មកទល់ម៉ោងនេះ គូអន្តរជាតិចុងក្រោយ រវាង វ៉ាន់ វឿន កីឡាកម្ពុជា និង Ram Bo បង្គោលខៀវមកពីប្រទេសថៃ នៅតែត្រូវអ្នកតាមដានទស្សនា កាលពីថ្ងៃទីអាទិត្យទី១២ វិច្ឆិកា កន្លងទៅ ចាត់ទុកថាគឺជាគូអន្តរជាតិដែលល្អមើល និង វាយគ្នាទៅវិញទៅមក ដែលធ្វើអោយអ្នកទស្សនាជក់ចិត្តតាំងពីដើមទឹក ដល់រកឃើញលទ្ធផល។ ជាមួយនឹងលទ្ធផលកម្ពុជាឈ្នះថៃ ដោយពិន្ទុ រឹតតែធ្វើអោយអ្នកណាៗ ក៏សរសើរថាប៉ុស្តិ៍លេខ៥ ពូកែជ្រើសរើសកីឡាករ ស្របពេលអ្នកគាំទ្រ ក៏ចង់ឃើញគណកម្មការប្រដាល់ ប៉ុស្តិ៍លេខ៥ អោយពួកគេជួបគ្នាជាថ្មីឆាប់ៗ ដើម្បីចង់ដឹងថាបើជួបគ្នាលើកក្រោយ ល្អមើលបែបនឹងទៀតឬទេ? យ៉ាងណាមិញមិនទាន់ច្បាស់ថា ជួបគ្នាពេលណានោះទេ ដោយគណកម្មការ បានត្រឹមតែបង្ហើបថា បើត្រូវជួបគ្នា ក៏ត្រូវរង់ចាំដំណឹងពីកីឡាករថៃ ថាអាចជួបបានពេលណាជាមុនសិន ទើបអាចកំណត់បាន។ 


អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។ សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្ដូរយុទ្ធសាស្ត្រមិនយកអ្នកល្បី តែប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។  ពិធីករ ដែលជាអ្នកអត្ថាធិប្បាយ ថែមទាំងប្រកាសថា មិនយូរនោះទេ គឺអ្នកគ្រប់គ្រងស្ថាប័ននេះ នឹងរៀបចំអោយមានការប្រកួតដណ្ដើមខ្សែក្រវាត់ រវាងកីឡាករបរទេសដែលល្បីឈ្មោះណាមួយ និង កីឡាករកម្ពុជាអោយកក្រើកដូចមុនកូវីតនោះផង ដើម្បីឆ្លើយតបនឹងការគាំទ្រ ដែលស្ថាប័ននេះ បានទទួលក្រោយពេលដំណើរការសង្វៀនឡើងវិញ។ ការប្រកាសនេះ បានធ្វើអោយគេប៉ាន់ស្មានភ្លាមៗថា មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្ដើមខ្សែក្រវាត់បែបនេះកក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្ដល់អោយកីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបានតម្លៃខ្លួនខ្ពស់ពីការប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here