ប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ5 ប្រចាំសប្ដាហ៍នេះ គូមិត្តភាពអន្តរជាតិ ខ្មែរ-ថៃ ទី1 បានធ្វើឱ្យរង្គើរសង្វៀនជាមួយនឹងវត្តមាន កីឡាករប្រចាំព្រះរាជាណាចក្រកម្ពុជា នួន រ៉ាថេន រហ័ស នាម អ្នកតាក្បាលដែក មកពីក្លឹប តាឯកដំបងឯកមានរិទ្ធ របស់សមាគមកីឡាខេត្តព្រៃវែង ប្រកួតជាមួយនឹង អ្នកលេងជង្គង់ហនុមានទំលុះភ្នំ Pich Nakhon ឆ្លងដែនមកពីព្រះរាជាណាចក្រថៃ មួយដៃទៅមួយដៃមកដោយ ប្រើក្បាច់ពិសេសៗប្រយុទ្ធគ្នាយ៉ាងជក់ចិត្តរហូតដល់ទឹកទី5 ដែលជាទឹកផ្ដាច់ព្រ័ត្ត។

ជំនួបរង្គើរសង្វៀនមួយនេះ ថ្វីបើកីឡាកររបស់កម្ពុជាមិនអាចយកជ័យជម្នះទៅលើកីឡាករមកពីប្រទេសថៃបាន ប៉ុន្តែអ្នកទស្សនានៅតែមានការជក់ចិត្តជាមួយនឹងគូអន្តរជាតិបើកឆាកមួយគូនេះផងដែរ អមដោយសម្រែកហ៊ោរកញ្ជ្រៀវពេញ Studio ព្រែកកំពឹស ខណៈមួយគូប្រកួតនេះបានបញ្ចេញស្នៀតខ្លាំងៗរៀងខ្លួន ដែលជាលទ្ធផលកីឡាករ Pich Nakhon បានយកឈ្នះកីឡាករ នួន រ៉ាថេន ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រដាល់គុនខ្មែរ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការណ៍ជាមួយនឹង ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ5 តែងតែនាំមកនូវផ្ទាំងទស្សនីយភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរជារៀងរាល់សប្ដាហ៍ ពិសេសកីឡាករដែលជាគូប្រកួតពិសេសៗជាច្រើនរូបមកបង្ហាញនៅលើសង្វៀន ដើម្បីលើកស្ទួយនៅវិស័យគុនខ្មែរ ឱ្យកាន់តែល្បី និង នៅតែមានកេរ្តិ៍ឈ្មោះពីមួយជំនាន់ទៅមួយជំនាន់។

សម្រាប់ព័ត៌មានលម្អិត ប្រិយមិត្តអ្នកសេ្នហាវិស័យកីឡាប្រដាល់គុនខ្មែរ កុំភ្លេចរង់ចាំតាមដានទស្សនាពីការប្រកាសគូពិសេសៗ និង គូអន្តរជាតិល្បីៗជាច្រើនទៀតនៅសប្ដាហ៍ក្រោយ នៅលើផេកផ្លូវការរបស់ TV5 Cambodia ឬ TV5 Sport News រៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរិ៍ ចាប់ពីម៉ោង 6ល្ងាចតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here