យោងតាមការបង្ហោះរបស់ផេកផ្លូវការ Man of Cambodia តារាសម្ដែង លោក ស៊ិន សុធារិទ្ធិ ដែលមានឈ្មោះពិតថា ងួន សុធារិទ្ធិ នឹងចាកចេញទៅប្រកួតនៅលើឆាកអន្តរជាតិ នាអំឡុងខែកុម្ភៈ ក្នុងឆ្នាំ២០២៥នេះហើយ ដោយលោកនឹងទៅតំណាងប្រទេសកម្ពុជា ហើយទៅប្រកួតជាមួយបេក្ខជនមកពីជាង៣០ប្រទេសផ្សេងទៀត នៅក្នុងកម្មវិធី Mister Tourism World លើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសវៀតណាម។ វត្តមានតំណាងប្រទេសរបស់លោក គឺបន្ទាប់ពីលោកបានចូលរួមការប្រកួតកម្មវិធី Man of Cambodia ហើយបានជាប់ជាបេក្ខភាពមួយរូប ដើម្បីអោយចេញទៅប្រកួតនៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះ ដែលធ្វើអោយអ្នកចាប់អារម្មណ៍លោកអបអរសាទរ។

លោក ងួន សុធារិទ្ធ ធ្លាប់ត្រូវបានគេដឹងថា គឺម្ចាស់ពានឈុតបុរាណកម្រ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា ក្នុងចំណោមបេក្ខភាពជាង៣០០នាក់ ដែលសុទ្ធតែជាអ្នកសិល្បៈ កាលពីឆ្នាំ២០១៨។ ការបង្ហាញខ្លួនក្នុងនាមជាអ្នកតំណាងកម្ពុជាលើកនេះ ថ្វីត្បិតតែគឺជាលើកទី១ លើឆាកអន្តរជាតិ តែគេចាត់ទុកថា មិនមែនជារឿងថ្មីសម្រាប់លោកនោះទេ ដោយសារតែលោកធ្លាប់មានបទពិសោធន៍ ក្នុងការប្រកួតសម្រស់ និង ក្នុងវិស័យដើរម៉ូដច្រើនលើករួចមកហើយ។

យ៉ាងណាមិញក្ដីបារម្ភធំមួយ ក៏មានការលើកឡើងផងដែរ ដោយសារតែលោកហាក់ខលខានក្នុងការហាត់ប្រាណអស់មួយរយៈ ដែលធ្វើអោយរូបសម្រស់បែបបុរសឯករបស់លោក លែងមានសាច់ដុំកង់ៗដូចមុន។ លោក សុធារិទ្ធ បញ្ជាក់ថា ចាប់ពីចេញត្រៀមចាកចេញទៅកាន់ឆាកអន្តរជាតិ រហូតដល់ថ្ងៃប្រកួត លោកនឹងបង្វឹកខ្លួន ក្នុងការហាត់ប្រាណអោយបានល្អ ដើម្បីនាំយកកិត្តិយសជូនជាតិ នៅក្នុងការប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here