កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សឆ្នើម ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី នៅសាលាអនុវិទ្យាល័យ កោះច្រែង។
នៅក្នុងពិធីនេះដែរ សិស្សានុសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ មានចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ និងដែកខួង។
ក្នុងឱកាសនេះ លោកបានលើកឡើងផងដែរថា វិស័យអប់រំគឺជាកត្តាសំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយយុវជនគ្រប់រូប ក៏មានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា។
លោកក៏បានលើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដើម្បីជាសរសរទ្រូងនៃប្រទេសជាតិ។