គូឯកនៅក្នុងសប្ដាហ៍ទី3ប្រចាំថ្ងៃទី17 នៃ ខែកុម្ភះ របស់ កម្មវិធីប្រកួត កីឡាប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ5 ដែលជាគូមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ ដោយកីឡាករ ជាងកាត់សក់កន្ត្រៃមាសប្រចាំប្រទេសកម្ពុជា ព្រំ សំណាង ប៉ះគ្នាជាមួយនឹង កីឡាករ MOEURN A.KHOM អធិរាជសាក់ពេញខ្លួនមកពីប្រទេសថៃ។

ត្បិតខកខានឡើងសង្វៀនប៉ុស្តិ៍លេខ5 ដែលជាផ្ទះចាស់របស់ខ្លួនអស់រយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការវិលត្រឡប់មកលើកនេះ ព្រំ សំណាង មិនបានធ្វើឱ្យអ្នកទស្សនាវិស័យគុនខ្មែរខកចិត្តនោះទេ ដោយបានផ្ដួលគូប្រកួតមកពីប្រទេសថៃត្រឹមតែនាទីទី 2:08វិនាទីតែប៉ុណ្ណោះ ដោយមិនទុកឱកាសឱ្យគូប្រកួតបន្តទៅទឹកទី2បាននោះឡើយ។

យ៉ាងណាក៏ សូមអបអរសាទរដល់កីឡាករ ព្រំ សំណាង ដែលបានយកឈ្នះលើកីឡាករថៃ មឿន អាឃុម បានយ៉ាងអស្ចារ្យ ដាច់ស្រឡះ មិនសរសើរមិនបាន ហើយជ័យជម្នះនេះ ក៏សូមផ្ញើជូនដល់អ្នកគាំទ្រប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥ ទាំងអស់គ្នាដែលតែងតែជួយគាំទ្ររហូតមក។

នៅក្នុងកម្មវិធីប្រកួតនាសប្ដាហ៍នេះ ក៏មានការចូលរួមទស្សនាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីទោ ខូវ ឆាយ អនុប្រធានទី1 សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ថ្នាក់ដឹកនាំកីឡាគុនខ្មែររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5ជាច្រើនរូបអញ្ជើញចូលរួម ញ៉ំាងឱ្យកម្មវិធីកាន់តែពិសេស អមដោយសម្រែកហ៊ោរកញ្ជ្រៀវកុះករពីអ្នកទស្សនាពេញសង្វៀនព្រែកកំពឹស។

ដូច្នេះកុំឱ្យខកខានក្នុងការតាមដានគូប្រកួតពិសេសៗ និង ការប្រកួតមិត្តភាពអន្តរជាតិនាពេលបន្តបន្ទាប់ទៀត សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរទាំងអស់ក៏អាចតាមដានបានតាម កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់សប្ដាហ៍បានតាមរយៈការ​ ផ្សាយផ្ទាល់នៅនៅលើផេកផ្លូវការ TV5 Cambodia រៀងរាល់ថ្ងៃ សៅរិ៏ វេលាម៉ោង ៦ល្ងាចតទៅ ហើយបងប្អូនក៏អាចមកទស្សនាផ្ទាល់បាន នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here