ការប្រកួតបើកក្បាល២០២៤ នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៤ មុននេះ កីឡាករថៃស៊ីដាច់ផ្ងារកីឡាករកម្ពុជាទាំង២គូតែម្ដង ដែលធ្វើអោយអ្នកគាំទ្រកីឡាករកម្ពុជាខកចិត្ត។ កីឡាករកម្ពុជា រិទ្ធី សុជាតិ មកពីក្លិបប្រដាល់គុនខ្មែរ Super Fight & Gym សមាគមកីឡាកងយោធពលខេមរភូមិន្ទ ត្រូវបានកីឡាករថៃ Pich Nakhorn បំបាក់ក្នុងទឹកទី៣ ខណៈដែលកីឡាករកម្ពុជា ពុទ្ធ សំបូរ មកពីក្លិបបញ្ជាការដ្ឋានកាំភ្លើងធំ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ត្រូវបានកីឡាករថៃ Send Sakgnen បំបាក់ក្នុងទឹកទី២។
យ៉ាងណាមិញ មុនបំបាក់កីឡាករកម្ពុជាទាំង២បាន កីឡាករថៃក៏ទក់សាច់មិនតិចដែរ។ ២គូនេះ ទំនងជាប៉ុស្តិ៍លេខ៥ នឹងអោយប៉ះគ្នាឡើងវិញឆាប់ៗ ដោយសារតែអ្នកគាំទ្រខ្មែរមិនអស់ចិត្ត និង ចង់អោយកីឡាករខ្មែរ ត្រលប់មកសងសឹកស្ដារមុខមាត់ឡើងវិញ។ នេះគឺជាការប្រកួតប្រចាំថ្ងៃសៅរ៍នៅសង្វៀនព្រែកកំពិស ប៉ុស្តិ៍លេខ៥ ដែលស្ថាប័ននេះ បានប្ដូរពីថ្ងៃអាទិត្យ ប្រចាំសប្ដាហ៍នោះ។
អ្នកគ្រប់គ្រងកម្មវិធីបញ្ជាក់ថា ចាប់ពីថ្ងៃសៅរ៍ ក្រោយតទៅ ការប្រកួតគូអន្តរជាតិ កាន់តែល្អមើល ហើយក៏បានព្រមានកីឡាករកម្ពុជាផងដែរ ប្រសិនបើប្រកួតមិនអស់សមត្ថភាព ឬ ខ្វះបម្រុងប្រយ័ត្ន ធ្វើអោយសមត្ថភាពថយចុះ ដោយស្ថាប័ននេះ ប្រកាសថានឹងបន្តលើកស្ទួយតែកីឡាករណា ដែលមានឆន្ទៈពិតប្រាកដ ក្នុងសង្វៀនប៉ុណ្ណោះ៕