មកទល់ម៉ោងនេះ ការប្រដាល់ប្រចាំសប្ដាហ៍នៅប៉ុស្តិ៍លេខ៥ នៅតែមានការគាំទ្រខ្ពស់ ពីអ្នកស្នេហាវិស័យប្រដាល់។ ជាក់ស្ដែង ការប្រកួតកាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ សង្វៀនមួយនេះ ល្អមើលសូម្បីតែគូបើកឆាក ដែលមានន័យថា ស្ថាប័ននេះ ពូកែសម្រិតសម្រាំងគូប្រកួត។ ក្នុងនោះក៏ចាត់ទុកថាគឺជាការចូលរួមផ្ដល់ឱកាសអោយកីឡាល្អៗ ដែលមានសមត្ថភាព អោយអ្នកទស្សនាចងចាំផងដែរ។

អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។ សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្ដូរយុទ្ធសាស្ត្រមិនយកអ្នកល្បី តែប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។ 

ពិធីករ ដែលជាអ្នកអត្ថាធិប្បាយ ថែមទាំងប្រកាសថា មិនយូរនោះទេ គឺអ្នកគ្រប់គ្រងស្ថាប័ននេះ នឹងរៀបចំអោយមានការប្រកួតដណ្ដើមខ្សែក្រវាត់ រវាងកីឡាករបរទេសដែលល្បីឈ្មោះណាមួយ និង កីឡាករកម្ពុជាអោយកក្រើកដូចមុនកូវីតនោះផង ដើម្បីឆ្លើយតបនឹងការគាំទ្រ ដែលស្ថាប័ននេះ បានទទួលក្រោយពេលដំណើរការសង្វៀនឡើងវិញ។ ការប្រកាសនេះ បានធ្វើអោយគេប៉ាន់ស្មានភ្លាមៗថា មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្ដើមខ្សែក្រវាត់បែបនេះកក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្ដល់អោយកីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបានតម្លៃខ្លួនខ្ពស់ពីការប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here