មកទល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងបុរីVIP ក្នុងខណ្ឌដង្កោរ បានស្រកចុះដែលអាចអោយពលរដ្ឋចូលទៅរស់នៅបានហើយ ដោយប្រជាជនច្រើនឡើងបានទាំងចូលទៅលាងសម្អាតផ្ទះដើម្បីរស់នៅវិញនោះផង។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថាពលរដ្ឋ និងកម្មករដែលរស់នៅអាស្រ័យនៅក្នុងបុរីនោះ នៅតែទទួលបាននូវការយកចិត្តទុកដាក់ ដោយក្រៅតែមានទូកសង្គ្រោះដឹកទៅដឹកមោជាប្រចាំ ម្ចាស់បុរីក៏នៅតែបញ្ចេញកញ្ចប់មូលនិធិ ដើម្បីផ្គត់ផ្គង់នូវការហូបចុក និងតម្រូវការខ្វះខាតរបស់ពលរដ្ឋនៅទីនោះផង។

យោងតាមការចុះទៅសម្ភាសន៍ដោយផ្ទាល់កាលពីរសៀលថ្ងៃទី១៩ តុលា ឆ្នាំ២០២០ គឺពលរដ្ឋដែលមានបញ្ហាលិចលង់ ហើយមិនចេញមករស់នៅខាងក្រៅ ត្រូវបានម្ចាស់បុរីរៀបចំអោយស្នាក់នៅ ក្នុងផ្សារ VIP ដោយខាងបុរីបានរៀបចំអោយមានចុងភៅដាំស្លផ្គត់ផ្គង់អាហារថ្ងៃត្រង់ និង ល្ងាច ដើម្បីអោយអ្នករងគ្រោះទាំងនោះ បានហូបចុកដោយមិនខ្វះខាត តាំងពីស្ថានភាពលិចលង់ត្រូវបានកើតឡើងមកម្លេះ។ ជាក់ស្ដែងមកទល់នឹងវេលាដែលអ្នកសារព័ត៌មានយើងចុះទៅដល់ ក៏ម្ចាស់គម្រោងនៅតែបន្តផ្គត់ផ្គង់អាហារហូបចុក និងចែកស្បៀងជាប្រចាំ ខណៈដែលក្រុមកម្មករ គឺក្រុមហ៊ុនរៀបចំបាយជូន៣ពេលឯណោះជារៀងរាល់ថ្ងៃ។ ប្រភពពីចុងភៅ គឺអ្នកស្រី សេង គីម បានបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុនដាំបាយអស់រង្វង់២បាវទៅ២បាវកន្លះ ដោយអ្នកស្រី និង ក្រុមចុងភៅ មិនមែនដាំបាយតម្រូវតែក្រុមកម្មករដូចមុននោះទេ តែដាំតម្រូវពលរដ្ឋគ្រប់គ្នា ដែលមុនចេញពីបុរី ហើយប្រឈមនឹងការខ្វះខាតនោះតែម្ដង។ អ្នកស្រីថា ការដាំបាយទទួលអ្នករងគ្រោះ គឺមិនមានកំណត់នោះទេ ពោលគឺដាំបន្តដូចធ្វើបុណ្យភូមិ ដោយសូម្បីតែភ្ញៀវ និង ក្រុមជួយសង្គ្រោះមកពីខាងក្រៅ ក៏ទទួលបាយទឹកនោះដែរ។ ក្នុងនោះអ្នករងគ្រោះខ្លះ ដែលមិនមែនជាកម្មកររបស់បុរី ក៏ក្រុមហ៊ុនទទួលបាយទឹកផងដែរ តាំងពីមានបញ្ហាទឹកលិចក្នុងថ្ងៃដំបូង។ អ្នកស្រីថា ការលើកឡើងថា កម្មករខ្លះជួបរឿងអត់បាយ ព្រោះចេញទៅណាក៏មិនរួច គឺជារឿងបំផ្លើសសុទ្ធសាធដោយសារភាពជាក់ស្ដែង គឺអ្នកជាប់នៅក្នុងបុរី សុទ្ធតែមានទូកសង្គ្រោះចាំដឹកដល់កន្លែងស្នាក់នៅ ដោយក្រៅពីទូកដែលបុរីរៀបចំ ទូកខាងខណ្ឌ និង សាលាក្រុង ក៏មានមិនខ្វះនោះដែរ។ អ្នកស្រីថា អ្នករងគ្រោះ មិនថាស្នាក់នៅក្នុងកន្លែងដែលបុរីរៀបចំ និង ទីទួលដែលសាលាក្រុងរៀបចំនោះទេ គឺសុទ្ធតែមានការទទួលបាយទឹកអោយហូបចុកទាំងអស់ ដោយមិនដល់ថ្នាក់ត្រូវដេកអត់បាយដូចការលើកឡើងនោះឡើយ លើកលែងតែក្រុមជួយសង្គ្រោះទៅជួយហើយមិនព្រមចេញមក។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ត្រូវគេឃើញឆ្លាស់គ្នាប្រចាំការមើលខុសត្រូវចំពោះការបហរឈមរបស់អ្នករងគ្រោះនៅក្នុងបុរី ជាមួយនឹងលោក ហម រ៉ន ដែលជាម្ចាស់គម្រោងជាដៃគូ ស្ទើរទាំងយប់ទាំងថ្ងៃនោះផង ដើម្បីចាត់ចែងនូវកង្វះខាតរបស់អ្នករងគ្រោះនៅក្នុងបុរីកុំអោយខ្វះខាត។ ទីតាំងដែលជួយសង្គ្រោះនោះ ក៏ត្រូវអគ្គនាយកទាំងពីរដឹកជញ្ជូនស្បៀងអាហារទាំងទូកៗ ដើម្បីអោយក្រុមចុងភៅ និង ក្រុមការងារចាត់ចែងការហូបចុក និងម្ហូបអាហារដល់អ្នករងគ្រោះ ជាពិសេសអ្នកមិនចេញទៅណាកុំអោយខ្វះខាត។ ជាក់ស្ដែងមកទល់នឹងល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០២០ បើទោះជាស្ថានភាពទឹកចាប់ផ្ដើមស្រកខ្លះ ដែលអាចអោយពលរដ្ឋរងគ្រោះត្រលប់ចូលទៅនៅផ្ទះបានរៀងខ្លួន ក៏ម្ចាស់ក្រុមហ៊ុនទាំងពីរនៅតែបន្តបញ្ចេញមូលនិធិសង្គ្រោះ តាមរយៈការរៀបចំទូកដឹកជញ្ជូន និង បន្តដឹកស្បៀងដើម្បីអោយក្រុមចុងភៅ ចាត់ចែងដាំបាយដាំទឹក និង ធ្វើម្ហូបអាហារទទួលទាំងកម្មករ និង ទាំងអ្នកដែលត្រូវការការហូបចុកពីការចាត់ចែងបុរីដដែល។

អ្នកស្រី សុខហេង ដែលអះអាងថារស់នៅក្នុងបុរីប្រមាណជាង៣ឆ្នាំ បានអះអាងថា ច្រើនឆ្នាំដែលអ្នកស្រីមកទិញផ្ទះរស់នៅនៅក្នុងបុរីVIP នេះជាលើកទី១ ដែលទីតាំងនេះមានសភាពលិចលង់បង្កផលប៉ះពាល់ ដោយរយៈពេលកន្លងមក ត្រឹមតែមានទឹកដក់តិចតួចនៅពេលភ្លៀងខ្លាំងប៉ុណ្ណោះ។ អ្នកស្រីក៏អះអាងផងដែរថា ម្ចាស់គម្រោងបានយកចិត្តទុកចំពោះអ្នករស់នៅក្នុងបុរី គួរអោយសរសើរផងដែរ ដោយបានដឹកជញ្ជូនអ្នករស់នៅចេញពីបុរីគ្រប់ផ្ទះ មានការផ្ដល់កន្លែងស្នាក់នៅ ផ្ដល់អាហារហូបចុក និងជួយដោះស្រាយបញ្ហាភ្លើង និង បញ្ហាផ្សេងៗធ្វើអោយអ្នកស្រី និង ពលរដ្ឋក្នុងបុរីអស់ចិត្ត ទើបលិចទឹកប៉ុន្មានថ្ងៃនេះ អ្នកស្រីមិនទៅណា។

លោក ស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនបុរី VIP បានថ្លែងបញ្ជាក់ថា ស្ថានភាពលិចទឹកនៅក្នុងពេលនេះ មិនមែនលិចតែបរិវេណបុរី VIP នោះទេ ពោលគឺសង្កាត់ចំនួន៩ នៅខណ្ឌដង្កោរសុទ្ធតែត្រូវបានលិច បន្ទាប់ពីការបាក់ទំនប់ធ្វើអោយស្ទឹងព្រែកត្នោតបង្ហៀរទឹកជន់លិចតាំងពីទឹកដីខេត្តកំពង់ស្ពឺមក។ ជាការទទួលខុសត្រូវ លោកថា ខាងបុរីមិនគ្រាន់តែជួយដោះស្រាយរឿងរៀបចំទូកសង្គ្រោះជូនពលរដ្ឋ និង ចែកស្បៀងអាហារដល់អ្នករងគ្រោះប៉ុណ្ណោះទេ គឺខាងបុរីទាំងមូលក៏រៀបចំកន្លែងស្នាក់នៅ ក្នុងពេលទឹកជន់ខ្លាំង និងរៀបចំដាំបាយដាំទឹកទទួលអ្នកមិនចេញទៅណាទាំងអស់ អោយមានអាហារហូបចុកផងដែរ ដែលនេះគឺបន្ទុកដ៏ធំក្នុងការចំណាយ។ យ៉ាងណាមិញលោកថា ស្ថានភាពជនលិចនៅក្នុងបុរី គឺមានកម្រិតតែរង្វង់២តឹក ឬ ៣តឹកប៉ុណ្ណោះ ទើបក្រោយស្វាងភ្លៀងពលរដ្ឋឆាប់បានចូលនៅ ដែលខុសពីបុរីជិតខាងគឺនៅលិចជ្រៅនៅឡើយ។ អ្វីដែលលោកកោតសរសើរ គឺលោកអគ្គនាយកទាំងពីរ គឺលោក ហម រ៉ន និង លោក វន វណ្ណៈ នៅតែបន្តផ្ដល់មូលនិធិដល់ក្រុមចុងភៅ និង ក្រុមការងារ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នករស់នៅនៅក្នុងបុរី បើទោះជាការចំណាយក្នុងប៉ុន្មានថ្ងៃនេះ គឺមានខ្ទង់ចំណាយកាន់តែច្រើនម៉ឺនដុល្លារមកទល់នឹងទឹកមិនទាន់ស្រកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here