រយៈពេល៣,៤ថ្ងៃមកហើយ ដែលលោកស្រី វិន ច័ន្ទបូភ័ក្ត្រ អគ្គនាយិកាក្រុមហ៊ុនពៅបូភ័ក្ត្រគូលែនហូម ដែលជាក្រុមហ៊ុនលក់ដីលម្ហែកាយដ៏ល្បីនៅខេត្តសៀមរាប បានបញ្ចប់គម្រោងវិប្បស្សនាលើកទី៤ បន្ទាប់ពីផ្ដាច់ខ្លួនអស់រយៈពេល១០ថ្ងៃ នៅទីតាំងវិប្បស្សនា នៅក្បែរគម្រោងពៅបូភ័ក្ត្រ។
ក្នុងជំនួបជាមួយលោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មានផ្ទះតារា លោកស្រី បានចែករំលែកបទពិសោធន៍ថា ការទៅធ្វើវិប្បស្សនា គឺមិនមែនដើម្បីទៅតាំងធម៌តាំងអារ្យ ហើយក្លាយជាបុគ្គលបោះបង់មហិច្ឆតា ឬ បោះបង់គ្រួសារ និង អាជីវកម្មនោះទេ ផ្ទុយទៅវិញ នេះគ្រាន់តែជាពិធីពង្រឹងផ្លូវចិត្ត និង ដើម្បីជួយអោយផ្លូវចិត្តកាន់តែប្រសើរឡើង រួចផុតពីការគិតច្រើនតែប៉ុណ្ណោះ។
លោកស្រីថា ក្រោយឆ្លងផុតវិប្បស្សនា៤លើក លោកស្រីកាន់តែយល់ដឹងពីដំណោះស្រាយបញ្ហា សម្រាន្តលក់ស្រួលជាងមុន ចេះបែងចែកត្រូវខុសជាងមុន ខួរក្បាលកាន់តែឆ្លាតជាងមុន ហើយអ្វីដែលសំខាន់គឺលោកស្រី ចាប់ផ្ដើមយល់ពីតម្លៃនៃការធ្វើសម្មាធិផ្លូវចិត្ត ដែលលោកស្រីចាត់ទុកថា គឺមិនខុសពីទៅសម្ងំហាត់យកវិជ្ជាគុនដើម្បីកាន់តែងាយស្រួលប្រឈមនឹងជីវិត និង ពង្រឹងអាជីវកម្មនោះទេ។ លោកស្រីលើកទឹកចិត្តអោយមួយឆ្នាំទៅធ្វើវិប្បស្សនា២លើក ព្រោះកាន់តែធ្វើកាន់តែធ្វើអោយផ្លូវចិត្តរឹងមាំ ហើយដរាបណាផ្លូវចិត្តរឹងមាំ សុខភាពក៏មិនងាយឈឺ ខួរក្បាលក្នុងការសប្បាយចិត្តនឹងរកលុយក៏ប្រសើរឡើង។