កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានរៀបចំពិធីប្រគល់ពានយ៉ាងកក្រើក ជូនដល់ម្ចាស់ជ័យលាភីសរុបចំនួនជាង៧០រូប បន្ទាប់ពីកូនខ្មែរទាំងនេះ បានប្រកួតប្រជែងផ្នែកតន្ត្រីព្យាណូ និង ចម្រៀងក្លាសិកបានជោគជ័យ។ ការប្រគល់ពាននេះ គឺធ្វើឡើងបន្ទាប់ពីសាលារបស់លោកទទួលបានសិទ្ធិក្នុងការជ្រើសរើសកូនខ្មែរ អោយចេញទៅប្រកួតផ្នែកតន្ត្រី និង ចម្រៀង នៅសហរដ្ឋអាមេរិក និង នៅប្រទេសកូរ៉េនាពេលខាងមុខ។
យោងតាមការប្រកាស គឺអ្នកឈ្នះពានទាំងជាង៧០រូប បានប្រកួតប្រជែងគ្នាជាយូរមកហើយ ហើយការប្រកាសពាន ដែលបានធ្វើឡើងនេះ គឺអ្នកឈ្នះពានមាសនឹងបានបន្តការប្រកួតតំណាងប្រទេសទៅកាន់សហរដ្ឋអាមេរិក និង អ្នកឈ្នះពានប្រាក់គឺបានតំណាងប្រទេសទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។យ៉ាងណាមិញអ្នកឈ្នះពានមាសទាំងអស់ មិនមែនសុទ្ធតែបានទៅប្រកួតនៅអាមេរិកនោះទេ គឺត្រូវឆ្លងកាត់ការផលិតឃ្លីបបង្ហាញពីសមត្ថភាពផ្ញើទៅកាន់គណកម្មការការប្រកួតគេមួយវគ្គទៀត លុះត្រាតែខាងអាមេរិកមើលឃើញថា ពិតជាមានសមត្ថភាពអាចទៅបាន ទើបបានបន្តទៅប្រកួតនៅទីនោះ។
តែសម្រាប់អ្នកពានប្រាក់ គឺត្រូវទៅប្រកួតនៅកូរ៉េតែម្ដង ដោយគ្មានការជម្រុះទៀតឡើយ។ នៅក្នុងពិធីប្រកាសពាននោះ ក៏មានការជប់លៀង និង ប្រកាសម្ចាស់ពានធំចំនួន៣រូប សម្រាប់អ្នកមានសមត្ថភាពលេចធ្លោរខ្លាំងផងដែរ។ លោកថាកូនខ្មែរកាន់តែមានសមត្ថភាព ទើបការប្រកួតដ៏ធំមួយនេះ អាចរកឃើញម្ចាស់ពានមាសដល់ទៅជាង៣០នាក់ និង ម្ចាស់ពានប្រាក់ក៏ច្រើន ក្នុងចំណោមជាង៧០រូប ដែលឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនោះ។