កាលពីព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២០ គណកម្មការ និង បវរកញ្ញាជ័យលាភី Miss Grand Cambodia បានទស្សនកិច្ច និង ចូលសម្ដែងការគួរសម នៅក្រសួងព័ត៌មាន ដើម្បីជូនបាច់ផ្កា និង ថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ ដែលឯកឧត្តមបានដឹកនាំក្រសួងមួយនេះ ធ្វើអោយវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន ដែលជំរុញអោយព្រឹត្តិការណ៍ Miss Grand Cambodia ដែលបានធ្វើឡើងដោយក្រុមហ៊ុនមហាហង្ស មានភាពផុលផុសព្រោះតែការរីកចំរើន ក្នុងវិស័យព័ត៌មាន។
នៅក្នុងពិធីសំណេះសំណាល និង ទទួលស្វាគមន៍បវរកញ្ញាជាប់ចំណាត់ថ្នាក់នោះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៌បានសម្ដែងការកោតសរសើរចំពោះគណកម្មការ Miss Grand Cambodia ដែលបានរួមចំណែក លើកមុខប្រទេសកម្ពុជា តាមរយៈការបង្កើតនូវព្រឹត្តិការណ៍នេះឡើង ហើយជម្រើសបានបេក្ខនារីដែលមានសមត្ថភាពខ្ពស់អោយបំពេញនូវការងារសង្គម ក៏ដូចជាដើម្បីលើកមុខមាត់ ប្រទេសកម្ពុជា តាមរយៈសកម្មភាពទាំងឡាយរបស់បវរកញ្ញា។ ឯកឧត្តម ក៏ជំរុញ និង លើកទឹកអោយកម្មវិធីមួយនេះ រៀបចំការប្រកួតសម្រាប់ឆ្នាំក្រោយអោយកាន់តែល្អ ដើម្បីជាមុខមាត់របស់កម្ពុជា ទាំងការបង្ហាញអោយពិភពលោកបានដឹងពីអរិយធម៌ វប្បធម៌ និង ពីភាពវ័យឆ្លាតរបស់នារីកម្ពុជា។
លោក អុិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ដែលជាអ្នកដឹកនាំបវរកញ្ញាជ័យលាភី ទៅសម្ដែងការគួរសមនាថ្ងៃនោះ បានបញ្ជាក់អោយដឹងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលការប្រកួត Miss Grand Cambodia 2020 ត្រូវបានធ្វើឡើងយ៉ាងជោគជ័យនៅក្នុងកាលៈទេសៈ ដែលកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺកូវីត១៩ ខណៈពេលដែលបេក្ខនារីនៅក្នុងឆ្នាំនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ស្រទាប់មហាជន។ លោនកាន់តែបង្ហាញនូវមោទនភាពបន្ថែមទៀត បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការយកចិត្តទុកដាក់ ដោយអនុញ្ញាតិបវរកញ្ញា និង គណកម្មការរៀបចំ បានចូលរួមបង្ហាញនូវសមិទ្ធផល និង ចូលសម្ដែងការគួរសម។
គួរបញ្ជាក់ផងដែរថា បវរកញ្ញា ដែលបានចូលរួមជូនបាច់ផ្កាឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងថ្ងៃនោះរួមមាន បវរកញ្ញាចំណាត់ថ្នាក់លេខ១ សេង រដ្ឋា តំណាងអោយខេត្តកំពង់ធំ, បវកញ្ញាចំណាត់លេខ៣ លីវ ជីលី តំណាងអោយខេត្តបន្ទាយមានជ័យ, បវរកញ្ញាចំណាត់ថ្នាក់លេខ៤ វុធី ដាវីន តំណាងអោយខេត្តបាត់ដំបង, បវរកញ្ញាចំណាត់ថ្នាក់លេខ៥ សារុំ ចន្ថា តំណាងអោយ បវរកញ្ញា ខ្មែរ បារាំង, និង បវរកញ្ញាមកពីខេត្តកំពង់ឆ្នាំង ខាត់ ស្រីច័ន្ទ ដែលទទួលបានពានរង្វាន់សម្រស់ស្អាតស្រស់ស្អាតជាងគេ។