នៅក្នុងកិច្ចប្រជុំស្ដីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និង ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជានឹងប្ដេជ្ញាបញ្ចប់របេងអោយបាន នៅឆ្នាំ២០៣០ ដោយបង្កើនយុទ្ធនាការផ្សព្វផ្សាយ និង ព្យាបាល អោយកាន់តែមានប្រសិទ្ធិភាព ចាប់ពីនេះតទៅ។
យ៉ាងណាមិញ លោក ជួប សុខចំរើន ប្រធានអង្គការហ្គាណា បានអះអាងថា នៅឆ្នាំ២០៣០ មិនមែនមានន័យថា កម្ពុជានឹងគមានអ្នកជម្ងឺរបេងទាំងស្រុងនោះទេ តែនឹងបញ្ចប់ការចម្លងពីម្នាក់ទៅម្នាក់ ដោយសារតែកម្ពុជានឹងជំរុញអោយមានការពារ មានការយល់ដឹង និង ជំរុញអោយអ្នកដែលផ្ទុករួចហើយ បង្កើនការព្យាបាល និង ថែរក្សាខ្លួនកុំធ្វើជាអ្នកចម្លងទៅកាន់អ្នកជុំវិញខ្លួន។
លោកថា នៅកម្ពុជាសព្វថ្ងៃ កាន់តែមានស្ថានភាពល្អប្រសើរឡើងពាក់ព័ន្ធនឹងបញ្ហារបេង ហើយបើទោះជាអត្រាឆ្លងនាពេលបច្ចុប្បន្ននៅតែមានតួលេខប្រចាំឆ្នាំនៅច្រើន តែបើធៀបនឹងឆ្នាំកន្លងទៅ គឺថយចុះច្រើន ហើយតាមរយៈការសហការ និង ការចូលរួមផ្សព្វផ្សាយពីគ្រប់ទិសទី ពិសេសពីតំណាងសិល្បករសិល្បការិនីរបស់គ្រួសារតារាកម្ពុជា ជាហូរហែរផង ឃើញថាការយល់ដឹងពីបញ្ហារបេងនេះ កាន់តែទូលំទូលាយ។
លោកជំរុញបន្ថែមទៀត អោយមានការផ្សព្វផ្សាយ និង ស្នើអោយអ្នកជម្ងឺរបេង កុំបាក់ទឹកចិត្ត ដ្បិតតែការព្យាបាល និង ពេលកើតហើយ គឺមានសភាពធ្វើទុក្ខពិបាកទ្រាំ តែជម្ងឺនេះគឺព្យាបាលជា និង មិនមែនជាជម្ងឺតពូជឡើយ បើមានការការការពារ និង ថែទាំសុខភាពបានដិតដល់។ នៅក្នុងកិច្ចប្រជុំនេះ លោកក៏សម្ដែងការកោតសរសើរផងដែរ ដល់គ្រប់ភាគី ដែលបានចែករំលែកគំនិត និង បង្ហាញពីការប្ដេជ្ញា ដើម្បីអោយនៅទូទាំងកម្ពុជា គ្មានការរាលដាល ដោយជម្ងឺរបេង នៅឆ្នាំ២០៣០ តាមអ្វីដែលបានគូសទុក។