ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ប្រដាល់អន្តរជាតិនៅប៉ុស្តិ៍លេខ៥ ដែលបានធ្វើឡើងនៅសង្វៀនព្រែកកំពិស កាន់តែផ្ទុះការគាំទ្រខ្លាំងឡើងៗ ដោយមិនត្រឹមតែមានអ្នកទៅទស្សនាផ្ទាល់ និង តាមដានទស្សនានៅលើបណ្ដាញសង្គមច្រើនឡើងៗតែម្យ៉ាងនោះទេ គឺសូម្បីតែដៃគូស្ពុនស័រ ក៏កាន់តែចូលច្រើនផងដែរ ដោយក្រុមហ៊ុនខ្លះ ថែមទាំងផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករ ដែលកាន់តែធ្វើអោយវិស័យប្រដាល់ ត្រូវបានទទួលនូវការលើកទឹកចិត្ត។ ស្របពេលដែលមួយគូៗ ដែលស្ថាប័ននេះជ្រើសឡើងលើររេញ គឺល្អមើលទាំងគូខ្មែរ និង គូបរទេសផង ទើបកាន់តែធ្វើអោយអ្នកគាំទ្រប្រដាល់របស់ស្ថាប័ននេះ គឺកើនឡើងជាលំដាប់។ អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។

សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្ដូរយុទ្ធសាស្ត្រមិនយកអ្នកល្បី តែប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។ ជាក់ស្ដែងមួយគូអន្តរជាតិរវាង កីឡាករកម្ពុជា ខុន បូឡា និង កីឡាករថៃ FA NEMITH គឺថាអ្នកទាំងពីរប្រកួតគ្នាធ្វើអោយអ្នកទស្សនាហើបជើងពីកៅអី រេចុះរេឡើង តាមសង្វាក់វាយប្រយុទ្ធគ្នាយ៉ាងជក់ចិត្ត ទម្រាំតែកីឡាករទាំងពីរនេះ អាចរកឃើញលទ្ធផលស្មើ។ គូប្រកួតផ្សេងទៀត កាលពីថ្ងៃអាទិត្យទី២២ តុលា កន្លងទៅ ក៏វាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញផងដែរ មុនពេលគូប្រកួតនីមួយៗរកឃើញចាញ់ឈ្នះ។ ពិធីករ ដែលជាអ្នកអត្ថាធិប្បាយ ថែមទាំងប្រកាសថា មិនយូរនោះទេ គឺអ្នកគ្រប់គ្រងស្ថាប័ននេះ នឹងរៀបចំអោយមានការប្រកួតដណ្ដើមខ្សែក្រវាត់ រវាងកីឡាករបរទេសដែលល្បីឈ្មោះ និង កីឡាករកម្ពុជាអោយកក្រើកដូចមុនកូវីតនោះផង ដើម្បីឆ្លើយតបនឹងការគាំទ្រ ដែលស្ថាប័ននេះ បានទទួលក្រោយពេលដំណើរការសង្វៀនឡើងវិញ។

ការប្រកាសនេះ បានធ្វើអោយគេប៉ាន់ស្មានភ្លាមៗថា មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្ដើមខ្សែក្រវាត់បែបនេះកក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្ដល់អោយកីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបានតម្លៃខ្លួនខ្ពស់ពីការប្រកួត។ អ្នកអត្ថាធិប្បាយថែមទាំងប្រកាសទៀតថា កីឡាករកម្ពុជា មិនបាច់ភ័យរឿងអត់សង្វៀនវ៉ៃទេ អោយតែមានសមត្ថភាព អោយតែខ្លាំង ដាក់វ៉ៃម្ដងអាចធ្វើអោយអ្នកទស្សនាជក់ចិត្ត គឺទោះជាមិនល្បីក៏បានឡើងគូឯកដែរ ហើយចង់មិនចង់ គឺអាចក្លាយជាអ្នកប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយបរទេសផង នៅពេលប៉ុស្តិ៍លេខ៥ រៀបចំអោយមានការប្រកួតនោះឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here