ទំនងជាមិនសូវមានពិធីញឹកញាប់ដូចសិល្បករមួយចំនួន ទើបគេចាប់អារម្មណ៍ថា ពិធីបុណ្យកឋិនសាមគ្គី ដែល អ្នកនាង លី ច័ន្ទសីហា និង ឪពុកធ្វើឡើង ដោយមានការសហការជាមួយអ្នកសិល្បៈមួយចំនួនផង កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២០ មានតារាសិល្បៈទៅច្រើន ដោយអាចនិយាយបានថា កម្រមានអ្នកសិល្បៈណាម្នាក់ចោលកម្មវិធីមួយនេះ។ ក្នុងនោះសូម្បីតែតារាល្បីៗ និង ផលិតករជាដើមក៏បង្ហាញវត្តមានផងដែរ។ នៅក្នុងពិធីនេះ ប្រសិនបើតារាទាំងនោះបង្ហាញខ្លួនត្រាំត្រែងដូចពិធីផ្សេងៗ គឺប្រាកដជាគរជើងគ្នាពេញរោង គ្មានកន្លែងអង្គុយតែម្ដង។ ពិធីនេះត្រូវគេកត់សម្គាល់ថា តារាខ្លះមកតែចូលបុណ្យ ហើយត្រលប់ទៅវិញភាគច្រើន ដោយសារតែនៅក្នុងថ្ងៃនោះគឺម្នាក់ៗជាប់កឋិនច្រើនរោង។ អ្នកខ្លះសូម្បីតែថតរូបមួយសន្លឹកជាមួយម្ចាស់កម្មវិធីដើម្បីថតរូប ក៏មិនបានផង។
លោក លី សុជន ឪពុក លី ច័ន្ទសីហា បញ្ជាក់ថា នេះជាពិធីបុណ្យកឋិនសាមគ្គី ដែលលោកបានចាប់ដៃជាមួយអ្នកសិល្បៈមួយចំនួន។ កឋិននេះ គឺលោកធ្វើឡើងដើម្បីប្រមូលថវិកាទៅជួយកសាងវត្តឋានសួគ៌ នៅក្នុងខេត្តកំពត ដោយលោកបញ្ជាក់ថាពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបុណ្យកឋិនមួយនេះ មានអ្នកសិល្បៈមកច្រើន ដោយអ្នកឆ្លៀតមកមិនបាន ក៏បានចូលបុណ្យ ធ្វើអោយពិធីទាំងមូលលេចឡើងដោយជោគជ័យ។ លោកយល់ថា នេះគឺជាកម្លាំងសាមគ្គីធំមួយរបស់តារាសិល្បៈ ក្នុងការចូលរួមស្ទួយវិស័យព្រះពុទ្ធសាសនា។
ខាងក្រោមនេះជាទិដ្ឋភាព ក្នុងពិធីបុណ្យកឋិនរបស់លោក ដែលទើបបញ្ចប់ក្ដៅៗ នៅបុរីវាលស្បូវ លើផ្លូវជាតិលេខ១។