ក្នុងចំណោមវិទ្យាល័យនៅរាជធានីភ្នំពេញ បូរី១០០ខ្នង ត្រូវបានគេចាត់ទុកថាជាវិទ្យាល័យមួយ ដែលមានបរិវេណតូច តែវិទ្យាល័យនេះ ក៏មានចំណុចខ្លឹមផងដែរ ទាំងវិន័យ គុណភាពសិក្សា ដោយមានសិស្សជាង៤០០០នាក់ក្នុងសាលាដែលគេចាត់ទុកថាជាវិទ្យាល័យតូចមួយនេះ។ ចំណុចខ្លាំងជាច្រើននេះហើយ ដែលនៅថ្ងៃទី៩ តុលា ឆ្នាំ២០២៣ មុននេះ អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និង កីឡា ឯកឧត្តម ជា ជាតិ បានដឹកនាំគណនាយកអនុវិទ្យាល័យ និង វិទ្យាល័យ ទូទាំងរាជធានីភ្នំពេញ សរុបជាង៦០អនុវិទ្យាល័យ និង វិទ្យាល័យ ដោយមានថ្នាក់ដឹកនាំ មួយសាលា២នាក់ និង ថ្នាក់ដឹកនាំក្រសួង មន្ទីរសរុប១៦០នាក់ មកទទួលបទពិសោធន៍គ្រប់គ្រង ពីគណគ្រប់គ្រងវិទ្យាល័យរបស់វិទ្យាល័យមួយនេះ។ ក្នុងដំណើរមកដល់របស់ថ្នាក់ដឹកនាំក្រសួង និង គ្រឹះស្ថានអប់រំ ទូទាំងរាជធានីភ្នំពេញនេះ ក៏មានសកម្មភាពទស្សនកិច្ចតាមថ្នាក់រៀន ដើម្បីដកស្រង់នូវបទពិសោធន៍ បង្រៀន និង រៀននៅតាមថ្នាក់ផងដែរ បន្ទាប់ពីវិទ្យាល័យបូរី១០០ខ្នង ក៏ត្រូវបានគេចាត់ទុកថា គឺវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ ដែលល្អទាំងឥរិយាបថរបស់សិស្ស លទ្ធផលសិក្សា និង វិន័យក្នុងការគ្រប់គ្រង។

លោក ភោគ ផលបុណ នាយកវិទ្យាល័យបូរី១០០ខ្នង បានឡើងធ្វើបទបង្ហាញ ចែករំលែកពីគន្លឹះសំខាន់ៗ ដែលនាំអោយលោក និង គណគ្រប់គ្រង អាចដឹកនាំសាលា អោយមានវិន័យ និង ទទួលបានលទ្ធផលល្អ ក្នុងឆ្នាំសិក្សា។ ក្រោយបញ្ចប់ការចែករំលែក គណគ្រប់គ្រងវិទ្យាល័យផ្សេងៗ ដែលចូលរួម បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះបទបង្ហាញ និង ទម្រង់ក្នុងការដឹកនាំរបស់ លោក ភោគ ផលបុណ និង គណគ្រប់គ្រង។

ឯកឧត្តម ជា ជាតិ ក៏ចាត់ទុកថា ជំនួបគណគ្រប់គ្រង នៅគ្រប់វិទ្យាល័យ និង អនុវិទ្យាល័យ នៅក្នុងវិទ្យាល័យបូរី១០០ខ្នងនេះ ថាជាការដោះដូរបទពិសោធន៍គ្រប់គ្រង និង ដឹកនាំមួយដ៏ល្អផងដែរ។ សកម្មភាពនេះ ក៏ជាឱកាសជួយអោយថ្នាក់ដឹកនាំនៅតាមវិទ្យាល័យ និង វិទ្យាល័យ នៅទូទាំងរាជធានី បានបង្កើនទំនាក់ទំនងគ្នា និង ទទួលបានព័ត៌មានពីគ្នាទៅវិទៅមក និង ទទួលបានព័ត៌មានថ្មីៗ ពីថ្នាក់ដឹកនាំក្រសួង និង មន្ទីរ ដើម្បីដកស្រង់បទពិសោធន៍ ចំណេះដឹងពីគ្នាផងដែរ។

វេទិកាផ្លាស់ប្ដូរបទពិសោធន៍នេះ ក្រសួងក៏នឹងប្រកាសធ្វើអោយបានញឹកញាប់ផងដែរ ដោយជ្រើសយកសាលា ដែលមានទម្រង់ដឹកនាំល្អ វិន័យល្អ អោយបន្តធ្វើការចែករំលែក និង ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ។ ថ្នាក់ដឹកនាំក្រសួង ក៏បានណែនាំពីគោលការណ៍ថ្មីៗ ដើម្បីអោយគណគ្រប់គ្រងសាលាទាំងអស់់ ដែលចូលរួម យកទៅអនុវត្តន៍ អោយទទួលបានលទ្ធផល កាន់តែវិជ្ជមាន។


LEAVE A REPLY

Please enter your comment!
Please enter your name here