នៅក្នុងពិធីបើកការប្រកួតកីឡារាំកម្ពុជា កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធ បានថ្លែងប្រាប់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលទើបតែត្រូវបានតែងតាំងជា អនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាថា លោកជំទាវសូមអំពាវអោយ គ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសប្បុរសជន សូមអោយជួយជ្រោមជ្រែងដល់កីឡាករកីឡាការិនីរាំ ដើម្បីអោយមានលទ្ធភាពបានទិញសំលៀកបំពាក់សម្រាប់ចូលប្រកួត ដោយសារតែសំលៀកបំពាក់មួយឈុតៗ របស់កីឡាករកីឡាការិនីគឺថ្លៃៗ ដែលធ្វើអោយអ្នកចូលរួមប្រកួត ប្រឈមការខ្វះខាត។

លោកជំទាវប្រធានបញ្ជាក់ថា សំលៀកបំពាក់របស់កីឡាកររាំទាំងអស់ មិនអាចកាត់ ឬកែច្នៃដោយខ្លួនឯងទេ គឺលុះត្រាតែកុម្ម៉ង់ទិញពីអន្តរជាតិ ដែលភាគច្រើនគឺមានតម្លៃខ្ពស់។ លោកជំទាវអះអាងថា កីឡារាំ ត្បិតតែត្រូវបានរៀបចំដោយសហព័ន្ធកីឡារាំកម្ពុជា និង សុទ្ធតែជាកីឡាកររបស់កម្ពុជា តែគណកម្មការដាក់ពិន្ទុ គឺសុទ្ធតែមកពីអន្តរជាតិ ដោយមានគណកម្មមកពីវៀតណាម តៃវ៉ាន់ និង ជនជាតិផ្សេង។ សូម្បីតែគ្រូបង្វឹក ក៏ជាជនជាតិរុស្ស៊ី និង ជាអ្នកជំនាញមកពីបរទេស។ ជាមួយគ្នានោះ លោកជំទាវ ក៏បង្ហាញពីកង្វះខាតកីឡាករចូលរួមហ្វឹកហាត់ផងដែរ ដោយស្នើអោយជួយផ្សព្វផ្សាយ អោយយុវវ័យចុះឈ្មោះចូលហាត់អោយបានច្រើន ដើម្បីបណ្ថុះធនធានកីឡាករអោយមានចំនួនច្រើន ស្មើនឹងចំនួនកីឡាការិនី ដែលមានកំណើន។

លោកជំទាវថា កង្វល់របស់សហព័ន្ធសព្វថ្ងៃ គឺខ្វះអ្នកហាត់ជាបុរស ខ្វះលទ្ធភាពជួយកីឡាករកីឡាការិនីអោយមានសមត្ថភាពទិញឈុតដែលកំណត់ដោយគណកម្មការអន្តរជាតិ និង មួយទៀតគឺខ្វះថវិកាស្ពុនស័រកីឡាករកីឡាការិនី ពេលត្រូវចេញប្រកួតក្រៅប្រទេស។ យ៉ាងណាមិញ មកទល់ពេលនេះ កីឡារាំកម្ពុជាមានការរីកចំរើនខ្លាំងជាងមុន ដោយក្នុងអណ្ណត្តិដែលលោកជំទាវដឹកនាំ កីឡាករកីឡាការិនីច្រើនណាស់ បានចេញប្រកួតអន្តរជាតិ ហើយបានឈ្នះមេដាយកម្រិតពិភពលោក ដែលធ្វើអោយកីឡារាំកម្ពុជា មានការទទួលស្គាល់។

លោកជំទាវ ញ៉ែម មរកត បន្តថា រយៈពេលចុងក្រោយនេះ សហព័ន្ធបានសម្រេចតែងតាំងបុគ្គលដែលមានសក្កានុពលកាន់តែច្រើន អោយក្លាយជាប្រធានកិត្តិយស និងជាអនុប្រធានកិត្តិយស ដើម្បីអោយជួយទ្រទ្រង់សហព័ន្ធ ក៏ដូចជាផ្សព្វផ្សាយពីសកម្មភាពសហព័ន្ធ ដោយលោកជំទាវរំពឹងថា កីឡារាំកម្ពុជា នឹងផ្ទុះការចាប់អារម្មណ៍ ហើយទទួលបានការជ្រោមជ្រែងកាន់តែខ្លាំង។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានដឹកនាំសិល្បករចូលរួម ក៏បានសន្យាផងដែរថា នឹងជួយបំផុស ផ្សព្វផ្សាយ និង ពាំនាំការអំពាវនាវរបស់លោកជំទាវ នៅលើបណ្ដាញសង្គម តាមតែអាចធ្វើទៅបាន ដើម្បីជួយពង្រីកសកម្មភាពរបស់សហព័ន្ធ ក្នុងនាមជាអ្នកជួយផ្សព្វផ្សាយមួយរូប។

LEAVE A REPLY

Please enter your comment!
Please enter your name here