ចាប់ពីថ្ងៃទី១១ ដល់ ១៥ ធ្នូនេះ នៅរាជនីលង្វែក នឹងរៀបចំពិធីបុណ្យធំមួយ គឺបុណ្យទេសនាមាជាតក៌ ដោយអ្នកចូលរួមនឹងត្រូវបានគេរំពឹងថា នឹងគ្រងឈុតបុរាណចូលរួមយ៉ាងស្រុះដៃ។ ដោយឡែកកាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤ មុននេះ បុគ្គលល្បីៗ ជាពុទ្ធបរិស័ទក៏ច្រើនណាស់ បានចូលទៅរៀបចំចាត់ចែង និង នាំយកស្បៀងអាហារ បន្លែបង្កា និង គ្រឿងឧបភោគបរិភោគផ្សេងៗ យកទៅចូលរួម ដោយពុទ្ធបរិស័ទច្រើនណាស់ ក៏បាននាំយកនំចំណី និង ស្ករគ្រាប់ និង បន្លែផ្លែឈើនានា ទៅចងរយីងរយោងពេញតាមដើមឈើ ដើម្បីលម្អពិធី និង ភ្ជាប់និស្ស័យបុណ្យ។ អ្វីដែលគេចាប់អារម្មណ៍គឺម្ចាស់ដើមទាន ដែលបានទៅមើលការរៀបចំមុនថ្ងៃនាថ្ងៃនោះ គឺសុទ្ធតែបានគ្រងឈុតបុរាណនាសម័យលង្វែក ដែលធ្វើអោយពិធីទាំងមូល កាន់តែផ្ទុះការចាប់អារម្មណ៍ ស្របពេលដែលថ្ងៃប្រារព្ធពិធីក៏ជិតមកដល់។
ឯកឧត្ដម តាំង សុខឃី ជំទាវ ទ្រី ចិន្តា អគ្គនាយក-អគ្គនាយិកានៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបមុិន ឯ.ក បានគ្រងឈុតបុរាណទៅមើលការរៀបចំពិធីជាមុននាថ្ងៃនោះ និង បាននាំយករបស់របរ ជាច្រើនទៅចូលរួម បានចាត់ទុកថា នេះគឺជាពិធីបុណ្យសាសនា ដែលប្រកបដោយអត្ថន័យ ដោយពុទ្ធបរិស័ទ និង អ្នករួមបុណ្យ អាចរួមចំណែកតាមសិទ្ធាជ្រះថ្លា ដោយអ្នកមានសណ្ដែកយកសណ្ដែក មានបន្លែយកបន្លែ មានផ្លែឈើមួយផ្លែក៏យកមួយផ្លែ ដើម្បីរួមចំណែកធ្វើអោយពិធីទាំងមូល សំបូរដោយភោគផល និង របររបរមានប្រយោជន៍ផ្សេងៗ ដែលបង្ហាញថាសង្គមខ្មែរ មានការរីកចំរើន និង ប្រកបដោយសុខសន្តិភាព។
ឯកឧត្តម និង លោកជំទាវ ក៏បានអំពាវនាវសូមអោយអ្នកដែលមកចូលរួមបុណ្យ រួមគ្នាគ្រងឈុតបុរាណ ដើម្បីអោយពិធីទាំងមូល ពោរពេញដោយទម្រង់វប្បធម៌រស់រវើក។ ឯកឧត្តម និង លោកជំទាវ ក៏បង្ហាញនូវអារម្មណ៍រំភើបផងដែរ ដែលបានគ្រងឈុតបុរាណខ្មែរ និង ទទូចអោយកូនខ្មែរ ចូលរួមលើកស្ទួយទម្រង់សំលៀកបំពាក់នេះ អោយបានគង់វង្ស ដើម្បីទុកជាមរតករបស់កូនខ្មែរ នាជំនាន់ក្រោយៗ។