បន្ទាប់ពីបើកដំណើរការហាងសាឡនយីហោ NT Salon នៅខាងក្រោយផ្សារទួលគោក គេចាប់អារម្មណ៍ថា លោកស្រី ចាន់ ស្រីនុច ហៅចែមុំ ជា ម្ចាស់ហាង កាន់តែទទួលជោគជ័យនៅក្នុងអាជីវកម្ម ដោយក្រៅតែពីជោគជ័យ ក្នុងនាមជាម្ចាស់ហាងសាឡន មុខរបរអនឡាញរបស់លោកស្រី ក៏ត្រូវគេមើលឃើញពីឱកាសកើបប្រាក់មិនអន់ដែរ។ លោកស្រីបានទាំងប្រកាសថា នឹងពង្រឹងហាងសាឡន អោយក្លាយជាហាងថែសម្រស់ និង ជាហាងកែសម្រស់ធំមួយ ក្នុងពេលខាងមុខនោះផង។

យោងតាមការកត់សម្គាល់ លោកស្រី ចាន់ ស្រីនុច កាន់តែកញ្ជ្រោលនៅក្នុងវិស័យអនឡាញ និង សាឡន មិនអន់ឡើយនាពេលចុងក្រោយ។ ក្នុងចំណោមហាងសាឡនធំ គេចាត់ទុកថាហាង NT Salon របស់លោកស្រី គៀងគរភ្ញៀវបានច្រើនលើសពីការរំពឹង ដោយតារាសិល្បៈប្រុសស្រី ទាំងអ្នកល្បី និង មិនល្បី ស្ទើរតែក្លាយជាអតិថិជន ក្នុងហាងរបស់លោកស្រី ឡើងផ្អៀងសិល្បៈ។ ក្នុងនោះ ស្ត្រីៗលំដាប់អ្នកមានមុខមាត់ ក៏ជាប់ចិត្តនឹងសេវាកម្មហាងរបស់លោកស្រី ដែលមានច្រើនផ្នែកលើសពីហាងសាឡនទូទៅនោះផង។ ជាមួយនឹងដំណើរការយ៉ាងរលូននេះហើយ ដែលលោកស្រីប្រកាសយ៉ាងក្ដែងថា លោកស្រីដំឡើងហាងNT Salon អោយក្លាយជាគ្លីនិក កែសម្ផស្ស ដោយសារតែភ្ញៀវភាគច្រើន ដែលមកទទួលសេវាកម្មក្នុងហាងលោកស្រី ក៏ចង់បានសេវាកម្មទាំងនោះស្រាប់។ លោកស្រីបង្ហើបថា បើលោកស្រីជួលពេទ្យជំនាញមកប្រចាំការកែសម្ផស្ស គឺក្នុងហាងទាំងមូលមិនដឹងទទួលបានការគាំទ្រខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែមកពីលោកស្រីសិក្សាពីមុខរបរនេះយូរៗទៅ ឃើញថា ហាងដែលពឹងលើពេទ្យជំនាញពីខាងក្រៅ គឺក្រឡុកម្ចាស់ហាងពេក ហើយងាយនឹងមានបញ្ហាច្រើន ទើបលោកស្រីសុខចិត្តទ្រាំ ហើយរង់ចាំអោយកូនស្រីម្នាក់របស់លោកស្រី ដែលកំពុងសម្ងំរៀនជំនាញកែសម្ផស្សនៅក្រៅប្រទេស បញ្ចប់ការសិក្សា គឺនឹងបើកជាគ្លីនិកកែសម្ផស្សតែម្ដង ដើម្បីកុំអោយក្លាយជាហាងកែសម្ផស្សហើយ បែរជាគ្មាន ដុកទ័រ ផ្ទាល់ខ្លួន។ លោកស្រីគ្រោងនឹងបោះទុនរាប់សែនដុល្លារ ដើម្បីបំពាក់នូវម៉ាស៊ីនទំនើបៗ ខណៈពេលដែលហាងNT Salon ដែលលោកស្រីបើកជាហាងសព្វថ្ងៃក្រៅតែពីមានទីតាំងចំប្លង់ល្អ នៅច្រមុះជ្រូកចំខាងក្រោយផ្សារទួលគោក ក៏ជាផ្ទះផ្ទាល់ខ្លួនមិនជួល និងមានច្រើនជាន់ ងាយស្រួលបើកជាគ្លីនិកកែសម្ផស្ស។

ជាមួយនឹងគម្រោងខាងលើក្រោយកាក់កបហាងសាឡន លោកស្រី ក៏ត្រូវគេឃើញកើបលុយក្នុងអាជីពអនឡាញលក់ផលិតផលគ្រឿងសម្អាងផងដែរ។ ផលិតផលឈុតមុខ រួមមានពន្លៃសូនទឹកឃ្មុំនិង ពន្លៃខាត់ស្បែកធម្មជាតិរបស់លោកស្រី ល្បីល្បាញនៅក្នុងចង្កោមសិល្បករសិល្បាការិនីយ៉ាងខ្លាំង ដោយលោកស្រីអះអាងថា ផ្គត់ផ្គង់ទីផ្សារមិនចង់ទាន់ផង។ ជាមួយនឹងជោគជ័យលើមុខជំនួញទាំងនេះហើយ ដែលគេកត់សម្គាល់ថា ម្ចាស់អាជីវកម្មមួយនេះ កាន់តែសប្បាយចិត្ត ខណៈដែលសម្រស់ក៏នៅតែមើលទៅសាច់ចាំ ក្មេងជាងវ័យ។ លោកស្រីក៏ត្រូវគេស្គាល់ថា គឺជាសប្បុរសជនមួយរូប ដែលតែងតែបង្ហាញការឈឺឆ្អាលក្នុងសកម្មភាពសប្បុរសធម៌ និងមានទំនាក់ទំនងក្នុងសង្គមសិល្បៈ កម្របាត់មុខក្នុងកម្មវិធីផ្សេងៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here