មានការស្រឡាំងកាំងមិនតិចទេ បន្ទាប់ពីតារាសម្ដែង លោក សុវណ្ណ ឆៃ ដែលត្រូវគេស្គាល់ថាគឺជាតារាក្បាច់គុន ស្រាប់តែលេចមុខកោរសក់បួសកាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០ នៅវត្តសទ្ធារង្សីខត្តិយារាម ស្ថិតនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលលោកទើបរៀបការជាមួយស្ត្រីវ័យជាង៣០ កាលពីខែមេសា ក្នុងឆ្នាំ២០២០ កន្លងទៅ។ អ្វីដែលចាប់អារម្មណ៍បំផុត គឺលោកបានផ្ដល់សម្ភាសន៍អោយថា អាចនឹងមិនសឹក ប្រសិនបើអាចកាត់កិលេសបាន។

លោកមានសង្ឃដីកាថា លោកសម្រេចចិត្តមកបួស ដើម្បីលាបំណន់ និងសងគុណដល់ឪពុកម្ដាយ និង ជីដូន ដែលទទួលមរណភាពចោលអស់ ដើម្បីបញ្ជូនកុសលជូនដល់អ្នកទាំង៣។ នៅពេលសួរថា មានបំណងសឹកថ្ងៃណា ហើយភរិយាថ្មោងថ្មី មានអារម្មណ៍បែបណា? លោកបានឆ្លើយយ៉ាងខ្លីថា ខ្លួនរត់មកបួស ហើយក្រោយពេលបួសភរិយាអត់មានថាអ្វីទេ គឺចង់បួសរហូតក៏បាន ចង់សឹកក៏បាន។ លោកទទួលស្គាល់ថា មុនសម្រេចចិត្តមកបួស លោកពិតជាបញ្ហាមួយចំនួនជាមួយភរិយា និង អស់សង្ឃឹមជាមួយនឹងការងារសិល្បះដែលប្រឹងតស៊ូប្រាកដមែន។ យ៉ាងណាមិញលោកថា ចង់បួសអោយស្ងប់ចិត្ត ទើបលោកមិនច្បាស់រឿងសឹកថ្ងៃណា ឬ បួសរហូតនោះទេ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងលោក សុវណ្ណ ឆៃ គឺតារាសម្ដែងដែលចេះក្បាច់គុនល្បុក្កតោ។ លោកត្រូវគេកត់សម្គាល់ថា មានឱកាសបានសម្ដែងច្រើនក្នុងភាពយន្តនារយៈពេលចុងក្រោយ ប៉ុន្តែលោកនៅតែអះអាងថាមានស្ថានភាពជីវភាពមិនសូវអំណោយផល ដោយសារតែបានតម្លៃខ្លួនទាប។ លោកបានលេចមុខរៀបការបែបសាមញ្ញាជាមួយនារីវ័យ៣២ឆ្នាំ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ តែលេចឮថារស់នៅមិនចុះសម្រុងគ្នា ដោយលោកតែងបង្ហោះពីអារម្មណ៍តុកស៊ិក មុនរត់ទៅបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here