កាលពីថ្ងៃទី 7 មេសា ឆ្នាំ២០២៤ សារព័ត៌មានផ្ទះតារា និង បុរីទីលាង ដែលជាដៃគូសហការ បានបញ្ចប់កម្មវិធីសង្ក្រាន្តអបអរចូលឆ្នាំថ្មី របស់ខ្លួនយ៉ាងកក្រើក ខណៈដែលសង្ក្រាន្តដែលបានរៀបចំដោយផ្ទះតារានេះ ក៏មានវត្តមានសិល្បករចូលរួមយ៉ាងច្រើនកុះករ និង ត្រូវបានគេចាត់ទុកថា គឺជាសង្ក្រាន្តវប្បធម៌ទ្រង់ទ្រាយវប្បធម៌ធំមួយប្រចាំឆ្នាំ។ រូបភាព និង សកម្មភាពជាច្រើនរបស់សង្ក្រាន្តមួយនេះ ត្រូវបានចែកចាយ យ៉ាងកក្រើកនៅលើបណ្ដាញសង្គម ហើយសង្ក្រាន្តផ្ទះតារា ដែលបានរៀបចំនេះ ក៏មានអ្នកសរសើរពីទម្រង់វប្បធម៌ ក្នុងស្រទាប់មហាជនផងដែរ។
លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏កក្រើកនេះ គឺមានគោលបំណងតែមួយគត់ គឺដឹកនាំសិល្បករ និង បងប្អូនជាអ្នកចូលរួម អោយចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដូចជាគាស់កកាយមកវិញនូវទម្រង់សំលៀកបំពាក់ខ្មែរ របាំបុរាណ ក្បាច់រាំប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរជាដើម។
សង្ក្រាន្តនេះ ត្រូវបានធ្វើឡើងចំនួន3ថ្ងៃ ដោយព្រឹត្តិការណ៍ដ៏ធំមួយនេះបានធ្វើឡើងកាលពីថ្ងៃទី 5 6 7 ខែមេសា ឆ្នាំ2023 នៅក្នុងបុរីទីលាង ព្រៃសរ។ រូបភាពទាំងស្រុងនៃសង្ក្រាននេះ នឹងត្រូវបង្ហាញជូនលើកផេកផ្ទះតារា សារឡើងវិញនៅថ្ងៃចូលឆ្នាំតែម្តង ចាប់ពីថ្ងៃទី១១ មេសា តទៅ សូមបញ្ជាក់ផងដែរថានេះគឺជាលើកទី2ហើយដែលផ្ទះតារារៀបចំសង្ក្រាន្តទ្រង់ទ្រាយធំបែបនេះ។ លោក ផាត់ តារារដ្ឋ បោះដំរុយថា ផ្ទះតារា និង គ្រួសារតារាកម្ពុជា ក៏មានគម្រោងធ្វើសង្ក្រាន្ត អោយកាន់តែធំ សម្រាប់ឆ្នាំក្រោយៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពខ្លះៗ ដែលលោកអ្នកនឹងបានទស្សនា នៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ៖