កាលពីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ អង្គការសប្បុរសធម៌ហ្គោលដិន និង សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ដែលជាអ្នកជួយកសាងអាគារ និង សាលាបឋមសិក្សា សាមគ្គីភ្នំរលៀង ក្នុងស្រុកឈូក ខេត្តកំពត បានរៀបចំពិធីបើកសម្ពោធអគារសិក្សាមួយខ្នង មាន៣បន្ទប់ជាផ្លូវការ ក្រោយផ្ដួចផ្ដើមកសាងរួចរាល់ ក្រោមវត្តមាន សប្បុរសជន និង ភ្ញៀវកិត្តិយសជាច្រើនរូប។

នៅក្នុងពិធីនោះ ក៏មានវត្តមាន លោកស្រី ប៉ូ ស្រីគង្គ និង ស្វាមី ដែលជាប្រធានមណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមកុមារ ចូលរួមផងដែរ ដោយលោកស្រី និង ស្វាមី ក៏បានគៀងគរសប្បរសជនមួយចំនួន ដើម្បីអោយចូលរួមចំណែក ជួយជាថវិកា ជួយជាបាយប្រអប់ និង អំណោយ ដល់សិស្ស និង ប្រជាពលរដ្ឋ ដែលរស់នៅលើភ្នំនោះ។ នេះគឺជាសាលាបឋមសិក្សា ដែលស្ថិតនៅលើភ្នំដ៏កម្រត់ ដាច់ស្រយាល ដោយបច្ចុប្បន្ន អង្គការសប្បុរសធម៌ហ្គោលដិន និង  សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន រួមទាំងលោកស្រី ប៉ូ ស្រីគង្គ បានកៀងគរជំនួយអោយមានអណ្ដូងទឹកស្អាតប្រើប្រាស់ មានឧបករណ៍ក្មេងលេងក្នុងបរិវេណសាលា និង មានបន្ទប់ទឹកស្អាតគ្រប់គ្រាន់ ដើម្បីអោយសិស្ស និង អ្នកភូមិបានប្រើប្រាស់ជាប្រយោជន៍។

តាមការកត់សម្គាល់ សប្បុរសជនដែលបានចូលរួមជាមួយ លោកស្រី ប៉ូ ស្រីគង្គ និង ស្វាមី គេឃើញមាន ស្វាមីលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ម្ចាស់ហាង បាយឆា សៀងហៃ គឺលោក ស្រ៊ុន គឹមហៃ និង សប្បុរសជនជាច្រើនផ្សេងទៀត ដែលអ្នកទាំងនោះ ក្រៅពីជួយជាថវិកា ក៏បានបរិច្ចាគជាបាយ ជាសម្ភារៈ សម្រាប់ចែកជូនកុមារៗ និង អ្នករស់នៅលើភ្នំទាំងជាង១០០គ្រួសារនោះផងដែរ។ ដោយឡែកអង្គការសប្បុរសធម៌ហ្គោលដិន និង សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន មិនត្រឹមមកកាត់ខ្សែបូរប្រគល់សាលាដែលជួយសាងសង់ ជូនដល់អាជ្ញាធរ និង សហគមន៍តែប៉ុណ្ណោះទេ តែក៏បានពាំនាំថវិកា នំចំណី និង សម្ភារសិក្សាជាច្រើនកញ្ចប់ យកទៅចែកជូនដល់អ្នកចូលរួមនៅក្នុងថ្ងៃនោះផងដែរ។

លោកស្រី ប៉ូ ស្រីគង្គ បានកោតសរសើរចំពោះ អង្គការសប្បុរសធម៌ហ្គោលដិន និង សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ព្រមទាំង សប្បុរសជនទាំងអស់ ដែលបានរួមចំណែក ធ្វើអោយទីតាំងនេះ ហើយលោកស្រីថា វត្តមានអាគារសិក្សា អណ្ដូងទឹកស្អាត សុឡា និង បន្ទប់ទឹកស្អាត គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សហគមមួយនេះ។ លោកស្រីរំពឹងថា នាពេលខាងមុខ នៅលើភ្នំនេះ អាចនឹងមានមណ្ឌលសុខភាពមួយទៀត ដោយសារនៅលើភ្នំនេះ ជាតំបន់ដាច់ស្រយាល មិនទាន់មានការអភិវឌ្ឍន៍ទៅដល់ ហើយអ្នកភូមិក៏ពិបាកទាំងផ្លូវ និង សេវាព្យាបាល។

នៅក្នុងថ្ងៃបើកសម្ពោធសាលានោះ លោកស្រីក៏បានរួមចំណែកជាមួយសប្បុរសជនផ្សេងទៀត ដោយបាននាំយកកញ្ចប់អំណោយជូនដល់ជាង៧០គ្រួសារ ផ្ដល់បាយឆាសៀងហៃចំនួន៣០០ប្រអប់  បាយផ្ទះទាជាង២០០ប្រអប់ ដើម្បីអោយប្រជាសហគមបានហូបឆ្ងាញ់ជុំគ្នាមួយពេល និង បានប្រគល់នូវថវិកាមួយចំនួន ជូនដល់លោកប្រជាការពារភូមិ  និង លោកគ្រូអ្នកគ្រូស្ម័គ្រចិត្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here