ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 សហការណ៍ជាមួយនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែងតែនាំយកនូវគូប្រកួតលំដាប់ទាំងជាតិ និង អន្តរជាតិមកបង្ហាញលើសង្វៀន TV5 គុនខ្មែរ មានគ្រប់រសជាតិនៃការប្រកួតទាំង គុនខ្មែរប្រភេទ ហ្គង់ធម្មតា ហ្គង់ចេញម្រាម ពិសេសគឺមិនដែលរំលងការប្រកួតបែបអំបោះឆៅនោះឡើយមួយរយៈចុងក្រោយនេះ។

ចាត់ទុកថាជាគូដ៏កម្រនៅលើសង្វៀន TV5 គុនខ្មែរ ខណៈឆ្លងកាត់គូប្រកួតបែបអំបោះឆៅជាច្រើនគូមកហើយកាលពីសប្ដាហ៍មុនៗ ប៉ុន្តែគ្មានមួយគូណាដែលអាចឈានដល់ទឹកទី3ពេញនោះឡើយដោយសារឧបករណ៍បំពាក់របស់ការប្រកួតក្នុងទម្រង់អំបោះឆៅ គឺឆាប់ទទួលរងនូវរបួស និង គ្រោះថ្នាក់ដែលទាមទាឱ្យកីឡាករនីមួយៗត្រូវតែប្រុងប្រយ័ត្ន ទាំងការគេច និង ជំហររបស់ខ្លួន ជាហេតុការប្រកួតបែអំបោះឆៅភាគច្រើនគឺមិនងាយនឹងចប់ទឹកនោះឡើយ។

ប៉ុន្តែគូពិសេសរវៀង កំពែង ខ្មៅ ប៉ះនឹង លីន ជី បានបំបែកកំណត់ត្រាថ្មីលើសង្វៀន TV5 ដោយប្រកួតស្ទើមិនដកដៃរហូតពិធីករអាត្ថាធិប្បាយសឹងមិនទាន់ ប៉ុន្តែគូនេះស៊ូរហូតបានចប់ទឹកស្រេចបាច់ស្ទើរមិនគួរឱ្យជឿ និង នៅតែរក្សាបាននូវជំហររឹងមាំរៀងៗខ្លួនហាក់មិនទាន់អស់ចិត្តចង់បន្តការប្រកួតបន្តទៀត។

ជាលទ្ធផលនៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះបង្គោលខៀវ លីន ជី បានយកឈ្នះ កំពែងខ្មៅដោយពិន្ទុនៅក្នុងការប្រកួតបែបអំបោះឆៅ ប្រកួតក្នុងប្រភេទទម្ងន់ 63.5Kg កាលពីថ្ងៃទី 29 ខែ មិថុនា ឆ្នាំ2024នេះ។ គួររំឮកឡើងវិញថា កីឡាករ លីន ជី មកពីក្លឹប បូរីរាជសីហ៍មានឬទ្ធ របស់សមាគមកីឡាកងយោធពលខេមរភូមិន្ទ។

សង្កេតឃើញថា សង្វៀន TV5 គុនខ្មែរ ក្រៅពីនាំយកនូវគូប្រកួតជើងខ្លាំងបែបមិត្តភាពពិសេសៗ មិនតែប៉ុណ្នោះ ក៏តែងតែផ្ដល់ឱកាសឱ្យថ្នាលកីឡាករគុនខ្មែរដែលជាយុវជនជំនាន់ក្រោយមកបញ្ចេញកម្លាំងនៅលើសង្វៀនជារៀងរាល់សប្ដាហ៍ដើម្បីបណ្ដុះ ពង្រឹង និង ដុះខាត់សមត្ថភាពព្រមទាំងបទពិសោធន៍ឱ្យកាន់តែខ្លាំង។ សម្រាប់ព័ត៌មានគូប្រកួតនៅសប្ដាហ៍ក្រោយៗនេះទស្សនិកជនអាចរង់ចាំតាមដាននៅលើ Facebook ផ្លូវការណ៍ ឬ តាមកញ្ចក់ទូរទស្សន៍ TV5 Cambodia បានដើម្បីទទួលបានដំណឹងកាន់តែច្បាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here