ដើម្បីអបអរក្នុងឱកាសឆ្លងឆ្នាំសកលដែលនឹងមកដល់ក្នុងពេលដ៏ខ្លី ប៉ុស្តិ៍លេខ5 បានបង្កើតព្រឹត្តិការណ៍ប្រដាល់ជើងឯកប៉ះជើងឯកយ៉ាងកក្រើក នៅពហុកីឡាដ្ឋានជាតិខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងក្រុងច្បារម៉ន កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២។ ដោយឡែកនៅថ្ងៃទី២៩ ក្នុងខែឆ្នាំដដែល ស្ថាប័នទូរទស្សន៍មួយនេះ ក៏បានសហការជាមួយអាជ្ញាធរខេត្តរៀបចំព្រឹត្តិការណ៍ Khmer Fight ដែលមានកីឡាករកម្ពុជា និង បរទេសប្រកួតគ្នា ដើម្បីដណ្ដើមប្រាក់រង្វាន់ អបអរឆ្នាំចាស់ឈានចូលឆ្នាំថ្មី។
ព្រឹត្តិការណ៍ Khmer Fight ដែលមានកីឡាករកម្ពុជាខ្លាំងៗ ប៉ះជាមួយបរទេសមកពីជាតិសាសន៍ផ្សេងៗគ្នានេះ មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ជាច្រើន ខណៈដែលឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និង ជាប្រធានគណកម្មការទី៧ រដ្ឋសភា និង លោកជំទាវ យឹម ឆៃលីន ជាគណៈអធិបតី។ ព្រឹត្តិការណ៍នេះ ក៏ត្រូវគេឃើញមានអ្នកទស្សនាយ៉ាងកកកុញជាងការប្រដាល់កាលពីថ្ងៃទី១ផងដែរ ដោយការប្រកួត Khmer Fight នេះ ជាលើកទិ២ នៅកំពង់ស្ពឺ និង ជាលើកទី៥ ដែលប៉ុស្តិ៍លេខ៥ បានរៀបចំឡើង។
នេះជាការប្រកួតអន្តរជាតិទ្រង់ទ្រាយធំ ដែលមានថ្នាក់ដឹកនាំប៉ុស្តិ៍លេខ៥ អាជ្ញាធរខេត្តកំពង់ស្ពឺ និង ម្ចាស់ស្ពុនស័រធំៗជាច្រើន ចូលរួមជាគណអធិបតី និង ជាសាក្សី។ កីឡាករកម្ពុជា ដែលចូលរួមប្រកួតប្រជែងជាមួយបរទេសនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កីឡាករជម្រើសជាតិកម្ពុជា កាន់ ម៉េងហុង មកពីក្លិបនាគរាជចតុមុខក្រសួងមហាផ្ទៃ ប៉ះជាមួយកីឡាករជម្រើសជាតិ មកពីវៀតណាម, កីឡាករកម្ពុជា បឺត សង្ឃឹម មកពីក្លិបប៉ែនកាក់គុនខ្មែរ ប៉ះជាមួយកីឡាករហ្វីលីពីន, កីឡាករកម្ពុជា ឡៅ ចិត្ត្រា មកពីសមាគមកងយោធពលខេមរៈភូមិន្ទ ប៉ះជាមួយកីឡាករថៃ, កីឡាករកម្ពុជា លន បញ្ញា មកពីសមាគមកងយោធពលខេមរៈភូមិន្ទ ប៉ះជាមួយកីឡាករ ហ្វីលីពីន, កីឡាករកម្ពុជា រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ ក្រសួងមហាផ្ទៃ ប៉ះជាមួយកីឡាករ ជនជាតិថៃ, និង កីឡាករកម្ពុជា កែវ រំចង់ មកពីក្លិបដំបងក្រញូងកីឡា ខេត្តបាត់ដំបង ប៉ះជាមួយកីឡាករមកពីអ៊ីរ៉ង់។
ក្រោយបញ្ចប់ការប្រកួត ឃើញថាទាំងកីឡាករកម្ពុជា និង បរទេស សុទ្ធតែបានបញ្ចេញអស់សមត្ថភាពរៀងខ្លួន ហើយការប្រកួតដែលបានធ្វើឡើងនេះ ក៏កាន់តែធ្វើអោយបរទេស និង អ្នកគាំទ្រកីឡាប្រដាល់ កាន់តែស្គាល់ពីប្រដាល់ក្បាច់គុនខ្មែរ ខណៈដែលប៉ុស្តិ៍លេខ៥តែងតែចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យកីឡា ជាពិសេសគឺវិស័យប្រដាល់នៅកម្ពុជា អោយកាន់តែមានសន្ទុះ និង មានការចាប់អារម្មណ៍។ ការប្រកួតនេះ តម្រូវអោយកីឡាករទាំងពីរប្រទេស ប្រកួតគ្នាចំនួន៣ទឹក ដោយគេកត់សម្គាល់ថា ទម្រាំរកឃើញចាញ់ឈ្នះ គឺតស៊ូស្វិតស្វាញទាំងខ្មែរ និង បរទេស។
លោក ស ងួន នាយកព័ត៌មានប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា រយៈពេលប៉ុន្មានលើកដែលប៉ុស្តិ៍លេខ៥បានរៀបចំព្រឹត្តិការណ៍ Khmer Fight បានរួមចំណែកយ៉ាងខ្លាំង ជួយអោយកីឡាករនៅក្នុងប្រទេសកម្ពុជា កាន់តែមានទីផ្សារ ហើយក៏ផ្ដល់ឱកាសអោយបរទេសច្រើនឡើងផងដែរ បានស្វែងយល់ពីក្បាច់គុនរបស់ខ្មែរ។
ឯកឧត្តុម ហ៊ុន ម៉ានី ជាគណអធិបតី ចាត់ទុកថា ការប្រកួតដែលបានរៀបចំឡើងនៅខេត្តកំពង់ស្ពឺនេះ កំពុងជួយបំផុសយ៉ាងខ្លាំង អោយកូនខ្មែរ ជាពិសេសគឺយុវវ័យ កាន់តែយកចិត្តទុកដាក់ ក្នុងការអភិរក្ស និងថែរក្សាក្បាច់គុនមួយនេះ អោយកាន់តែប្រសើរ។ ឯកឧត្តមក៏សរសើរពីឆន្ទៈលោក ស៊ុបភើឆៃ អគ្គនាយកប៉ុស្តិ៍លេខ៥ ថ្នាក់ដឹកនាំប៉ុស្តិ៍លេខ5 និង អ្នកចូលរួមរៀបចំកម្មវិធីមួយនេះ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមលើកស្ទួយវិស័យប្រដាល់នេះ ពោលក៏ដើម្បីអោយបងប្អូននៅខេត្តកំពង់ស្ពឺ បានទស្សនាសប្បាយភ្នែក មុនឆ្លងឆ្នាំខាងមុខ។ ឯកឧត្តមក៏នឹងលើកទឹកចិត្តអោយមានការប្រកួតបែបនេះ នៅលើទឹកដីកំពង់ស្ពឺ ក៏ដូចជានៅបណ្ដាខេត្តផ្សេងទៀតផងដែរ ដើម្បីលើកស្ទួយវិស័យប្រដាល់គុនខ្មែរ។