មកទល់ពេលនេះ Chao Khun Tailor បានដំណើរការនៅក្នុងទីក្រុងបាងកក ប្រទេសថៃបាន 3ជំនាន់រួចមកហើយ នឹងទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនដែលជាក្រុមអភិជនរាប់ទាំងនាយករដ្ឋមន្ត្រី និងក្រុមតារាទាំងក្នុងនិងក្រៅស្រុកច្រើនមិនធម្មតា។ ហាងកាត់ដេរសម្លៀកបំពាក់បុរសដ៏ល្បីលំដាប់ 5Stars នេះដែរ ត្រូវបានគេដឹងថារាល់សម្លៀកបំពាក់គឺមានតម្លៃមិនធម្មតា ដោយក្នុងមួយឈុតមានតម្លៃរហូតដល់១២០០០ដុល្លារសហរដ្ឋអាមេរិកឯណោះ ហើយកាលពីថ្ងៃទី3 ខែតុលានេះដែរហាងកាត់ដេរសម្លៀកបំពាក់ដ៏ល្បីនេះបានធ្វើពិធីក្រុងពាលី ត្រៀមបើកសម្ពោធជាផ្លូវការ និងដំណើរការលក់នៅថ្ងៃទី1 ដើមខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះក្នុងប្រទេសកម្ពុជាយើងផងដែរ។

អ្នកស្រី សិរិណាត់ ស៊ូងប្រាសិទ ជាCEOរបស់ Chao Khun Tailor បានមានប្រសាសន៍ថា ពិធីក្រុងពាលីនេះ នឹងបង្ហាញជាមុនសិនថា សំលៀកបំពាក់ប្រេន 5Stars ដែលក្នុងប្រទេសជាពិសេសអ្នកក្នុងឋានៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមានៗ និងតារាល្បីៗ និយមប្រើ នឹងត្រៀមបើកសម្ពោធនៅកម្ពុជា ក្នុងពេលខាងមុខ។ អ្នកស្រីថា ទីតាំងដែលនឹងដំណើរការនៅផ្ទះលេខ៣៤ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង នេះ នឹងរំពឹងថា នឹងទទួលជោគជ័យមិនអន់ជាងសាខានៅក្នុងប្រទេសផ្សេងនោះទេ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនក៏និយម និង ស្គាល់ប្រេនល្បីល្បាញមួយនេះរួចមកហើយ។ ក្រៅពីឈុតសម្លៀកបំបំពាក់លក្ខណៈអភិជនរបស់បុរស ហាងកាត់ដេរចៅឃុន ក៏មានជាឈុតសម្លៀកបំពាក់សម្រាប់អាពាហ៍ពិពាហ៍របស់បុរសផងដែរ ហើយហាងកាត់ដេរផ្ទាល់ក៏នឹងត្រៀមកាត់ដេរនូវសម្លៀកបំពាក់សម្រាប់នារីបន្ថែមទៀតបើសិនជា ភាគរយនៃសន្ទុះការគាំទ្រនិងតម្រូវការអតិថិជននារីមានការការកើនឡើង។

លោក សុផាក់ឆៃ វិរៈភុជុង្គ ម្ចាស់ហាងកាត់ដេរចៅឃុន ដែលជាអគ្គនាយិកាប៉ុស្តិ៍លេខ៥ផង បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ ហាងចៅឃុនដ៏ល្បីនេះ បានដំណើរការនៅក្នុងប្រទេសថៃប្រមាណជា៦០ឆ្នាំហើយ ដោយមុនមកដល់កម្ពុជា ហាងនេះក៏មានវត្តមាននៅក្នុងបណ្ដាប្រទេសមួយចំនួនផងដែរ។ ការសម្រេចបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជានេះ គឺបន្ទាប់ពីយល់ឃើញថា ប្រជាជនកម្ពុជាមួយចំនួន ក៏និយមប្រេនដ៏ល្បី និង មានតម្លៃមួយនេះផងដែរ និងម្យ៉ាងគឺចង់រួមចំណែក ជួយសម្រួលដល់បងប្អូនខ្មែរពិសេសអ្នកដែលនិយមស្លៀកសម្លៀកបំពាក់ទម្រង់ 5Stars កុំឱ្យធ្វើដំណើរហោះហើរវែងឆ្ងាយក្នុងការទៅទិញសម្លៀកបំពាក់ដល់ក្រៅប្រទេស នោះផង ទើបលោកសម្រេចបោះទុនបើកសាខាផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ រាល់សម្លៀកបំពាក់ដែលច្នៃចេញពីហាង ចៅឃុនផ្ទាល់គឺសង្កត់ធ្ងន់ទៅលើគុណភាពសាច់ក្រណាត់ និងប្រណិតភាពខ្ពស់ព្រមទាំងមានអត្តសញ្ញាណផ្ទាល់ខ្លួន ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នករសនិយម។







LEAVE A REPLY

Please enter your comment!
Please enter your name here