ធ្លាប់តែឃើញលេចធ្លោក្នុងឃ្លីបញាំអាហារ នៅលើបណ្ដាញសង្គម ដល់ពេល ចែ Meat Eat ឬ លោកស្រី ស្រ៊ូ សុភា ម្ចាស់ប្រេន ទឹកប្រហុក Esan Phasuab តែងឈុតប្រពៃណី ក្នុងឱកាសបុណ្យភ្ជុំ គឺថាសម្រស់តារាសុំខ្មាស់តែម្ដង ជាពិសេសនៅពេលថតជាមួយស្វាមី ជាលក្ខណៈគូស្នេហ៍។
ប៉ុន្មានឈុតនេះ ក៏ជាការពញាក់អារម្មណ៍អោយយុវវ័យ មើលឃើញតម្លៃសំលៀកបំពាក់ប្រពៃណីខ្មែរ និង ជាការលើកស្ទួយបុណ្យប្រពៃណីខ្មែរ ក្នុងរដួវបុណ្យភ្ជុំផងដែរ ខណៈដែលពិធីបុណ្យនេះ គឺជាទំនៀមទំលាប់មួយដ៏សំខាន់របស់ខ្មែរ។ អ្នកលេងបណ្ដាញសង្គមច្រើនណាស់ សរសើរថា លោកស្រីស្រស់ស្អាត ហើយសមសួន ពេលគ្រងឈុតបែបនេះ។
ការសរសើរនេះ ក៏ស្របពេលដែលលោកស្រី និង ស្វាមី កាន់តែទទួលការគាំទ្រ នៅលើបណ្ដាញសង្គម ក្នុងនាមជាអ្នកផលិតវីដេអូម្ហូបអាហារ ដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ ជាពិសេសចាប់តាំងពីផលិតផលទឹកប្រហុក និង ជ្រលក់ទាំង៤មុខរបស់លោកស្រី ដែលបានសិទ្ធិផ្ដាច់មុខពីថៃ ត្រូវបានទទួលស្គាល់ស្ថាប័នស្ដង់ដារម្ហូបអាហារ អោយចរាចរលក់ជាផ្លូវការ។ លោកស្រីក៏ទើបតែត្រូវគេដឹងថា បានរំលេចជាមួយនឹងឈុតក្នុងសម័យបុរាណមួយផងដែរ ដោយគ្រាន់តែលោកស្រីមិនទាន់បង្ហោះរូបសន្លឹកជាផ្លូវការនៅឡើយ ដែលបង្ហាញថាលោកស្រី ក៏ជាអ្នកជំនួញខ្មែរមួយរូប ដែលលើកស្ទួយទម្រង់សំលៀកបំពាក់ប្រពៃណី និង បុរាណរបស់ខ្មែរ។