នៅទីបំផុត សមាគមមួយដែលមានគោលដៅដឹកនាំយុវជន អោយគាំទ្រ និង ព្រះពុទ្ធសាសនា ត្រូវបានប្រកាសដំណើរហើយ ដោយបានធ្វើពិធីបើកសម្ពោធយ៉ាងអធឹកអធម កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២៣។ សមាគមនេះ មានឈ្មោះថា សមាគមព្រះធម៌ ដើម្បីអប់រំយុវជន ដោយស្ថាបនិកដ៏ឆ្នើម ដែលជាអ្នកបង្កើតសមាគមនេះ គឺលោកឧកញ៉ា យ៉ន សេងហាន ដែលអ្នកណាក៏ស្គាល់ថា គឺជាអ្នកជំនួញល្បីឈ្មោះ និង ជាអ្នកមានស្នាដៃជាច្រើនក្នុងសង្គម។ ពិធីសម្ពោធសមាគមន៍នេះ ត្រូវគេឃើញចូលរួមសុទ្ធតែមុខអ្នកការ និង យុវជន ដែលមានឆន្ទៈគាំទ្រព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំជាគណអធិបតី និង ព្រះសង្ឃ ដែលបានចូលរួម ក៏បានផ្ដល់ឱវាទ និង ពុទ្ធឱវាទ ដល់អ្នកស្ដាប់ផងដែរ ដើម្បីលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា និង ដើម្បីអោយមើលឃើញពីគុណតម្លៃនៃព្រះធម៌អប់រំចិត្ត។ នៅក្នុងពិធីនោះក៏ការតែងតាំង ប្រធានកិត្តិយស អនុប្រធាន ក្រុមប្រឹក្សាភិបាល និង ឧត្តមទីប្រឹក្សាជាន់ខ្ពស់ ដល់ឥស្សរជនមួយចំនួន ដើម្បីអោយជួយទ្រទ្រង់ដល់សកម្មភាពរបស់សមាគមផងដែរ។

លោកឧកញ៉ា យ៉ន សេងហាន ប្រធានសមាគមបានលើកឡើងថា ដោយសារតែលោកគឺជាអ្នកបួសរៀន និង យល់ដឹងច្រើនពីវិស័យព្រះពុទ្ធសាសនា ទើបលោកឧកញ៉ា តែងតែដឹកនាំក្រុមការងារ និង យុវជនជាហូរហែរកន្លងមក ដើម្បីធ្វើសកម្មភាពស្ដាប់ព្រះធម៌អប់រំចិត្ត ហើយដោយសារតែមានសមាជិកកាន់តែច្រើន និង កត់សម្គាល់ឃើញថា សកម្មភាពស្ដាប់ព្រះធម៌ និង ធ្វើសម្មាធិអប់រំចិត្តនេះ មានប្រយោជន៍ច្រើនសម្រាប់អ្នកអនុវត្តន៍ និង ចង់អោយយុវវ័យកាន់តែច្រើន បានចូលរួមផង ទើបឈានដល់ការបង្កើតជាសមាគម។

លោកសប្បាយចិត្តយ៉ាងខ្លាំងដែលក្នុងពិធីបើកសម្ពោធ មានការចូលរួមយ៉ាងច្រើនកុះករ ដោយមានទាំងព្រះសង្ឃ និង បាសក ដែលជាការផ្សារភ្ជាប់គ្នារវាងវិស័យពុទ្ធចក្រ និង អាណាចក្រ។ សមាគមនេះ ក៏នឹងធ្វើសកម្មភាពជាប្រយោជន៍ជាច្រើន ជាមួយនឹងយុវវ័យ ដើម្បីចូលរួមលើកស្ទួយព្រះធម៌ និង ព្រះពុទ្ធសាសនាផងដែរ៕




LEAVE A REPLY

Please enter your comment!
Please enter your name here