កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋសភា បានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិសភា ដែលចេញពីសភា ដើម្បីទៅកាន់តួនាទីថ្មី នៅស្ថាប័នព្រឹទ្ធសភា ក្នុងអណ្ណត្តិទី៧។ ជាលទ្ធផល លោក សុខ ឥសាន និងលោក ហេង ហាលីម បានក្លាយជាសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតនេះ។
ការបោះឆ្នោតនេះមានបេក្ខជនចំនួន៤រូប ក្នុងនោះ លោក សុខ ឥសាន ទទួលបានសន្លឹកឆ្នោតយល់ព្រម ចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ចំណែក លោក ហេង ហាក់លីម ទទួលបានសន្លឹកឆ្នោត យល់ព្រមចំនួន ១១២សំឡេង ដែលជាសំឡេងមួយខ្ពស់ ក្នុងចំណោមសមាជិកសភាទាំងមូល។

កិច្ចប្រជុំវិសាមញ្ញរដ្ឋសភានេះ បានធ្វើឡើង ក្រោមអធិបតិភាព សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមបោះឆ្នោតពី តំណាងរាស្រ្តក្នុងតំណែងចំនួន១១៣រូប។
យោងទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា មានចំនួនពាក់ណ្តាលនៃសមាជិករដ្ឋសភា ពោលគឺត្រូវមានចំនួន៦២រូប ដោយ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, ២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមរយៈមតិភាគច្រើន។ ចំណែកសមាជិកដទៃទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

តាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ស្មើនឹង៥៥អាសនៈ ខណៈដែលគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ។ ការរៀបចំព្រឹទ្ធសភា នឹងធ្វើឡើងក្រោយប្រកាសលទ្ធផលផ្លូវការ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here