បន្ទាប់ពីខកខានការប្រកួតពេញរយៈពេល 6សប្ដាហ៍កន្លងមកនេះកម្មវិធីប្រកួតប្រភេទកីឡាប្រដាល់សេរី គុនខ្មែរប៉ុស្តិ៍លេខ5 បានត្រឡប់មកវិញហើយ ជាមួយនឹងសង្វៀនថ្មី បរិយាកាសនៅក្នុងស្ទូឌីយូថ្មីប្លែកភ្នែក រួមទាំងគូប្រកួតមិត្តភាពអន្តរជាតិល្បីៗជើងខ្លាំងចម្រុះជាតិសាសន៍ ទាំងកីឡាករ និង កីឡាការិនី លើសង្វៀនតែមួយ កាលពីល្ងាចថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2024 នេះ។

នៅក្នុងថ្ងៃប្រកាសបើកនូវការប្រកួតប្រដាល់គុនខ្មែរជាថ្មីម្ដងទៀតនេះផងដែរ ក៏មានការអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ TV5ជាច្រើនរូប រួមទាំង វត្តមានប្រធានកិត្តិយសមកពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អមជាមួយនឹងបងប្អូនប្រជាពលរដ្ឋរាប់រយនាក់ចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកស្នេហាវិស័យគុនខ្មែរពេញស្ទូឌីយោជាមួយនឹងសម្លេងហ៊ោកញ្ច្រៀវទ្រហឹងអឺងកងតាមសង្វាក់នៃក្បាច់ប្រកួតរបស់កីឡាករនៅលើសង្វៀន។

ការទន្ទឹងរង់ចាំរបស់បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរលើកនេះពិតជាមិនខកបំណងនោះឡើង ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ5 និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននាំមកជូននូវមហាព្រឹត្តិការណ៍បើកសករាជថ្មីនៃសង្វៀន គុនខ្មែរប៉ុស្តិលេខ5 ដោយត្រឡប់មកវិញសារជាថ្មីជាមួយនឹងផ្ទាំងទស្សនីយភាពឈុតឆាកនៃការប្រកួតនៅលើសង្វៀនថ្មី ច្រើនរសជាតិនៃការប្រកួតទម្រង់ផ្សេងៗគ្នា ទាំងគុនខ្មែរ Kick Boxing និង ការប្រកួតបែបអំបោះឆៅ យ៉ាងក្ដៅគគុកពីសំណាក់គូប្រកួតឆ្លងទ្វីបមកពីបណ្ដាប្រទេសល្បីៗរួមមានកីឡាករមកពីប្រទេស ក្រិច អ៉ីរ៉ង់ និង ប្រទេសថៃ។

ក្នុងនោះផងដែរបើកទំព័រសប្ដាហ៍ថ្មីនេះការប្រកួតមានរហូតដល់ទៅ7គូ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសង្កេតឃើញថាកីឡាករ កីឡាការិនីរបស់ប្រទេសកម្ពុជាយើងស្ទើរតែផ្ដួលគូប្រកួតដែលជាជនបរទេសបានគ្រប់គូក្នុងនោះរួមមាន៖

គូពិសេសទី១ ខាំ ចយ បានចាញ់ក្រោមដៃកីឡាករ រឿង សារ័ត្ន ដោយពិន្ទុ។ រីឯគូអន្តរជាតិបើកឆាកដែលជាគូទី2 កីឡាករ សំណាង ចុងក្រោយ ប៉ះគ្នាកក្រើកសង្វៀនជាមួយនឹងកីឡាករ ម៉ាស្រេវី បាសៀរ មកពី អ៊ីរ៉ង់ ហើយគូនេះផងដែរកីឡាករកម្ពុជាយើងមិនអាចយកឈ្នះគូប្រកួតបានឡើយដោយ ម៉ាស្រេវី បានផ្ដួល សំណាង ឱ្យសន្លប់ត្រឹមទឹកទី1។

អ្វីដែលពិសេសនៅក្នុងសប្ដាហ៍នេះក៏មានការចូលរួមប្រកួតពីកីឡាការិនីដែលជា គូអន្តរជាតិទី៣ ដោយកីឡាការិនី មឿយ សឹង របស់កម្ពុជាយើងជាលទ្ធផលគឺបានយកឈ្នះ កីឡាការិនី សាហ៊ែល នៃប្រទេសអ៊ីរ៉ង់ដោយពិន្ទុ។

ចំពោះគូអន្តរជាតិទី៤ ដែលជាការប្រកួតបែបអំបោះឆៅ និង ជាគូដែលកីឡាករនៅមិនអស់ចិត្តនៅចំពោះការប្រកួត ដោយកីឡាករ ណង សាវ កម្ពុជា យើងទទួលបានជ័យជម្នះដោយសារតែ អ្នកឱ្យទឹករបស់កីឡាករ អារ៉ាស់ សាហ្វាអ៊ី មកពីក្រិច បានបោះកន្សែងចូលក្នុងសង្វៀនកំឡុងពេលដែលកីឡាករទាំងពីរកំពុងប្រកួតដែលជាសញ្ញាសុំចុះចាញ់ និង សុំបញ្ឈប់ការប្រកួត បើយោងតាមច្បាប់នៃកីឡាប្រដាល់ ខណៈមើលឃើញពីសន្ទុះកម្លាំងរបស់កីឡាករខ្លួនចុះខ្សោយមិនអាចបន្តបាន។ ប៉ុន្តែយ៉ាងណាកីឡាករ មកពីប្រទេស ក្រិច ហាក់នៅមិនទាន់អស់ចិត្តចំពោះការសុំផ្អាកកណ្ដាលទីខណៈខ្លួនកំពុងប្រកួត ដោយមើលឃើញពីភាពនៅចង់ចាញ់ឈ្នះថ្វីបើមិនអាចបន្តឱ្យប្រកួតបាន តែគណកម្មការប្រកាសថា នឹងត្រៀមឱ្យអ្នកទាំងពីរជួបគ្នាសងសឹកជាថ្មីនៅ2សប្ដាហ៍ក្រោយនេះម្ដងទៀត។

ចំណែកឯ គូអន្តរជាតិទី៥ វង្ស វិឆ័យ មកពីក្លឹប បញ្ជាការដ្ឋានទ័ពពិសេស នៃសមាគមកីឡាករកងយោធពលខេមរភូមិន្ទ ក៏បានយកឈ្នះកីឡាករ កង ប៉ៈធុម មកពីប្រទេសថៃដោយពិន្ទុផងដែរជាមួយនឹងក្បាច់ពិសេសៗអស្ចារ្យ។

គូអន្តរជាតិទី៦កីឡាករកម្ពុជារហ័សនាម តោកំណាចគុនខ្មែរ ម៉ានូ សិល្បៈ ត្រូវបានដៃគូមកពីប្រទេស អ៊ីរ៉ង់ ម៉តេហ្សា ប្រើក្បាច់ពិសេសវាយចំកញ្ចឹងកររហូតសឹងតែបាត់បង់ស្មារតីមួយរំពេចកីសុំចុះចាញ់ និង បោះបង់ការប្រកួតក្នុងទឹកទី1។

ងាកមកមើលគូឯកចុងក្រោយដែលជាគូអន្តរជាតិទី៧ កីឡាករកម្ពុជា ព្រុំ សំណាង រហ័សនាមជាងកាត់សក់កន្ត្រៃមាសនៅតែអាចរក្សាកេរ្តិ៍ឈ្មោះ និង យកជយជម្នះបានជាថ្មីម្ដងទៀតដោយបានវាយផ្ដាច់ និង ផ្ដួលគូប្រកួតកីឡាករ ម៉េតឌី កាលីលី (អ៊ីរ៉ង់) ឱ្យសន្លប់ក្នុងទឹកទី2 ហើយក៏ជាលទ្ធផលដ៏គួរឱ្យមានមោទនភាពចំពោះប្រជាជនខ្មែរ។

កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីប្រដាល់គុនខ្មែរនៅសប្ដាហ៍ក្រោយៗទៀតរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 6:00 នាទីល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ហើយក៏មានផ្សាយផ្ទាល់លើផេកផ្លូវការ TV5 Cambodia ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here