិតទាំងខ្មែរ និង បរទេស ដែលទទួលបានសញ្ញាបណ្ឌិតនៅក្នុងថ្ងៃនោះ ក៏មានវត្តមាន លោក ស៊ីម មាស ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា ផងដែរ បន្ទាប់ពីលោកបានចំណាយពេលសិក្សាតាមអនឡាញ ហើយប្រលងជាប់តាមលក្ខណ្ឌរបស់សាកលវិទ្យាល័យ។ ពិធីនេះ ក៏ត្រូវបានរៀបចំឡើង យ៉ាងអធឹកអធម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងត្រូវបានរៀបចំឡើងយ៉ាងមានកិត្តិយស ដើម្បីលើកមុខនិស្សិតមកពីប្រទេសផ្សេងៗ ដែលជាអ្នកទទួលបានសញ្ញាប័ត្របណ្ឌិតនេះផងដែរ។
ក្រៅពីទទួលបានសញ្ញាប័ត្របណ្ឌិត ដែលជាសមិទ្ធិផលមួយដ៏ធំពីការសិក្សាតាមអនឡាញ ក្នុងរយៈពេលច្រើនឆ្នាំ លោក ស៊ឹម មាស ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ពីថ្នាក់ដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះ និង ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ Universal Ministries of the King’s College ដែលជាអ្នកចុះមកប្រគល់ជូនដោយផ្ទាល់ផងដែរ។