មកទល់ពេលនេះស្រីស្អាតដែលជាបេក្ខភាពនៅក្នុងកម្មវិធី Miss Global ប្រមាណជាង82 រូបមកពីបណ្ដាប្រទេសទាំងអាស៊ី និង អឺរ៉ុប បានបំពាក់ឈៀងតំណាងប្រទេសជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី 02 មករា ឆ្នាំ2023ថ្មីនេះ នៅឯស្ថានីយ៍ទូរទស្សន៍ បាយ័ន ស្ទឹងមានជ័យ។ នៅក្នុងថ្ងៃដ៏ពិសេសនេះដែរក៏មានការចូលរួមបំពាក់ឈៀងផ្ទាល់ដោយម្ចាស់មកុដ Miss Global 2022 កញ្ញា Shane Tormes រួមទាំង កញ្ញា ចន សុទីម៉ា Miss Universe Cambodia ចូលរួមជាគណកម្មការ និង វត្តមានបវរកញ្ញាមកពីប្រទេសផ្សេងៗជាច្រើនរូបទៀត។
អ្វីដែលកាន់តែពិសេស និង ប្លែកនៅក្នុងឆ្នាំនេះគឺ វគ្គសំខាន់ៗនៃកម្មវិធី Miss Global នឹងប្រារព្ធធ្វើឡើងរហូតដល់ទៅចំនួន2ប្រទេសជាម្ចាស់ផ្ទះរួមមាន កម្ពុជាដែលមានលោក អ៉ិន សុភិន ជាអ្នករៀបចំ និង នៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗនេះ។
លោក អ៉ិន សុភិន អ្នករៀបចំកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Global2023 តំណាងឱ្យកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឱកាសគម្រប់ខួប10ឆ្នាំនៃកម្មវិធី Miss Global នៅក្នុងឆ្នាំនេះ កម្ពុជាមានឱកាស និង មានលទ្ធភាពក្នុងការបានក្លាយជាម្ចាស់ផ្ទះ ហើយលោកក៏ជ្រើសបានបេក្ខនារីឆ្នើមតំណាងឱ្យកម្ពុជា គឺកញ្ញា លក្ខណ៍ មុនីអានីតា ដែលលោកមើលឃើញពីសម្រស់ និង សមត្ថភាពរបស់នាងថាពិតជាសាកសមតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិមួយនេះ។
យោងតាមបទពិសោធន៍ និង តិចនិកក្នុងការបញ្ជូនបវរកញ្ញាឱ្យតំណាងប្រទេសប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាលោក អ៉ិន សុភិន ជាប់ឈ្មោះជាអ្នករៀបចំកម្មវិធីដែលមានភ្នែកមុត និង យល់ច្បាស់ក្នុងការជ្រើសរើសបេក្ខភាពតំណាងប្រទេសពិតជាសាកសមនៅក្នុងកម្មវីធីដែលគេតម្រូវ ហើយបេក្ខភាពខ្លះដែលលោកបញ្ជូនទៅក៏មានប្រវត្តិធ្លាប់ចូលដល់ Top កំពូលជាក់ស្ដែងបេក្ខភាព Missgrand ឆ្នាំ 2020,2021 និង 2022 ហើយបើទោះជាមិនទទួលបានលទ្ធផលល្អ ប៉ុន្តែបេក្ខនារីដែលលោកបញ្ជូនទៅ ក៏បានសាងភាពលេចធ្លោនៅលើឆាកអន្តរជាតិជូនប្រទេសមិនតិចនោះដែរ។
សម្រាប់ព័ត៌មានលម្អិតនៃការប្រកួតកម្មវិធីសម្រស់អន្តរជាតិមួយនេះ កុំភ្លេចតាមដាននៅលើ FB Page: Miss Global Organization និង FB Page: Miss Global Cambodia official។













