នៅខេត្តសៀមរាប ម្ចាស់ក្រុមហ៊ុន ពោនដេគ័រ របស់លោក ពូក ពោន គឺអាចនិយាយបានថា ជាក្រុមហ៊ុនធំ និង កំពុងជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាម្ចាស់អាជីកម្ម ដែលបម្រើសេវាកម្មដេគ័រ រៀបពីស ក្ដារ និង ក្រាលព្រំជាដើម។ ជាក់ស្ដែងកម្មវិធីធំៗ នៅតំបន់ប្រាសាទ ស្ទើរតែគ្មានកម្មវិធីណាមួយ ដែលគេចផុតពីការរៀបចំរបស់ ពោនដេគឹរនោះទេ។

យ៉ាងណាមិញ បើកក្រឡេក ទៅមើលអតីតកាល លោក ពូក ពោន គ្រាន់តែជាអតីតអ្នកដើរថតរូបនៅមុខប្រាសាទ ដែលសូម្បីតែថវិកាដើម្បីអោយអ្នកម្ដាយបានហូបឆ្ងាញ់ ក្នុងពេលអ្នកម្ដាយមានជម្ងឺ ក៏គ្មានប៉ុណ្ណោះ។ អ្វីដែលកត់សម្គាល់ គឺលោកថែមទាំងមិននឹកស្មានថា ខ្លួនអាចមានឱកាសបានធ្វើបុណ្យធំ ឡើងផ្អើលអ្នកសៀមរាបកាលពីថ្ងៃទី29 ខែកុម្ភៈ និង ថ្ងៃទី1 មីនា ឆ្នាំ2024 នោះផង។ ពិធីបុណ្យពូនភ្នំខ្សាច់ បច្ច័យបួន និង ចម្រើនព្រះជន្មជូនលោកឪពុក និង ដើម្បីឧទ្ធិសកុសលជូនអ្នកម្ដាយ ដែលលោកបានធ្វើនេះ គឺចំណាយយ៉ាងហោច5ម៉ឺនដុល្លារ គ្រាន់តែដេគ័រ និង តុបតែង។

ពិធីនេះ ក៏មានវត្តមានអ្នកមានមុខមានមាត់ ម្ចាស់ជំនួញ និង ជួររាជការប្រចាំខេត្តចូលរួមយ៉ាងកុះករផងដែរ ទើបលោក ពូក ពោន ដែលជាម្ចាស់ពិធីស្ទើរស្រក់ទឹកភ្នែក នៅពេលគិតដល់អតីតកាល ដែលលោកស៊ឹងមិនជឿថាអាចមានថ្ងៃនេះ។ នេះគឺជាពិធីបុណ្យធំ ដោយមានការរាប់បាត្រពីសំណាក់ព្រះអង្គរហូតដល់110អង្គ ដោយមានវត្តមានចៅអធិការវត្តមកពីគ្រប់វត្តនៅខេត្តសៀមរាប និង ត្រូវបានគេចាត់ទុកថា គឺជាពិធីបុណ្យធំមួយ ដែលរៀបចំតាមផែនក្បួនខ្នាត ប្រចាំនៅខេត្តសៀមរាប។

លោក ពូក ពោន បញ្ជាក់ថា គម្រោងរាប់បាត្រតែ79អង្គ អោយត្រូវនឹងអាយុរបស់ឪពុកតែប៉ុណ្ណោះ តែដោយមានការស្នើសុំ ទើបឈានដល់110អង្គ ហើយកាន់តែមានការជាទ្រង់ទ្រាយធំ ដើម្បីអោយអ្នកធ្លាប់ស្គាល់លោកបានជាភ្ញៀវចូលរួមគ្រប់គ្នា។ ពិធីនេះក៏មានទទួលអាហារមិនកំណត់ពេល មិនកំណត់ចំនួន និង មានភេសជ្ជៈ ទទួលភ្ញៀវហូបម៉ាអស់ដៃនោះផង។ ដូច្នេះហើយ ទើបគេមើលឃើញថា នេះគឺជាជោគជ័យដ៏ធំធេង ក្រោយពីលោកតស៊ូ រហូតក្លាយជាម្ចាស់ក្រុមហ៊ុនធំមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here