កាលពីល្ងាចថ្ងៃទី 22 ខែតុលា ឆ្នាំ 2020 មុននេះ ក្លឹបអ្នកនិពន្ធប៉ាកាមាស បានបញ្ចេញនូវប្រលោមលោកដែលជាស្នាដៃទី2របស់ខ្លួនដែលមានចំណងជើងថា « បើខ្ញុំជាមនុស្សស្រី » ដែលជាប្រលោមលោកបែបកំប្លុកកំប្លែងបង្កប់អត្ថន័យអប់រំមួយបែបច្របាច់បញ្ចូលគ្នាធ្វើឱ្យអ្នកអានកាន់តែជក់ចិត្ត។ ប្រលោមលោកនេះដែរគឺជាស្នាដៃនិពន្ធដំបូងរបស់កញ្ញា អ៉ិន បូបូ ក្រោមការផ្ដួចផ្ដើមគំនិតពីអ្នកនិពន្ធជើងចាស់គឺអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាប្រធានក្លឹបអ្នកនិពន្ធខ្មែរប៉ាកាមាសផងដែរ។
អ្នកស្រី ពាន់ ភួងបុប្ផា បានមានប្រសាសន៍ថា ឆ្លងកាត់បទពិសោធន៍ក្នុងការសរសេរនិពន្ធរឿង ឬស្ព៉តខ្លីៗរស់រយៈពេលជាង 30 ឆ្នាំមកនេះ អ្នកស្រីពិតជាមានសេចក្ដីសោមនសក្នុងការចែករំលែកនូវគន្លឹះជោគជ័យរហូតក្លាយជាអ្នកនិពន្ធឆ្នើមទៅកាន់បងប្អូនកូនក្មួយជំនាន់ក្រោយ ឱ្យមានការរៀនសូត្រចេះដឹង និងបន្តវេនផ្នែកសិល្បៈនៃការសរសេរនេះមិនឱ្យរលាយសាបសូន្យ។ ហេតុដូច្នេះហើយទើបលោកស្រីសម្រេចបើកក្លឹប អ្នកនិពន្ធខ្មែរប៉ាកាមាសនេះឡើងដើម្បីជួយបណ្ដុះគំនិតដល់យុវជនជំនាន់ក្រោយដែលមាននិស្ស័យក្នុងការសរសេរតែងនិពន្ធឱ្យមានឱកាសក្នុងការបញ្ចេញសម្ថភាព។ ហើយអ្នកស្រីក៏សង្ឃឹមថាទំពាំងដែលអ្នកស្រីកំពុងតែស្រោចទឹកដាំនឹងរីកលូតលាស់ក្លាយទៅជាឬស្សីដែលពោពេញទៅដោយសម្ថភាពនិងឈរជើងរឹងមាំបានជានិរន្តន៍។ អ្នកស្រីបន្ថែមថា សៀវភៅមួយក្បាលគឺមានតម្លៃណាស់ មិនត្រឹមតែជាសៀវភៅមួយក្បាលដែលចារ្យអក្ខរាវិរុទ្ធឱ្យយើងបានអាននោះទេ ប៉ុន្តែវាគឺជា មិត្តដ៏ស្មោះត្រង់ ជាគ្រូដ៏ល្អ ជាអ្នកសម្លាប់ពេលវេលា និងជារសជាតិជីវិតម្យ៉ាងផងដែរ ។
កញ្ញា អ៉ិន បូបូ អ្នកនិពន្ធវ័យក្មេងនៃរឿង « បើខ្ញុំជាមនុស្សស្រី » បញ្ជាក់ថា នៅក្នុងប្រលោមលោកបែបកំប្លែងនេះជាស្នាដៃដំបូងបង្អស់របស់ខ្លួនក្នុងជីវិតជាអ្នកនិពន្ធ។ ក្រៅពីមានវគ្គកំប្លុកកំប្លែងសើចពីមួយវគ្គ ទៅមួយវគ្គ ក៏មានលាយឡំនឹងឈុតក្រៀមក្រំរហូតហូរទឹកភ្នែកដោយមិនដឹងខ្លួន ហើយពិសេសនោះក៏ជាសាច់រឿងមួយដែលផ្ដល់តម្លៃនិងអាទិភាពដល់នារី បង្កប់ន័យអប់រំដ៏មានគុណតម្លៃផងដែរ។ កញ្ញាក៏សូមថ្លែងអំណរគុណដល់ក្លឹបអ្នកនិពន្ធខ្មែរប៉ាកាមាស ដែលផ្ដល់ឱកាសឱ្យខ្លួនបានបញ្ចេញសម្ថភាពនៅក្នុងការនិពន្ធរឿងនេះផងដែរ ហើយកញ្ញាក៏រំពឹងថា សៀវភៅមួយក្បាលនេះនឹងស្ថិតនៅក្នុងដៃកូនខ្មែរពិសេសអ្នកនិយមការអាន ហើយអ្វីដែលកញ្ញាចង់ឱ្យអ្នកអានបានទទួលនោះគឺអារម្មណ៍ស្រស់ស្រាយ បាត់ស្មុគស្មាញ និងទទួលបាននូវចំណីអារម្មណ៍សប្បាយរីករាយ និងរំភើបដូចដែលកញ្ញាបានសរសេររឿងនេះដូចគ្នា តាមរយៈការអានសៀវភៅមួយនេះ។
នៅក្នុងកម្មវិធីសម្ភោធសៀវភៅប្រលោមលោករឿង « បើខ្ញុំជាមនុស្សស្រី » នេះដែរក៏មានការចូលរួមពីសំណាក់អ្នកដឹកនាំកម្មវិធី អ្នកនិពន្ធវ័យក្មេង និងតារាកិត្តិយសប្រុសស្រីល្បីៗជាច្រើនរូប និងសម្ដែងការកោតសរសើរព្រមទាំងលើកទឹកចិត្តដល់ស្នាដៃនិពន្ធខ្មែរផងដែរ។ មិនតែប៉ុណ្ណោះតារាសិល្បៈទាំងនោះបានសំណូមពរឱ្យយុវជនខ្មែរសម័យថ្មីងាកមកចាប់អារម្មណ៍ក្នុងការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង ហើយទទួលបាននូវអ្វីថ្មីប្លែកពីគំនិតរបស់អ្នកនិពន្ធ ពិសេសនោះគឺដើម្បីចូលរួមចំណែកលើកកម្ពស់ផ្នែកអក្សរសាស្ត្រខ្មែរ និងការតែងនិពន្ធឱ្យកាន់តែមានភាពល្បីល្បាញ គង់វង្សតទៅជំនាន់ក្រោយៗ។