ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ប្រដាល់អន្តរជាតិនៅប៉ុស្តិ៍លេខ៥ ដែលបានធ្វើឡើងនៅសង្វៀនព្រែកកំពិស កាន់តែផ្ទុះការគាំទ្រខ្លាំងឡើងៗ។ គូអន្តរជាតិចុងក្រោយរវាងបង្គោលក្រហម ប៊ុន សុធា ដែលជាកីឡាករកំពុងឡើងកូដនៅកម្ពុជា និង កីឡាករថៃ កាលពីថ្ងៃអាទិត្យ ទី២៩ តុលា ឆ្នាំ២០២៣ គឺជាភស្តុតាងស្រាប់ ដោយអ្នកគាំទ្រច្រើនណាស់ នៅនិយាយពីគូប្រកួតមួយគូនេះ។ ប៊ុន សុធា ដែលបិះនឹងត្រូវសន្លប់ក្រោមដៃបង្គោលខៀវថៃ មិនបានបោះបង់ការប្រកួត ក្នុងពេលរងការវាយប្រហារទេ គឺពោលកាន់តែសម្រុក និង តស៊ូយ៉ាងស្វិតស្វាញ ហើយដោយសារតែកីឡាករកម្ពុជារូបនេះ អាចស៊ូលើរេញ ហើយវាយអោយបង្គោលខៀវថៃបោះបង់ការប្រកួតក្នុងទឹកទី៥នាពេលនោះហើយ ដែលរូបភាពនៅតែទទួលបានការចាប់អារម្មណ៍ និង សរសើរ ពីអ្នកតាមដាន។ ក្នុងនោះសូម្បីតែអ្នកលេងបណ្ដាញសង្គម ក៏លាន់មាត់ថា ប៉ុស្តិ៍លេខ៥ខ្លាំងមែន ដែលអាចដាក់គូកម្ពុជាថៃមួយគូរនេះ អោយអ្នកតាមដានជក់ចិត្ត ហើយលូយត្រង់ថាកីឡាករកម្ពុជា គឺជាអ្នកដណ្ដើមបានមុខមាត់ទៅទៀត ដោយអាចផ្ដួលអោយថៃបោះបង់ការប្រកួត មុនចប់ទឹកទី៥។ មួយគូនេះ មានសំណូមពរច្រើនណាស់ អោយដាក់ប៉ះគ្នាជាថ្មី ខណៈដែលអ្នករៀបចំកម្មវិធី ថានឹងរៀបចំអោយប្រកួតគ្នាសងសឹក តែរង់ចាំមើលពេលវេលាល្អទាំងសងខាងសិន។
អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។ សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្ដូរយុទ្ធសាស្ត្រមិនយកអ្នកល្បី តែប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។ ពិធីករ ដែលជាអ្នកអត្ថាធិប្បាយ ថែមទាំងប្រកាសថា មិនយូរនោះទេ គឺអ្នកគ្រប់គ្រងស្ថាប័ននេះ នឹងរៀបចំអោយមានការប្រកួតដណ្ដើមខ្សែក្រវាត់ រវាងកីឡាករបរទេសដែលល្បីឈ្មោះ និង កីឡាករកម្ពុជាអោយកក្រើកដូចមុនកូវីតនោះផង ដើម្បីឆ្លើយតបនឹងការគាំទ្រ ដែលស្ថាប័ននេះ បានទទួលក្រោយពេលដំណើរការសង្វៀនឡើងវិញ។ ការប្រកាសនេះ បានធ្វើអោយគេប៉ាន់ស្មានភ្លាមៗថា មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្ដើមខ្សែក្រវាត់បែបនេះកក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្ដល់អោយកីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបានតម្លៃខ្លួនខ្ពស់ពីការប្រកួត។








