បើទោះជាបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាយូរទៅហើយ ក៏អណិកជនមួយរូប គឺលោក Kevin LMass នៅតែមានបេះដូងគិតគូរដល់ស្រុកទេស ដោយតែងតែបរិច្ចាគ និង គៀងគរជំនួយពីគ្រប់ទិសទីមកជួយកុមារកំព្រា និង ជួយជាប្រយោជន៍ដល់កូនខ្មែរ ជារឿយៗ។

ជាក់ស្ដែងនៅក្នុងពេលនេះ លោកក៏បានគៀងគរជំនួយរហូតដល់ជាង៤ពាន់ដុល្លារ តាមរយៈលោកស្រី ប៉ូ ស្រីគង់ និង បេន សុផល ប្រធានមណ្ឌលកុមារកំព្រាមស្នាមញញឹមថ្មី នៃកុមារ ដើម្បីអោយយកទៅបុកអណ្ដូង និង ធ្វើ Playground ជូនដល់សាលាខ្វះខាតមួយកន្លែង នៅខេត្តកំពត ដែលជាសាលាដាច់ស្រយ៉ាលមួយ ស្ថិតក្នុងភូមិចាណាង ស្រុកឈូក។

ក្នុងដំណើរចុះទៅដល់សាលាបឋមសិក្សាសាមគ្គីភ្នំរលៀងដែលកំពុងខ្វះខាតដោយផ្ទាល់ កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ២០២៤ ក្រោមការរៀបចំរបស់តំណាងសប្បុរសជនជាច្រើន ដែលសុទ្ធតែបានរួមចំណែកជួយសាងសង់សាលា លោកស្រី ប៉ូ ស្រីគង់ បានថ្លែងប្រាប់ថា សាលានេះមានភាពខ្វះខាតច្រើនណាស់ ដោយខ្វះសូម្បីតែអណ្ដូងទឹកប្រើ ហើយដោយសារតែលោកស្រី ក៏ចុះឡើងមកយកក្មេងកំព្រានៅក្នុងភូមិនេះ ជាញឹកញាប់ដឹងដល់ការលំបាក ទើបលោកស្រីតែងតែយកម្ហូបអាហារ ស្បៀង សម្ភារៈសិក្សា និងថវិកាជាហូរហែរ ដែលបានពីសប្បុរសជន ជួយដល់កុមារកំព្រានៅក្នុងមណ្ឌល យកមកចែករំលែក។ បន្តបន្ទាប់មក ក៏ទទួលបានជ្រោមជ្រែងពីលោក Kevin LMass ដើម្បីជួយបុកអណ្ដូង និង រៀបចំជា Play Ground សរុបជាទឹកប្រាក់ជាង៤០០០ដុល្លារ ដោយលោក Kevin LMass បានប្រគល់សិទ្ធិអោយលោកស្រី និង ស្វាមី ជាអ្នកចាត់ចែង ទៅមើលការសាងសង់។

លោកស្រីថា សាលានេះ មានការខ្វះខាតសូម្បីតែអគារសិក្សា ហើយអគារសិក្សា ដែលមាននៅក្នុងបរិវេណសាលានេះ គឺសុទ្ធតែកើតឡើងពីជួយពីសំណាក់សប្បុរសជនភាគច្រើន។ ក្នុងនោះ អង្គការចំនួន២ ដែលជាអ្នកស្វះស្វែងជួយសាងសង់ដល់សាលានេះ គឺសមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជា-ចិន និង អង្គការសប្បុរសធម៌ Golden។ ជាមួយនឹងការរួមសហការរវាងអង្គការទាំង២ និងសប្បុរសជនពីគ្រប់ទិសទី តាមរយៈមណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី នៃកុមារ និង ពីសប្បុរសជននានានេះ លោកស្រី ប៉ូ ស្រីគង់ ថាគឺជាការរួមចំណែកជួយអោយសាលាបឋមសិក្សាសាមគ្គីភ្នំរលៀងមួយនេះ កាន់តែទទួលបានការជ្រោមជ្រែង ហើយលោកស្រីក៏សូមថ្លែងអំណរគុណដល់លោក Kevin LMass នៅអាមេរិកផងដែរ ដែលក្រៅពីជួយដល់មណ្ឌលរបស់លោកស្រី ក៏បានប្រកាសជួយបុកអណ្ដូង និង ធ្វើ Playground ជូនដល់សាលា បន្ថែមពីលើការជ្រោមជ្រែងរបស់សប្បុរសជនផ្សេងទៀត។

សមិទ្ធិផលទាំងអស់នេះ នឹងរួចរាល់ទាំងស្រុង ហើយត្រៀមសម្ពោធប្រគល់ជូននាយកសាលា និង ពលរដ្ឋប្រើប្រាស់ជាប្រយោជន៍នាពេលខាងមុខ ដោយលោកស្រីថា អណ្ដូងដែលកំពុងសាងសង់នេះ គឺជាអណ្ដូងធំ ដែលប្រើជាប្រយោជន៍រួមរបស់អ្នកភូមិ ស្របពេលដែលតំបន់នោះ ក៏ខ្សត់ប្រភពទឹកជីកអណ្ដូងត្រឹមរាក់ៗ ក៏មិនងាយចេញ។ លោកស្រីក៏សន្យាថា នឹងបន្តជួយគៀងគរសប្បុរសជន និង បន្តជួយយកសម្ភារៈសិក្សា និង ស្បៀងអាហារទៅចែកជូនកុមារៗ និង ប្រជាសហគមជាបន្តផងដែរ ដើម្បីជួយសម្រួលដល់ប្រជាសហគមនោះដោយផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here